បើយោងតាមការចុះផ្សាយសារព័ត៌មាន South China Morning Post បាតុកម្មដ៏កម្រដែលដឹកនាំដោយសកម្មជននយោបាយជើងចាស់លោក សុនធិ លីមថងគុល (Sondhi Limthongkul) បានកើតចេញពីការខឹងសម្បារជនជាតិអ៊ីស្រាអែល ដែលបានកប់ទុកក្នុងចិត្តអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ ពលរដ្ឋថៃបានសម្តែងការឈឺចាប់ និងខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពលួចទិញ-លក់ដីធ្លីមាសប្រាក់ដោយខុសច្បាប់ ការមិនគោរពទំនៀមទម្លាប់ក្នុងស្រុក និងការរីកដុះដាលយ៉ាងគំហុកនៃមជ្ឈមណ្ឌលសាសនារបស់អ៊ីស្រាអែល ដែលសកម្មភាពទាំងអស់នេះត្រូវបានគេមើលឃើញថា កំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ថៃ។
ភាពតានតឹងនេះបានស្ទុះឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីជនជាតិអ៊ីស្រាអែលជាច្រើន ក្នុងនោះរួមមានទាំងអតីតយោធិននៃកងកម្លាំង IDF ផងដែរ បានសម្រុកចាកចេញពីសង្គ្រាមនៅតំបន់ហ្គាហ្សា ហើយមកជ្រកកោននៅលើទឹកដីថៃ។ ករណីប៉ះទង្គិចពាក្យសម្តី និងការមើលងាយគ្នារវាងពលរដ្ឋម្ចាស់ស្រុក និងជនជាតិអ៊ីស្រាអែលបានផ្ទុះឡើងជាបន្តបន្ទាប់នៅតាមតំបន់ទេសចរណ៍ល្បីៗដូចជាកោះផាហ្គាន់ កោះសាមុយ និងក្រុងភ្នំផៃ។
អ្វីដែលធ្វើឱ្យប្រជាជនថៃក្តៅក្រហាយកាន់តែខ្លាំងនោះ គឺការបង្ហាញអាកប្បកិរិយាមើលងាយច្បាប់ ការមិនបង់ថ្លៃសេវា ការបញ្ចេញអាប្បកិរិយាមិនសមរម្យនៅទីសាធារណៈ និងការបង្កជម្លោះជុំវិញការបង្ហូតទង់ជាតិប៉ាឡេស្ទីននៅតាមហាងទំនិញក្នុងស្រុក។ រូបភាពទាំងនេះបានក្លាយជាប្រេងចាក់លើភ្លើងធ្វើឱ្យបណ្តាញសង្គមថៃពុះកញ្ជ្រោល និងឈានទៅដល់ការប្រមូលផ្តុំកម្លាំងតវ៉ាតែម្តង។
នៅក្នុងបាតុកម្មនោះ បាតុករថៃបានគ្រវីទង់ជាតិ និងលើកបដាដែលមានពាក្យស្លោកដ៏ចាក់ដោតថា «រួមគ្នាសង្គ្រោះប្រទេសថៃ និងដីថៃ ជាដីបុព្វបុរសមិនមែនសម្រាប់លក់ឱ្យជនបរទេសឡើយ»។ ការផ្ទុះឡើងនូវចលនាប្រឆាំងជនបរទេសជាសាធារណៈលើកនេះ គឺជាសារព្រមានដ៏ធ្ងន់មួយផ្ញើទៅកាន់រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល ឱ្យប្រញាប់ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះការកាន់កាប់អចលនទ្រព្យខុសច្បាប់ និងការការពារកិត្តិយសរបស់ប្រជាជាតិមុនពេលជម្លោះនេះរីករាលដាលកាន់តែជ្រៅរហូតហួសពីការគ្របគ្រង៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស