វិស័យថាមពល

តើវាអាចជះផលប៉ះពាល់ដល់តម្លៃប្រេង និងទំនិញពិភពលោកកម្រិតណា ក្រោយប្រទេសស្តេច​​ប្រេង អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេង ហើយក្រុមហ៊ូធី បង្កើនការគ្រប់គ្រងច្រកសមុទ្រក្រហម?


មហាអំណាចប្រេងឆៅ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចផ្អាកប្រតិបត្តិការបំពង់បង្ហូរប្រេងពីទិសខាងកើតទៅខាងលិចជាបណ្តោះអាសន្ន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់មួយនេះបានរងការវាយប្រហារតាមអាកាសដោយដ្រូន ចំពេលសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះរាលដាលកាន់តែខ្លាំង។ ការបិទផ្លូវបង្ហូរប្រេងនេះ មិនត្រឹមតែប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងសកលប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរុញច្រានតម្លៃថាមពលពិភពលោកឱ្យហក់ឡើងថ្លៃយ៉ាងគំហុក និងបង្កជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
វិស័យថាមពល
ដោយ

យោងតាមការរាយការណ៍របស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកញ្ញា អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេបង្អស់លើពិភពលោក បានអះអាងថា ការផ្អាកដំណើរការបំពង់បង្ហូរប្រេងនេះ គឺជាវិធានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពជាបន្ទាន់ បន្ទាប់ពីរងការវាយប្រហារដោយដ្រូន ដែលទីក្រុងរីយ៉ាដ និងទីក្រុងបាកដាដ សង្ស័យថា មានប្រភពចេញពីទឹកដីអ៊ីរ៉ាក់ ជាទីតាំងដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ កំពុងធ្វើសកម្មភាពយ៉ាងសកម្ម។ ជាការឆ្លើយតប កាលពីថ្ងៃទី១២ ខែកញ្ញា អាជ្ញាធរអ៊ីរ៉ាក់បានសម្រេចដកហូតតំណែងមេបញ្ជាការយោធាម្នាក់ភ្លាមៗ។
ក្នុងរយៈពេល៦ខែចុងក្រោយនេះ បំពង់បង្ហូរប្រេងប្រវែង១,២០០គីឡូម៉ែត្រ ដែលឆ្លងកាត់ឧបទ្វីបអារ៉ាប់ បានដើរតួនាទីជា សរសៃឈាមជំនួសក្នុងការបញ្ជូនប្រេងឆៅពីតំបន់មជ្ឈិមបូព៌ទៅកាន់ទីផ្សារពិភពលោក បន្ទាប់ពីច្រកសមុទ្រហ័រមូសត្រូវបានបិទស្ទើរតែទាំងស្រុងដោយសារភ្លើងសង្គ្រាម។ បំពង់បង្ហូរប្រេងនេះ មានសមត្ថភាពដឹកជញ្ជូនប្រេងពី៤ទៅ៥លានបារ៉ែលក្នុងមួយថ្ងៃស្មើនឹង៤%ទៅ៥% នៃការផ្គត់ផ្គង់ប្រេងសកល ដែលជួយទប់ទល់ និងកាត់បន្ថយផលប៉ះពាល់ដល់ការនាំចេញរបស់អារ៉ាប៊ីសាអ៊ូឌីត ខណៈដែលបណ្តាប្រទេសផលិតប្រេងជិតខាងនៅតំបន់ឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងវិបត្តិស្ទះការនាំចេញយ៉ាងធ្ងន់ធ្ងរ។
ទោះបីជាមិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវ តែផ្កាយរណបបានថតបង្ហាញពីផ្សែងខ្មៅហុយទ្រលោមចេញពីតំបន់បំពង់បង្ហូរប្រេងនៅភាគខាងត្បូងទីក្រុងមេឌីណា។ ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា ការវាយប្រហារនេះបង្កឱ្យមានមនុស្សរងរបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែមិនទាន់បង្ហាញតួលេខលម្អិតពីទំហំផលប៉ះពាល់លើការនាំចេញនៅឡើយទេ។
ការផ្អាកបំពង់បង្ហូរប្រេងយុទ្ធសាស្ត្រនេះ បូករួមនឹងការកើនឡើងឥទ្ធិពលរបស់ក្រុមហ៊ូធី នៅច្រកសមុទ្រក្រហម កំពុងបង្កជា ព្យុះវិបត្តិពីរជាន់លើសេដ្ឋកិច្ចពិភពលោក។ ការកាត់ផ្តាច់ប្រេងពី៤ទៅ៥លានបារ៉ែលក្នុងមួយថ្ងៃភ្លាមៗ នឹងធ្វើឱ្យទីផ្សារថាមពលសកលធ្លាក់ចូលក្នុងស្ថានភាពអាក្រក់ និងខ្វះខាតការផ្គត់ផ្គង់។ តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានស្ទុះហក់ឡើងយ៉ាងគំហុក ដោយតម្លៃលក់រាយប្រេងម៉ាស៊ូតនៅសហរដ្ឋអាម៉េរិក បានបំបែកកំណត់ត្រាកើនឡើងលើស៦ដុល្លារក្នុងមួយហ្គាឡុង ដោយ១ហ្គាឡុងមានជិត៤លីត្រ។ ការកើនឡើងតម្លៃប្រេងនេះ នឹងរុញច្រានថ្លៃដើមផលិតកម្ម ថ្លៃដឹកជញ្ជូន និងអត្រាអតិផរណាសកលឱ្យកើនឡើងជាថ្មី បង្កជាសម្ពាធយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចពិភពលោកដែលកំពុងរង្គោះរង្គើ។
គួរបញ្ជាក់ថា ច្រកសមុទ្រក្រហម គឺជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយដែលភ្ជាប់តំបន់អាស៊ី និងអឺរ៉ុបកាត់តាមព្រែកជីកស៊ុយអេ។ ការដែលក្រុមហ៊ូធីបង្កើនការគ្រប់គ្រង និងវាយប្រហារលើនាវាដឹកទំនិញនឹងបង្ខំឱ្យក្រុមហ៊ុននាវាចរណ៍អន្តរជាតិត្រូវផ្លាស់ប្តូរទិសដៅវាងទៅតាមជ្រោយ Good Hope នៃទ្វីបអាហ្វ្រិកវិញ។ ការវាងផ្លូវនេះមិនត្រឹមតែបន្ថែមរយ:ពេលដឹកជញ្ជូនពី ១០ទៅ១៤ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យថ្លៃដឹកជញ្ជូនតាមកប៉ាល់ និងថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាមហក់ឡើងថ្លៃកប់ពពក ដែលធ្វើឱ្យទំនិញគ្រប់ប្រភេទនៅលើពិភពលោកត្រូវឡើងថ្លៃតាមនឹងដែរ។
ស្ថានភាពនេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយសហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក ដោយមិនដឹងថា គួរលូកដៃជួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបង្ក្រាបក្រុមហ៊ូធី ឬយ៉ាងណានោះទេ។ ប្រសិនបើអាម៉េរិកជ្រៀតជ្រែកផ្ទាល់ វានឹងធ្វើឱ្យសង្គ្រាមនៅតំបន់នោះកាន់តែរីករាលដាលខ្លាំង និងទាញអាម៉េរិកឱ្យលិចលង់ក្នុងជម្លោះយោធាសាជាថ្មី ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ ខ្លួនឯងកំពុងប្រឈមនឹងសម្ពាធ និងវិបត្តិផ្ទៃក្នុងយ៉ាងស្មុគស្មាញ។
ជារួមការបិទបំពង់បង្ហូរប្រេងនៅអារ៉ាប៊ីសាអ៊ូឌីត និងបញ្ហាអសន្តិសុខនៅច្រកសមុទ្រក្រហម មិនមែនត្រឹមតែជាជម្លោះយោធាក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ប៉ុន្តែវាជាចំណុចស្លាប់រស់ នៃសេដ្ឋកិច្ចសកលលោក ដែលអាចទាញពិភពលោកឱ្យឈានទៅរកវិបត្តិថាមពល និងការកើនឡើងថ្លៃទំនិញជុំវិញពិភពលោកនាពេលខាងមុខ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


មេដឹកនាំឥណ្ឌា និងចិន ព្យាយាមស្ដារទំនាក់ទំនងនៅខាងក្រៅកិច្ចប្រជុំកំពូល BRICS ខណៈសម្ពាធរបស់លោក ត្រាំ គ្របដណ្ដប់ខ្លាំង​លើ​កិច្ចប្រជុំកំពូល​នេះ

ខណៈមេដឹកនាំនៃប្លុកប្រទេស BRICS ជួបជុំគ្នានៅឥណ្ឌា សមរភូមិភូមិសាស្ត្រនយោបាយកំពុងឡើង​កម្ដៅនៅពីក្រោយឆាក។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ