ប្រទេសម៉ាឡេស៊ី កំពុងក្លាយជាគោលដៅកាន់តែពេញនិយមសម្រាប់វិនិយោគិនអចលនទ្រព្យចិន និងហុងកុងដែលកំពុងស្វែងរកទីផ្សារដែលមានស្ថិរភាព ប៉ុន្តែមានតម្លៃសមរម្យជាង។ ទិន្នន័យពីវេទិកាអចលនទ្រព្យមួយបានបង្ហាញថា ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមគោលដៅពេញនិយមបំផុតសម្រាប់អ្នកទិញជាជនជាតិចិន នៅឆមាសទី១ ដើមឆ្នាំ២០២៦ ដោយកើនឡើងពីចំណាត់ថ្នាក់ទី៧ក្នុងឆ្នាំ២០២៤។
ក្រុមអ្នកវិភាគលើកឡើងថា ម៉ាឡេស៊ី មានអត្ថប្រយោជន៍ជាច្រើនដូចជា ការប្រើប្រាស់ភាសាចិន និងអង់គ្លេសយ៉ាងទូលំទូលាយ ប្រព័ន្ធច្បាប់ដែលមានការការពារខ្ពស់ ជម្រើសអចលនទ្រព្យដែលអាចកាន់កាប់កម្មសិទ្ធិបាន និងតម្លៃទាបជាងទីផ្សារធំៗមួយចំនួនក្នុងតំបន់។ ជាមួយគ្នានេះ តំបន់ Johor Bahru ដែលស្ថិតនៅជិតសិង្ហបុរី ក៏កំពុងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនយ៉ាងលឿននៃការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ ដែលជួយទាក់ទាញការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចថ្មីៗ។
កម្មវិធីស្នាក់នៅមានឈ្មោះថា “ម៉ាឡេស៊ីជាផ្ទះទី២របស់ខ្ញុំ ក៏ជាកត្តាទាក់ទាញមួយផងដែរ។ នៅឆ្នាំ២០២៥ កម្មវិធីនេះបានអនុម័តពាក្យសុំជាង៣,០០០ពាក្យ និងទាក់ទាញអ្នកចូលរួម និងអ្នកនៅក្នុងបន្ទុករាប់ពាន់នាក់។ អ្នកទិញជាជនជាតិចិន គឺជាក្រុមវិនិយោគិនបរទេសធំបំផុតរបស់ម៉ាឡេស៊ី ដោយមានកិច្ចព្រមព្រៀងចំនួន៣២៩ ដែលមានទំហំប្រហែល២០៤លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥។ ហើយតម្លៃអចលនទ្រព្យនៅម៉ាឡេស៊ី ជាទូទៅ ក៏ទាបជាងនៅបាងកក សិង្ហបុរី និងហុងកុង ផងដែរ។ ទោះជាយ៉ាងណា អ្នកវិភាគព្រមានថា អ្នកទិញគួរជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្ន ព្រោះខុនដូដែលមានការផ្គត់ផ្គង់លើសតម្រូវការ ឬ ស្ថិតនៅទីតាំងមិនសូវមានសក្តានុពល អាចក្លាយជាការវិនិយោគដែលពិបាករកចំណេញ៕
វិស័យអចលនទ្រព្យ