MOU 2001

តើថៃចង់លែងល្បែងទុច្ចរិតអ្វីបានជាប្រកាសលុប MOU 2001 ស្តីពីព្រំដែនសមុទ្រ មិនលុប MOU 2000 ស្តីពីព្រំដែនគោក?


ភាពតានតឹងរវាងកម្ពុជា និងថៃជុំវិញបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាបានផ្ទុះឡើងជាថ្មី បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិថៃបានសម្រេចអនុម័តផែនការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU 44 ជាឯកតោភាគី។ ទង្វើនេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងអាចជាសញ្ញាឈានទៅរកការប្រឈមមុខដាក់គ្នាជាថ្មី បន្ទាប់ពីវិវាទប្រាសាទព្រះវិហារ។ តើកម្ពុជាគួរត្រៀមលក្ខណៈបែបណា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រចិត្តសាស្ត្ររបស់ថៃនៅពេលនេះ?
MOU ឆ្នាំ២០០១
ដោយ
អំពី MOU 2001

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថៃនៅតែមានះលុបចោល MoU 2001 ពាក់ព័ន្ធតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាដោយឯកតោភាគី នោះប្រទេសថៃនឹងត្រូវខាតបង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ចំពោះការមិនគោរពកិច្ចព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា មូលហេតុដែលថៃ ចង់លុប MoU ឆ្នាំ២០០១ ក៏ដោយសារតែគេមានចេតនាទុច្ចរិតចង់ឈ្លានពានដែនទឹករបស់កម្ពុជា ខណៈការមិនបង្ហាញចេតនាក្នុងការលុប MoU ឆ្នាំ២០០០ ស្ដីពីការបែកចែកខណ្ឌសីមាព្រំដែនគោក ក៏ដោយសាតែបច្ចុប្បន្នពួកគេកំពុងគ្រប់គ្រងលើដែនអធិបតេយ្យកម្ពុជារួចទៅហើយ។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ឱ្យកម្ពុជាដាក់ការតវ៉ា និងត្រៀមប្តឹងទៅកាន់ស្ថាប័នអន្តរជាតិ ប្រសិនបើមានការរំលោភបំពានណាមួយកើតឡើង។

ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកត់សម្គាល់ឃើញថា ថៃកំពុងប្រើប្រាស់នូវនយោបាយទុច្ចរិត ខណៈមកដល់ពេលនេះ រដ្ឋាភិបាលថៃមិនបានគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយវិវាទព្រំដែនគោកជាមួយកម្ពុជានោះទេ។ ទន្ទឹមនេះអ្នកជំនាញរូបនេះយល់ថា មហិច្ឆតាចង់លុប MoU គឺជារបៀបវារៈនយោបាយកេងចំណេញលើក្រុមជាតិនិយមជ្រុលថៃ និងជាសង្រ្គាមចិត្តសាស្រ្តមកលើកម្ពុជា។ នៅក្នុងស្ថានភាពនេះ កម្ពុជា ត្រូវបង្កើនសមត្ថភាពការពារជាតិ និងធ្វើកំណែទម្រង់ប្រាកដនិយម និងការរួបរួមសាមគ្គីជាតិ ដើម្បីទប់ស្កាត់សកម្មភាពប្រមាថរបស់ថៃ។

ដោយឡែកក្នុងជ្រុងនៃយុទ្ធសាស្ត្រច្បាប់ និងកម្លាំងការពារវិញ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទបានលើកជាគំនិតឱ្យត្រិះរិះថា បើប្តឹងឈ្នះនៅតុលាការអន្តរជាតិ តើអាចបានផលទេ ហើយអន្តរជាតិមានទ័ព មានប៉ូលិសមកអនុវត្តសាលក្រមតុលាការដែរអត់ បើភាគីបំពានមិនគោរពតាម? សម្រាប់អ្នកជំនាញច្បាប់រូបនេះ មានតែការជួយអន្តរាគមន៍ពីមហាអំណាចណាមួយទេទើបការអនុយន្តការនេះអាចមានប្រសិនភាព តែសំណួរសួរថា តើមហាអំណាចណាហ៊ានចេញមុខជួយអន្តរាគមន៍? ក្នុងពិភពលោកដែលប្រកាន់យកប្រយោជន៍និយម លោកបានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រពឹងផ្អែកលើខ្លួនឯង ដោយប្រើវិធីសាស្ត្រចរចាបណ្ដើរ បង្កើនសកម្មភាពកាទូតបណ្ដើរ និងពង្រឹងកងទ័ពបណ្ដើរ។ លោកយល់ថា ការបំពាក់សព្វាវុធទំនើបៗ និងការត្រៀមថវិកាបម្រុងសង្គ្រាម គឺជាខ្នងបង្អែកដ៏រឹងមាំបំផុត សម្រាប់ការពារដែនអធិបតេយ្យ បើសិនជាវិវាទនេះឈានដល់ចំណុចមិនអាចត្រឡប់ក្រោយបាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានអនុម័តឱ្យលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU 44 ដែលជាយន្តការដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយគ្រោងងាកទៅប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ការព្យាយាមជំនួស MoU នេះដោយអនុសញ្ញា UNCLOS របស់ថៃនៅពេលនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងពង្រីកឥទ្ធិពល និងគ្រប់គ្រងធនធានប្រេង និងឧស្ម័នដ៏មហាសាលនៅបាតសមុទ្រកម្ពុជាតែម្នាក់ឯង៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តម្លៃជីថ្នាំកសិកម្មហក់ឡើង៣០% តាមអំណាចថ្លៃប្រេង ខណៈថ្លៃដើមផលិតខ្ពស់កំពុងក្លាយជាបន្ទុករបស់កសិករ

ភាពតានតឹងនៅក្នុងអង្គការបក្សសម្ពន្ធយោធា NATO បានឈានដល់ចំណុចរបត់ថ្មី ដែលអាចឈានទៅរកបែកបាក់ បន្ទាប់ពីមន្ទីរបញ្ចកោណអាម៉េរិក បានទម្លាយអ៊ីមែល…

ក្រុមហ៊ុន WorldBridge និង DRSB Express ពួតដៃគ្នាដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យ និងឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ