ដើម្បីលុបបំបាត់របាំងរដ្ឋបាលនេះ អ្នកជំនាញជំរុញឱ្យរដ្ឋពន្លឿនការធ្វើកំណែទម្រង់ និងការធ្វើឌីជីថលភាវូបនីយកម្មតាមរយៈការតភ្ជាប់ទិន្នន័យរវាងស្ថាប័ន និងបង្កើតប្រព័ន្ធទិន្នន័យគោលតែមួយ ដើម្បីកាត់បន្ថយការបញ្ជាក់ឯកសារដដែលៗ និងធ្វើឱ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ដំណើរការបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារសាធារណៈដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សញ្ញាបត្រ ប្លង់ដី និងឯកសារសារពើពន្ធនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែមានភាពស្មុគស្មាញ និងទាមទារឱ្យពលរដ្ឋ រួមទាំងវិនិយោគិនបរទេសត្រូវចំណាយពេល និងថវិកាច្រើនលើនីតិវិធីដដែលៗ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ភាពស្មុគស្មាញនៃប្រព័ន្ធរដ្ឋបាលនេះមិនត្រឹមតែបង្កើតការរំខានដល់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចន្លោះប្រហោងឱ្យមានការក្លែងបន្លំឯកសារដូចជាករណីប្រើប្រាស់សញ្ញាបត្រ ឬលិខិតរដ្ឋបាលក្លែងក្លាយជាដើម។
លោកបណ្ឌិតបានប្រៀបធៀបថា នៅក្នុងប្រទេសដែលមានប្រព័ន្ធរដ្ឋបាលទំនើប និងជឿនលឿន គេលុបបំបាត់ចោលទាំងស្រុងនូវនីតិវិធីបញ្ជាក់ឯកសារច្រើនដំណាក់កាល ដោយជំនួសមកវិញនូវការប្រើប្រាស់ឯកសារដើម និងប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យឌីជីថល។ លោកបានបន្ថែមថា កម្ពុជាគួរតែធ្វើកំណែទម្រង់រដ្ឋបាលស៊ីជម្រៅដោយបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យគោលតែមួយ ដែលអនុញ្ញាតឱ្យគ្រប់ស្ថាប័នរដ្ឋអាចចូលពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យបានដោយផ្ទាល់តាមប្រព័ន្ធអនឡាញដោយមិនចាំបាច់ឱ្យប្រជាពលរដ្ឋរត់បញ្ជាក់ឯកសារពីស្ថាប័នមួយទៅស្ថាប័នមួយទៀតឡើយ។
ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិសង្កេតឃើញថា ដំណើរការបញ្ជាក់ឯកសារជាច្រើនជំហានបានក្លាយជាបន្ទុកមួយសម្រាប់ពលរដ្ឋ និងវិនិយោគិនដោយត្រូវចំណាយទាំងពេលវេលា និងថវិកា។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ស្ថានភាពនេះអាចក្លាយជាកត្តារាំងស្ទះដល់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ។ យ៉ាងណាមិញ លោកបណ្ឌិត កត់សម្គាល់ថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងជំរុញការធ្វើឌីជីថលភាវូបនីយកម្មក្នុងវិស័យរដ្ឋបាល និងអភិបាលកិច្ច។
លោកបណ្ឌិតរំពឹងថា ការផ្លាស់ប្ដូរទៅរកប្រព័ន្ធឌីជីថល នឹងក្លាយជាចលករសំខាន់មួយក្នុងការកាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ ការធ្វើកំណែទម្រង់គួរផ្ដោតលើការធ្វើឱ្យសេវាសាធារណៈមានប្រសិទ្ធភាព និងងាយស្រួលជាងមុន តាមរយៈការកាត់បន្ថយតម្រូវការបញ្ជាក់ឯកសារដដែលៗ ការពង្រឹងការតភ្ជាប់ និងការផ្លាស់ប្ដូរទិន្នន័យរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងធានាថា ទិន្នន័យរបស់ប្រជាពលរដ្ឋមានភាពត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន។
ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា ការប្រែក្លាយប្រព័ន្ធរដ្ឋបាលពីការប្រើក្រដាស និងត្រាបញ្ជាក់ច្រើនស្ថាប័នទៅជាប្រព័ន្ធទិន្នន័យឌីជីថលគោលតែមួយ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីធ្វើឱ្យសេវាសាធារណៈរបស់កម្ពុជាកាន់តែរហ័ស ងាយស្រួល តម្លាភាព និងមានភាពទាក់ទាញខ្ពស់សម្រាប់ការវិនិយោគ៕
អត្ថបទ៖ ជា ម៉ារ៉ា