ព្យុះធំៗទាំងបូននេះ កំពុងតែសាកល្បងនូវភាពធន់នៃសេដ្ឋកិច្ច សមត្ថភាពអភិបាលកិច្ចល្អ និង ភាពបត់បែនយុទ្ធសាស្ត្ររបស់កម្ពុជា។
ពិតជាមិនអាចប្រកែកបានឡើយអស់រយៈពេលជាង២០ឆ្នាំនៃសុខសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រទេសកម្ពុជាបានប្រែផ្លាស់ប្តូរមុខមាត់យ៉ាងលឿនរហ័ស។ ពីប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសារតែសង្គ្រាម កម្ពុជាបានក្លាយជាប្រទេសដែលមានការរីកចម្រើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសដែលរីកចម្រើនលឿននៅក្នុងតំបន់អាស៊ី។
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងពិភពលោកដែលកាន់តែមានភាពស្មុគស្មាញចាក់ស្រេះ និង ភាពមិនប្រាកដប្រជា កម្ពុជាក៏កំពុងប្រឈមមុខជាមួយនឹងបញ្ហាប្រឈមស្មុគស្មាញថ្មីៗជាច្រើនទៀត ដែលវាអាចក្លាយជាកត្តាកំណត់ជោគវាសនាអនាគត នៃ ការអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងចំណោមវិបត្តិបញ្ហាទាំងអស់នេះ មានព្យុះបួនទិសធំៗ ដែលបាននិងកំពុងបង្កជាបញ្ហាសម្ពាធបោកបក់យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា គឺ ព្យុះ Scam Online ព្យុះជម្លោះព្រំដែនជាមួយថៃ ព្យុះអំពើពុករលួយ និង ព្យុះសម្ពាធពីកត្តាខាងក្រៅដែលកំពុងតែផ្លាស់ប្តូរយ៉ាងលឿនមិនអាចប្រកែកបានឡើយ ។ ព្យុះធំៗទាំងបួននេះ ឃើញថាមិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយវាអាចជះឥទ្ធិពលដល់សន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋកិច្ចពាណិជ្ជកម្ម និង ស្ថិរភាពយូរអង្វែងរបស់ប្រទេសជាតិ។
ព្យុះធំទី១ គឺ ព្យុះ ឧកិ្រដ្ឋកម្ម Scam Online វាបានក្លាយជាក្តីបារម្ភធំបំផុតមួយរបស់កម្ពុជា។ បញ្ហាដ៏ធំមួយនេះ វាមិនត្រឹមតែជាការឆបោកតាមប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានវិវត្តទៅជាខ្សែបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនយ៉ាងរឹងមាំ ដែលជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្ស ការលាងលុយកខ្វក់ និង ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗនៅក្នុងប្រទេស។ អ្វីដែលពិសេសគួរឱ្យព្រួយបារម្ភជាងគេនោះ គឺការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និង រូបភាពប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ នៅក្នុងយុគសម័យដែលការប្រកួតប្រជែងដើម្បីទាក់ទាញវិនិយោគិន និង ភ្ញៀវទេសចរកាន់តែខ្លាំង រូបភាព កេរ្តិ៍ឈ្មោះប្រទេស និង ទំនុកចិត្តពីដៃគូអន្តរជាតិ គឺ ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលមិនអាចមើលរំលងបាននោះឡើយ។ ដើម្បីលុបបំបាត់បញ្ហានេះ កម្ពុជាត្រូវតែពង្រឹងនិងពង្រីកការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មដោយមិនត្រូវលើកលែងអ្នកមានអំណាច ឬអ្នកនៅពីក្រោយជាដាច់ខាត។ មួយវិញទៀតត្រូវ ពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិ និង ធ្វើការរឹបអូស និងបង្កកទ្រព្យសម្បត្តិ ជាដើម។ល។
ព្យុះធំទី២ គឺ ជម្លោះតាមព្រំដែនកម្ពុជា-ថៃ វាបានបង្កើននូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពក្នុងតំបន់ទាំងមូលផងដែរ។ ថ្វីត្បិតតែកប្រទេសម្ពុជា និង ថៃ គឺជាដៃគូពាណិជ្ជកម្មនិងមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងជិតស្និទ្ធក៏ដោយ ការកើនឡើង នៃជម្លោះវតាមព្រំដែនវាអាចជះផលប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន ការវិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត ជម្លោះតាមព្រំដែនខ្មែរ-ថៃ វាតែងតែកើតមានឡើងនូវ អារម្មណ៍ជាតិនិយម ដែលអាចធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញធ្ងន់ធ្ងរ និង ពិបាកនឹងរកដំណោះស្រាយបានណាស់។ ដូច្នេះសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូច កម្ពុជា សន្តិភាព និង ស្ថិរភាពនយោបាយសង្គម គឺជាលក្ខខណ្ឌមូលដ្ឋានគ្រឹះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិឲ្យរីកចម្រើនរយៈពេលយូរអង្វែង។
ដោយឡែក សម្រាប់ ព្យុះធំទី៣ ដែលនៅតែអន្ទោលតាមប្រាណស៊ីរូងផ្ទៃក្នុងគឺ ព្យុះអំពើពុករលួយ ដែលនៅតែជាបញ្ហាប្រឈមដ៏រ៉ាំរ៉ៃដែលប្រទេសកំពុងអភិវឌ្ឍជាច្រើនត្រូវប្រឈម រួមទាំងប្រទេសកម្ពុជាផងដែរ។ វិបត្តិអំពើពុករលួយ វាអាចធ្វើឱ្យសម្បតិ្តធនធានសាធារណៈត្រូវបានប្រើប្រាស់មិនមានប្រសិទ្ធភាព អន់ថយ បង្កើនថ្លៃដើមខ្ពស់ក្នុងការធ្វើអាជីវកម្មពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសវិនិយោគបាត់បង់ភាពប្រកួតប្រជែងយ៉ាងខ្លាំងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀត វាអាចធ្វើឱ្យទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នរដ្ឋចុះអន់ខ្សោយ និងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយសាធារណៈ។ដើម្បីកាត់បន្ថយនិង លុបបំបាត់អំពើពុករលួយ កម្ពុជាត្រូវពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់ស្មើភាពគ្នា ពង្រឹងយន្តការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មឯករាជ្យ។
និង ព្យុះធំទី៤ ចុងក្រោយនោះ គឺ ព្យុះសម្ពាធពីកត្តាខាងក្រៅដែលមានភាពស្មុគស្មាញកាន់តែខ្លាំងផងដែរ។ ការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច សង្គ្រាម និង ជម្លោះនៅក្នុងតំបន់នានា វាបានរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មពិភពលោក វាសុទ្ធតែអាចជះឥទ្ធិពលដោយផ្ទាល់ និង ដោយប្រយោលមកលើប្រទេសកម្ពុជា។ ដូចដែលយើងដឹងស្រាប់ហើយ ដោយសារសេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ចបើកចំហ និង ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ទេសចរណ៍ និង ការវិនិយោគពីបរទេស ម្ល៉ោះហើយ! សម្ពាធពីបរិយាសអន្តរជាតិ វាអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងឆាប់រហ័សដល់កំណើនសេដ្ឋកិច្ច និងទីផ្សារការងារក្នុងប្រទេស។កម្ពុជាចាំបាច់ត្រូវប្រើយន្តការច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីជាមូលដ្ឋាន រក្សាទំនាក់ទំនងនយោបាយ និងការទូតឱ្យបើកចំហជានិច្ច។ ទន្ទឹមនេះ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍រួម និង ពង្រឹងសមត្ថភាពការពារជាតិ ប៉ុន្តែរក្សាគោលការណ៍ដោះស្រាយដោយសន្តិវិធី។
និយាយជារួម ព្យុះឧក្រិដ្ឋកម្ម Scam Online ជម្លោះតាមព្រំដែនជាមួយថៃ អំពើពុករលួយ និងសម្ពាធពីខាងក្រៅ អាចចាត់ទុកថា គឺជា «ព្យុះបួនទិស» ដែលប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងបញ្ហានៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់ខ្លួន។ យ៉ាងណាក៏ដោយចុះ ព្យុះធំៗទាំងនេះ វាមិនមែនជាឧបសគ្គដែលមិនអាចឆ្លងកាត់ និង ដោះស្រាយបាននោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏លំបាកបំផុតមួយសម្រាប់កម្ពុជាក្នុងការពង្រឹងការអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ាត់ ត្រូវលើកកម្ពស់អភិបាលកិច្ចឲ្យបានល្អ រក្សាទំនាក់ទំនងការទូតរឹងមាំល្អ និង ធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់ជាងមុន។ កម្ពុជាពេលនេះត្រូវចាប់ផ្តើម និងបន្តជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ មិនពឹងផ្អែកលើទីផ្សារតែមួយ ទាក់ទាញវិនិយោគពីប្រភពចម្រុះ និងអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក និងបង្កើនតម្លៃបន្ថែមក្នុងផលិតកម្ម។ ពិសេសត្រូវបន្តគោលនយោបាយការបរទេសឯករាជ្យ និង តុល្យភាព ក៏ដូចជា ពង្រឹងសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុជាតិ។
នៅទីបំផុត ជោគវាសនាអនាគតរបស់ប្រទេសកម្ពុជា នឹងមិនអាចត្រូវបានកំណត់ដោយទំហំនៃបញ្ហាប្រឈមដែលកំពុងតែកើតមានឡើងដូចសព្វថ្ងៃនោះទេ ប៉ុន្តែដោយសារសមត្ថភាពរបស់ប្រទេសក្នុងការប្រែក្លាយវិបត្តិទៅជាកម្លាំងជំរុញសម្រាប់ការកែទម្រង់ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ពីព្រោះអ្វី? ពីព្រោះសម្រាប់ប្រទេសតូចមួយនៅក្នុងពិភពលោកដែលកំពុងប្រែប្រួលយ៉ាងលឿនរហ័ស ការកសាងភាពធន់ មិនមែនជាជម្រើសទេ ប៉ុន្តែវាជាតម្រូវការចាំបាច់ណាស់សម្រាប់ការរស់រានមានជីវិត និង ការរីកចម្រើនរយៈពេលយូរ។
ប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានចារឹកបង្ហាញយ៉ាងច្បាស់ថា កម្ពុជាធ្លាប់បានហែលឆ្លងកាត់វិបត្តិស្មុគស្មាញចាក់ស្រេះធំៗជាច្រើនរាប់មិនអស់ ហើយក៏នៅតែអាចរកច្រកផ្លូវចេញដោះស្រាយដើម្បីស្ដារខ្លួនឡើងវិញបានម្តងហើយម្តងទៀត។ ទោះបីជាយ៉ាងណា ព្យុះបួនទិស នាពេលបច្ចុប្បន្ននេះ វាមានលក្ខណៈធំធេង និង ស្មុគស្មាញជាងមុន ដោយសារតែព្យុះអស់ទាំងនេះ វាបានកើតឡើងក្នុងពេលដំណាលគ្នាតែមួយ ហើយវាមានទំនាក់ទំនងគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះ ជោគជ័យរបស់ប្រទេសកម្ពុជា នឹងមិនត្រូវបានវាស់វែង តែតាមអត្រាកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់វែងទៅតាមសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ ពង្រឹងស្ថាប័ន និង បម្លែងវិបត្តិទៅជាឱកាសសម្រាប់ការកែទម្រង់ស៊ីជម្រៅ លុបបំបាត់អំពើពុករលួយ និង ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕