វិស័យទេសសចរណ៍

កម្ពុជា កំពុងពន្លឿនការភ្ជាប់ជើងហោះហើរត្រង់ឡើងវិញជាមួយកាហ្សាក់ស្ថាន ដើម្បីទាក់ទាញភ្ញៀវទេសសចរពីអាស៊ីកណ្តាល


ក្រសួងទេសចរណ៍កម្ពុជា កំពុងបង្កើនល្បឿនពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយសាធារណរដ្ឋកាហ្សាក់ស្ថាន តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការស្នើបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ ដើម្បីពង្រីកការតភ្ជាប់ និងស្រូបទាញភ្ញៀវទេសចរពីតំបន់អាស៊ីកណ្តាល។
វិស័យទេសសចរណ៍
ដោយ

ក្រុមអ្នកជំនាញទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានចាត់ទុកគំនិតផ្តួចផ្តើមនេះថា ជាជំហានយុទ្ធសាស្ត្រដ៏ល្អក្នុងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជា ពោលគឺការតភ្ជាប់ផ្លូវអាកាសនេះមិនត្រឹមតែជាស្ពាននាំភ្ញៀវទេសចរដោយផ្ទាល់ពីកាហ្សាក់ស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេដែកស្រូបទាញដ៏សំខាន់សម្រាប់ទីផ្សារសក្តានុពល នៃតំបន់អាស៊ីកណ្តាលទាំងមូលផងដែរ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានចាត់ទុកការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថានឡើងវិញ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ក្នុងការជំរុញទីផ្សារទេសចរណ៍កម្ពុជាឱ្យមានភាពចម្រុះ និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណីមួយចំនួន។ បើតាមអ្នកជំនាញរូបនេះ ការតភ្ជាប់នេះមិនត្រឹមអាចស្រូវទាញប្រភពទេសចរផ្ទាល់ពីកាហ្សាក់ស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមជាស្ពានតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សារអាស៊ីកណ្តាលយ៉ាងទូលំទូលាយផងដែរ។ ទោះយ៉ាងណា លោកយល់ថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដែលទាមទារឱ្យមានការសិក្សាពីទីផ្សារជាក់ស្តែង និងកិច្ចសហការរវាងក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករទេសចរណ៍ឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវភាពជោគជ័យជានិរន្តរ ដ្បិតជោគជ័យពិតប្រាកដមិនត្រូវវាស់លើចំនួនតភ្ជាប់ជើងហោះហើរថ្មីនោះទេ ប៉ុន្តែវាស់លើចំនួនភ្ញៀវទេសចរចូលមកពិតប្រាកដ រយៈពេលស្នាក់នៅ ការចំណាយ និងផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបាននៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោក ប្រាយអិន ស៊ីណាក់ អោក អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនទេសចរណ៍ See Asia Differently បានគូសបញ្ជាក់ថា ការខកខានមិនបានស្រូបទាញភ្ញៀវទេសចរពីតំបន់អាស៊ីកណ្តាលចូលមកកម្ពុជា នាពេលកន្លងមក គឺកត្តាចម្បងដោយសារតែបញ្ហាប្រឈមនៃកង្វះខាតជើងហោះហើរត្រង់។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈការចចារបើកច្រកហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថានឡើងវិញនេះ វានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការបើកទំព័រថ្មីនៃវិស័យទេសចរណ៍កម្ពុជា ដោយនាំមកនូវភ្ញៀវទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ពីតំបន់អាស៊ីកណ្តាលមកកាន់ប្រទេសកម្ពុជា ខណៈកម្ពុជា ក៏មានផលិតផលទេសចរណ៍សម្បូរបែប និងមានសក្តានុពលក្នុងការស្រូបទាញទីផ្សារទេសចរណ៍នេះផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងរំពឹងថា កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងកាហ្សាក់ស្ថាននេះ នឹងត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមខ្លឹមសារ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាក់ស្តែង។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា ត្រៀមខ្លួនជារួចស្រេចក្នុងការសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងអាជ្ញាធរអាកាសចរណ៍របស់កាហ្សាក់ស្ថាន ក្នុងការរៀបចំ និងសម្របសម្រួលលក្ខខណ្ឌចាំបាច់ផ្នែកបទប្បញ្ញត្តិ សុវត្ថិភាព និងប្រតិបត្តិការ សំដៅធានាសេវាហោះហើរនានាប្រកបដោយសុវត្ថិភាព សន្តិសុខ និងនិរន្តរភាព។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា ក្រៅពីកាហ្សាក់ស្ថាន ការផ្សព្វផ្សាយរួមគ្នា និងភាពជាដៃគូផ្នែកទេសចរណ៍ នឹងអាចជួយឱ្យកម្ពុជាទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលផងដែរ តាមរយៈការតភ្ជាប់ជើងហោះហើរថ្មីនេះ។

គួរជម្រាបថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន ថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Vladimir Andreevich Sytnik តំណាងក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការគាំទ្រដល់ការបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ និងទៀងទាត់ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុន SCAT Airlines ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel Asia។

គួររំលឹកថា ខ្សែជើងហោះហើរនេះធ្លាប់មានជាគំរូរួចមកហើយ ដោយក្រុមហ៊ុន SCAT Airlines បានចាប់ផ្តើមជើងហោះហើរបែបឆាតធ័រ (Charter) លើខ្សែអាស្តាណា-ព្រះសីហនុ និងលើខ្សែអាល់ម៉ាទី-ព្រះសីហនុ នៅចន្លោះខែតុលា ឆ្នាំ២០២៤ និងខែមីនា ឆ្នាំ២០២៥ ដោយបានផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរកាហ្សាក់ស្ថានទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរដោយផ្ទាល់ មកកាន់គោលដៅទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជា ប៉ុន្តែក្រោយមកសេវាហោះហើរទាំងនេះត្រូវបានផ្អាករហូតមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់របស់អាកាសចរណ៍ស៊ីវិលកម្ពុជា៕




អត្ថបទបន្ទាប់


ក្រោយរងទឹកជំនន់ និងបាតុភូតអែលនីញ៉ូ តើកម្ពុជា អាចរក្សាកំណត់ត្រានាំចេញអង្ករលើស១លានតោននៅឆ្នាំ២០២៧ បានដែរឬទេ?

បាតុភូតអែលនីញ៉ូ និងគ្រោះទឹកជំនន់កំពុងវាយប្រហារលើផ្ទៃដីដាំដុះស្រូវ និងកសិផលនានានៅតាមតំបន់មួយចំនួននៅកម្ពុជា ដែលបានបង្កជាក្តីបារម្ភចំពោ…

រដ្ឋមន្ត្រីការបរទេសថៃចោទប្រកាន់កម្ពុជាថា បានបំភ្លៃការពិតពីជំនួប UNCLOS នៅទីក្រុងឡាអេ

ភាគីថៃអះអាងថា កិច្ចពិភាក្សានេះផ្តោតតែលើបញ្ហាព្រំដែនសមុទ្រប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ឬផលប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជានោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ