យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី Straits Times បានលាតត្រដាងថា ស្ថាប័នសន្តិសុខ និងចារកម្មរបស់ប្រទេសអ៊ីរ៉ង់ កំពុងតែរងការថ្កោលទោសយ៉ាងចាស់ដៃពីសហគមន៍អន្តរជាតិ ចំពោះការប្រើប្រាស់បណ្តាញក្រុមឧក្រិដ្ឋជនឆ្លងដែន និងក្រុមជនពាលស៊ីឈ្នួល ដើម្បីរៀបចំផែនការសម្ងាត់ និងបង្កើតព្រឹត្តិការណ៍ចលាចលនៅក្នុងតំបន់អឺរ៉ុប អាម៉េរិកខាងជើង និងប្រទេសអូស្ត្រាលី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ ប្រទេសទាំង២២ បានសង្កត់ធ្ងន់ថា រាល់ការប៉ុនប៉ងធ្វើឃាត ចាប់ជំរិត យាយីធ្វើទុក្ខបុកម្នេញ គំរាមកំហែង ឬការវាយប្រហារក្នុងរូបភាពណាក៏ដោយ មកលើប្រជាពលរដ្ឋនៅលើទឹកដីរបស់ពួកគេ គឺមានន័យស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ និងបទដ្ឋានច្បាប់អន្តរជាតិ។ សកម្មភាពអនាធិបតេយ្យទាំងនេះ ត្រូវតែបញ្ឈប់ជាដាច់ខាត និងជាបន្ទាន់។
សេចក្ដីថ្លែងការណ៍រួមដដែលនោះ បានលម្អិតថា ទីភ្នាក់ងារសម្ងាត់ នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ រួមជាមួយក្រុមប្រតិបត្តិការក្រៅប្រទេស គឺកងកម្លាំង ឃុដ ហ្វ័រក (Quds Force) បានជាប់ពាក់ព័ន្ធយ៉ាងជ្រៅ ក្នុងការរៀបចំផែនការលួចធ្វើឃាត និងសកម្មភាពបង្កគ្រោះថ្នាក់នានា ដែលមានគោលដៅវាយប្រហារលើក្រុមអ្នករិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ ក្រុមអ្នកកាសែត សហគមន៍ជនជាតិ ជ្វីហ្វ និងផលប្រយោជន៍របស់ប្រទេសអ៊ីស្រាអែល នៅបរទេស៕
អត្ថបទៈ សួន ឡង់ទី