ទំនិញ​ក្លែងបន្លំ

តើស្ថាប័នជំនាញគួរចាត់វិធានការតឹងរ៉ឹងបែបណា ដើម្បីបោសសម្អាតទំនិញ និងសេវាកម្មក្លែងបន្លំឱ្យអស់ពីទីផ្សារ?


ការក្លែងបន្លំ គឺជាសកម្មភាពទុច្ចរិតក្នុងការបង្កើត ឬកែប្រែផលិតផលដោយចេតនា ដើម្បីបន្លំភ្នែកមហាជនឱ្យជឿជាក់ថារបស់នោះជារបស់ពិត។ ជាក់ស្ដែងនាពេលកន្លងទៅនេះ មន្រ្តីជំនាញបានរកឃើញ និងបង្ក្រាបអាជីវកម្មមួយចំនួន ដែលបានលបលួចដាក់លក់ផលិតផលក្លែងបន្លំ ដែលទង្វើនេះបានបង្កឱ្យមានការយល់ច្រឡំ និងបំផ្លាញទំនុកចិត្តលើទីផ្សារយ៉ាងធ្ងន់ធ្ងរ។ តើស្ថាប័នជំនាញគួរបន្ថែមយន្តការក្តៅបែបណាខ្លះ ដើម្បីឈានទៅលុបបំបាត់ទំនិញ និងសេវាកម្មក្លែងបន្លំទាំងនេះឱ្យមានប្រសិទ្ធភាព?
ទំនិញ​ក្លែងបន្លំ
ដោយ

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុកការក្លែងបន្លំទំនិញក្នុងទីផ្សារ គឺជាការប្រកួតប្រជែងមិនស្មោះត្រង់ និងបានបំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគ និងអ្នកប្រើប្រាស់ ព្រមទាំងអាចបង្កផលប៉ះពាល់ដល់ទីផ្សារក្នុងរយៈពេលវែង។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរតែមានចំណាត់ពិសេសណាមួយ ដើម្បីបោសសម្អាតទំនិញក្លែងក្លាយតាមរយៈការអនុវត្តច្បាប់ម៉ឺងម៉ាត់លើអ្នកពាក់ព័ន្ធនានា ដើម្បីស្ដារទីផ្សារ និងផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ឡើងវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា ការក្លែងបន្លំទំនិញអាចធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងបញ្ហាសុខភាព។ សម្រាប់អ្នកជំនាញរូបនេះ មន្រ្តីជំនាញគួរមានមនសិការក្នុងខ្លួនឱ្យបានច្រើន និងត្រូវអនុវត្តច្បាប់ជាធរមាននៅពេលរកឃើញមានមុខទំនិញក្លែងបន្លំ ឬនាំចូលខុសច្បាប់។ បន្ថែមពីនេះ ត្រូវដាក់ទោសលើអ្នកគប់គិត បើពុំដូច្នេះទេ ការអនុវត្ត ក៏មិនមានប្រសិទ្ធភាពនោះដែរ ហើយវានៅតែបំផ្លាញសេដ្ឋកិច្ច និងសុខភាពរបស់ពលរដ្ឋ។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ទទួលស្គាល់ថា អាជីវកម្មមួយចំនួនពិតជាបានការបន្លំប្រភេទទំនិញ ឬផលិតផល និងសេវាកម្មលើអ្នកប្រើប្រាស់ក្រោមរូបភាពផ្សេងៗប្រាកដមែន ខណៈអំពើទាំងនេះត្រូវបានហាមឃាត់ដោយច្បាប់។ ថ្នាក់ដឹកនាំ ក.ប.ប. បានគូសបញ្ជាក់ថា មន្រ្តីជំនាញនៅតែបំពេញតួនាទី ដើម្បីធានាការពារផលប្រយោជន៍ និងសិទ្ធរបស់អ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យឯកជនផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងដោយមិនមានការរើសអើងនោះទេ ពោលគឺបានអនុវត្តដោយតម្លាភាព ស្របតាមវិជ្ជាជីវៈ និងការទទួលសុខត្រូវ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. បានអះអាងបន្ថែមថា មន្រ្តីជំនាញនឹងបន្តយុទ្ធនាការត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ដោយមិនទម្លាក់ដៃចោលឡើយ ដើម្បីជាខែលការពារផលប្រយោជន៍ពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ ក៏នឹងមិនទៅបង្កការរំខាន ឬធ្វើឱ្យប៉ះពាល់ដល់វិស័យឯកជន ឬអាជីវករទាំងឡាយណា ដែលបានគោរពនិងអនុលោមភាពត្រឹមត្រូវតាមច្បាប់រដ្ឋនោះឡើយ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញ​រិះគន់ថា រដ្ឋាភិបាលល្មមដល់ពេលលុបបំបាត់ទម្លាប់ធ្វើលូកាយផ្លូវហើយ

បញ្ហាហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃអភិបាលកិច្ច។ នាពេលថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមបានបង្ហាញការហួសចិត្ត និងរ…

ប៉ូលិសថៃ បង្ក្រាបទីតាំងផលិតសេរ៉ូថ្នាំក្អកក្លែងក្លាយលាយសារធាតុញៀន ដែលអាចបំផ្លាញសុខភាពធ្ងន់ធ្ងរ

បញ្ហាឱសថក្លែងក្លាយ និងការលបលួចលាយសារធាតុគីមីញៀនកំពុងក្លាយជាគ្រាប់មីនបង្កប់ក្នុងសុខភាពសាធារណៈដែលគួរឱ្យភ័យខ្លាចបំផុត។ ថ្មីៗនេះសមត្ថកិច្ចថៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ