ស្ថានការណ៍នយោបាយនៅហ្វីលីពីន

ស្ថានការណ៍នយោបាយនៅហ្វីលីពីនធ្លាក់ក្នុងភាពវឹកវរ ក្រោយកងកម្លាំងឡោមព័ទ្ធចាប់សមាជិកព្រឹទ្ធសភាបង្កឱ្យមានការផ្ទុះអាវុធ


ស្ថានការណ៍នយោបាយនៅក្នុងប្រទេសហ្វីលីពីនបានធ្លាក់ក្នុងស្ថានភាពវឹកវរ ក្រោយផ្ទុះករណីបាញ់ប្រហារដ៏អាថ៌កំបាំងមួយនៅក្នុងវិមានព្រឹទ្ធសភា ដែលពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀននៅតុលាការអន្តរជាតិ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស បានសម្រេចកោះប្រជុំសន្តិសុខបន្ទាន់មួយ បន្ទាប់ពីមានការប៉ុនប៉ងតាមចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ដែលជាដៃស្តាំរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទែតេ។
ស្ថានការណ៍នយោបាយនៅហ្វីលីពីន
ដោយ

ការប៉ុនប៉ងចាប់ខ្លួនសមាជិកព្រឹទ្ធសភាលោក រ៉ូណាល់ ដេឡា រូសា (Ronald dela Rosa) អតីតមេប៉ូលិសជាតិហ្វីលីពីន និងជាមេបញ្ជាការអនុវត្តសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសបានក្លាយជាផ្កាភ្លើង ដែលដុតកម្ដៅនយោបាយនៅហ្វីលីពីនឱ្យឆេះឡើងវិញ។ លោក ដេឡា រូសា គឺជាមនុស្សជំនិតរបស់លោក រ៉ូឌ្រីហ្គោ ឌូទែតេ ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ភាពវឹកវរបានឈានដល់ចំណុចកំពូលនៅយប់ថ្ងៃពុធ ទី១៣ ខែឧសភា នៅពេលដែលមានសំឡេងកាំភ្លើងលាន់ឮឡើងនៅក្នុងអគារព្រឹទ្ធសភា បង្កឱ្យមានការរត់គេចខ្លួនយ៉ាងភ័យខ្លាច។ ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ដេឡា រូសា បានបង្ហោះសារតាមបណ្តាញសង្គមអំពាវនាវឱ្យអ្នកគាំទ្រមកជួយរូបលោក ដោយអះអាងថា កម្លាំងអនុវត្តច្បាប់កំពុងឡោមព័ទ្ធចាប់ខ្លួនលោកដល់ក្នុងអគារព្រឹទ្ធសភា ដែលជាទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន។

ភាពចលាចលនេះបានឆ្លុះបញ្ចាំងពីការប្រេះឆាយ៉ាងធ្ងន់ធ្ងររវាងសម្ព័ន្ធភាពម៉ាកូស និង ឌូទែតេ។ ទោះបីជាធ្លាប់បានចាប់ដៃគ្នាឈ្នះឆ្នោតកាលពីឆ្នាំ២០២២ ក្តី ប៉ុន្តែទំនាក់ទំនងនេះបានប្រែជាល្អក់កកររហូតដល់មានការបញ្ជូនលោក ឌូទែតេ ទៅកាន់តុលាការអន្តរជាតិនៅទីក្រុងឡាអេ។

លោកស្រី សារ៉ា ឌូទែតេ អនុប្រធានាធិបតីហ្វីលីពីន ដែលទើបតែវិលត្រឡប់ពីសួរសុខទុក្ខលោកឪពុកនៅទីក្រុងឡាអេ បានរិះគន់រដ្ឋបាលលោក ម៉ាកូស យ៉ាងចាស់ដៃថា កំពុងប្រើប្រាស់ធនធានរដ្ឋ ដើម្បីកម្ទេចសត្រូវនយោបាយ។ លោកស្រី បានបញ្ជាក់ថា អ្វីដែលកំពុងកើតឡើងចំពោះសមាជិកព្រឹទ្ធសភា ដែលមានអភ័យឯកសិទ្ធិការពារដោយច្បាប់ គឺជាសញ្ញា នៃការរំលោភអំណាច ដើម្បីបំបិទមាត់ក្រុមអ្នក ដែលមិនយល់ស្របនឹងរដ្ឋាភិបាល។

បច្ចុប្បន្នប៉ូលិស និងឆ្មាំប្រដាប់អាវុធបានឡោមព័ទ្ធវិមានព្រឹទ្ធសភា ខណៈដែលក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅខាងក្រៅ ដែលធ្វើឱ្យគេបារម្ភថា ហ្វីលីពីនអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏ជ្រៅមួយទៀត មុនការបោះឆ្នោតឆ្នាំ២០២៨ ឈានចូលមកដល់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ៊ីរ៉ង់ បង្ខំឱ្យអាម៉េរិក ទទួលយកផែនការសន្តិភាព ខណៈចិន ជំរុញប៉ាគីស្ថាន ឱ្យខិតខំជួយសម្របសម្រួលបញ្ចប់ជម្លោះ

ស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភជាថ្មី បន្ទាប់ពីប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ បានព្រមានថា ក្រុងវ៉ាស៊ីនតោនគ្ម…

ក្រុមអ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យ និងចាត់វិធានការក្តៅលើអ្នកក្លែងបន្លំប្រភពដើមទំនិញ ក្រោយផ្ទុះករណីស្ករសថៃពាក់អាវវៀតណាម

ក្រោយផ្ទុះករណីស្ករសថៃពាក់អាវវៀតណាមក្រុមអ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យ និងចាត់វិធានការក្តៅលើអ្នកក្លែងបន្លំប្រភពដើមទំនិញ ក្រោយផ្ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ