វិស័យទេសចរណ៍

​ខេត្តព្រះសីហនុ គ្រោងបង្កើតសហគមន៍ទេសចរណ៍វារីវប្បកម្ម ដើម្បីទាក់ទាញអ្នកទេសចរ និងបង្កើនចំណូលដល់សហគមន៍


អាជ្ញាធរខេត្តព្រះសីហនុ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ កំពុងរៀបចំបង្កើតគម្រោងសហគមន៍ទេសចរណ៍វារីវប្បកម្មដ៏ទាក់ទាញមួយ ដោយផ្តោតលើការចិញ្ចឹមវារីសត្វចម្រុះ រួមមាន ក្ដាម និងបង្គាជាដើម ដែលនឹងអនុញ្ញតឱ្យអ្នកទេសចរអាចទៅកម្សាន្ត និងទទួលបាននូវបទពិសោធប្រមូលផល និងទទួលទានគ្រឿងសមុទ្រដោយផ្ទាល់នៅតាមសហគមន៍។
វិស័យទេសចរណ៍
ដោយ

អ្នកជំនាញ បានចាត់ទុកគម្រោងដ៏ទាក់ទាញនេះ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីបន្ថែម សម្រាប់ស្រូបទាញភ្ញៀវទេសចរទៅកាន់ខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែច្រើន និងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ។

លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ដើម្បីទាញសក្តានុពលទេសចរណ៍របស់ខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែសម្បូរបែប បច្ចុប្បន្នមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងអាជ្ញាធរខេត្ត កំពុងបង្កើតសហគមន៍ទេសចរណ៍វារីវប្បកម្មមួយ ដែលនឹងអនុញ្ញតឱ្យសាធារណជន និងភ្ញៀវទេសចរអាចចូលទស្សនាកម្សាន្តនាពេលឆាប់ៗខាងមុខនេះ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធនៃការប្រមូលនេសាទស្រស់ៗដោយផ្ទាល់ដៃ ជាពិសេសក្ដាមថ្មដ៏ល្បីប្រចាំខេត្តព្រះសីហនុ ដើម្បីយកទៅកែច្នៃធ្វើជាម្ហូបអាហារភ្លាមៗនៅក្នុងសហគមន៍តែម្តង ជាមួយទីតាំងដ៏ស្រស់ត្រកាលក្បែរផ្លូវរថភ្លើង។ សម្រាប់អ្នកនាំពាក្យរូបនេះ គម្រោងនេះមិនត្រឹមចូលរួមជួយបង្កើតប្រាក់ចំណូលបន្ថែមជូនប្រជាសហគមន៍ប៉ុណ្ណោះទេ តែក៏ជាការអភិវឌ្ឍសហគមន៍ទេសចរណ៍បន្ថែម ដើម្បីស្រូបទាញភ្ញៀវទេសចរមកកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះផងដែរ។

អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម លោកបណ្ឌិត ជ័យ តិច បានគូសបញ្ជាក់ថា ទោះបីជាខេត្តព្រះសីហនុ កំពុងរងសម្ពាធនៃការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគមួយចំនួន តែខេត្តជាប់មាត់សមុទ្រមួយនេះនៅតែមានសក្តានុពលខ្ពស់ក្នុងការជំរុញចរន្តសេដ្ឋកិច្ចឡើងវិញ ជាពិសេសតាមរយៈសក្តានុពលនៃផលិតផលអេកូទេសចរណ៍ និងកសិ-ទេសចរណ៍តែម្តង។ ដូច្នេះតាមរយៈការផ្សារភ្ជាប់វារីវប្បកម្មទៅនឹងទេសចរណ៍ នឹងជួយបង្កើតជាប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចថ្មីមួយសម្រាប់ជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍នៅក្នុងតំបន់។ អ្នកជំនាញរូបនេះរំពឹងថា គម្រោងសហគមន៍ទេសចរណ៍វារីវប្បកម្មនេះ នឹងក្លាយជាទីតាំងទេសចរណ៍ដ៏ពេញនិយមសម្រាប់អ្នកទេសចរដែលចង់ទទួលទានគ្រឿងសមុទ្រដែលមានតម្លៃសមរម្យ ស្រស់ និងមានគុណភាព ដែលកន្លងមកហាក់ពិបាកក្នុងការស្វែងរកទីតាំងបែបនេះ។

សូមជម្រាបថា ស្ថានភាពនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ហាក់មានសភាពស្ងប់ស្ងាត់បន្តិច ដែលបង្កផលប៉ះពាល់ចំពោះមុខដល់អ្នកប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីមានការរៀបចំសណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសអនឡាញ ដែលធ្វើឱ្យក្រុមជនបរទេសពាក់ព័ន្ធចាកចេញជាបន្តបន្ទាប់។ តាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា នៅក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦ ខេត្តព្រះសីហុន ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៣លាននាក់ ក្នុងនោះភ្ញៀវជាតិ មានជាង២,៧លាននាក់ និងភ្ញៀវអន្តរជាតិ ជាង២៧ម៉ឺននាក់៕




អត្ថបទបន្ទាប់


ប៉ូលិសថៃពង្រីកការស៊ើបអង្កេតមូលនិធិរបស់អតីតចៅអធិការវត្ត ដោយសង្ស័យជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ ក្រោយផ្ទុះរឿងអាស្រូវផ្លូវភេទកក្រើកប្រទេសថៃ

ប៉ូលិសថៃកំពុងពង្រីកការស៊ើបអង្កេតលើករណីមូលនិធិវត្ត ដែលពាក់ព័ន្ធអតីតចៅអធិការវត្តថៃនៅខេត្តអាយុធ្យា ព្រះនាម ហ្លួង ពោធិ៍ចូទិ (Luang Por Ch…

តើការតម្រូវឱ្យអាជ្ញាធរបញ្ជាក់ឯកសាររដ្ឋបាលផ្សេងៗទាំង​ដែលមានច្បាប់ដើម វាបានបង្កភាពស្មុគស្មាញយ៉ាងណាដល់ពលរដ្ឋ?

អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា នីតិវិធីរដ្ឋបាលស្មុគស្មាញ និងការតម្រូវឱ្យបញ្ជាក់ឯកសារសាធារណៈឆ្លងកាត់ច្រើនស្ថាប័ននៅកម្ពុជា ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ