វិស័យស្រូវ អង្ករ

អ្នកនាំចេញអង្ករថៃ ត្អូញត្អែរថា ការបិទព្រំដែនបានបើកផ្លូវឱ្យអង្ករខ្មែរវាយលុកទីផ្សារអន្តរជាតិជាមួយតម្លៃទាបជាងអង្ករថៃ ៤០០ដុល្លារក្នុង១តោន


ការលក់អង្ករផ្កាម្លិះរបស់កម្ពុជា ក្នុងតម្លៃទាបជាងអង្ករហមម៉ាលិសរបស់ថៃ រហូតដល់៤០០ដុល្លារក្នុងមួយតោន កំពុងបង្កការរញ្ជួយ និងជ្រួលច្របល់យ៉ាងខ្លាំងក្នុងវិស័យនាំចេញអង្ករថៃ។ គម្លាតតម្លៃដ៏ធំធេងនេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើទីផ្សារអង្ករថៃ ជាពិសេសនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ខណៈដែលទិន្នន័យក្នុងឆមាសទី១ ឆ្នាំ២០២៦ បានបង្ហាញថា ការនាំចេញអង្ករសរុបរបស់ថៃ បានធ្លាក់ចុះរហូតដល់ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យស្រូវ អង្ករ
ដោយ

សារព័ត៌មាន The Nation របស់ថៃ បានចុះផ្សាយថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ប្រទេសថៃ នាំចេញអង្ករបានត្រឹមតែជាង៣លានតោនប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីជាង៤លានតោន ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ការធ្លាក់ចុះនៃបរិមាណនេះបានធ្វើឱ្យប្រាក់ចំណូលនាំចេញអង្ករសរុបរបស់ថៃ ធ្លាក់ចុះជិត ២១% មកនៅត្រឹមជិត២ពាន់លានដុល្លារប៉ុណ្ណោះ។
លោក ឈូកៀត អូផាតវង់ស៊ី (Chookiat Ophaswongse) ប្រធានសមាគមអ្នកនាំចេញអង្ករថៃបានបញ្ជាក់ថា ទីផ្សារអង្ករហមម៉ាលិសថៃ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្រួចស្រាល់បំផុត ជាពិសេសនៅលើទឹកដីសហរដ្ឋអាម៉េរិក។ លោកបានអះអាងថា ការនាំចេញអង្ករហមម៉ាលិសថៃ បានធ្លាក់ចុះប្រមាណ ២០% ដោយសារតែអង្ករថៃ មានតម្លៃថ្លៃបើធៀបនឹងអង្កររបស់ប្រទេសគូប្រជែង។
ប្រធានសមាគមរូបនេះ បានភ្ជាប់គម្លាតតម្លៃ និងការខាតបង់របស់ថៃ ទៅនឹងវិបត្តិបិទច្រកព្រំដែនថៃ-កម្ពុជា។ លោកកត់សម្គាល់ថា កាលពីមុនមានជម្លោះស្រូវកម្ពុជាប្រមាណ៥០ម៉ឺនតោនត្រូវបានដឹកឆ្លងដែនចូលស្រុកថៃ រៀងរាល់ឆ្នាំ ដើម្បីឱ្យរោងម៉ាស៊ីនថៃ កិនកែច្នៃ និងបិទស្លាកនាំចេញបន្ត។ ប៉ុន្តែនៅពេលដែលព្រំដែនត្រូវបិទខ្ទប់ ស្រូវកម្ពុជា ដែលសល់យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានកិនកែច្នៃក្នុងស្រុកដោយខ្លួនឯង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយផ្ទាល់ក្នុងតម្លៃធូរថ្លៃជាងអង្ករថៃ ឆ្ងាយណាស់ រហូតក្លាយជាគូប្រជែងដ៏គួរឱ្យភ័យខ្លាចបំផុតរបស់ថៃ នាពេលនេះ។
កាលពីមុនអង្ករផ្កាម្លិះកម្ពុជា មានតម្លៃថោកជាងអង្ករថៃ ត្រឹមតែ៥០ដុល្លារប៉ុណ្ណោះក្នុងមួយតោន ប៉ុន្តែបច្ចុប្បន្នគម្លាតនេះ បានហក់ឡើងដល់ទៅ៤០០ដុល្លារ ដោយអង្ករហមម៉ាលិសថៃមានតម្លៃខ្ពស់ដល់១,២០០ទៅ១,២៥០ដុល្លារក្នុង១តោន ខណៈដែលអង្ករផ្កាម្លិះកម្ពុជា មានតម្លៃត្រឹមតែប្រមាណ៨០០ដុល្លារក្នុង១តោនប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា គម្លាតតម្លៃដ៏ធំនេះ បានបង្ខំឱ្យអ្នកនាំចូលអន្តរជាតិ បត់បែនទៅជ្រើសរើសយកអង្ករកម្ពុជា ជំនួសវិញ ហើយអ្នកនាំចូលខ្លះថែមទាំងយកអង្ករកម្ពុជា ទៅវេចខ្ចប់ឡើងវិញរួចលក់ក្រោមម៉ាកសញ្ញាជាអង្ករថៃ ទៀតផង។
ក្រៅពីអង្ករក្រអូប ទីផ្សារអង្ករសរបស់ថៃ ក៏កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរ ដោយសារអង្ករសថៃ មានតម្លៃចន្លោះពី៤៤០ ទៅ៤៥០ដុល្លារក្នុង១តោន ខណៈអង្ករសវៀតណាម មានតម្លៃត្រឹម៤២០ដុល្លារ ប៉ាគីស្ថាន៣៩៥ដុល្លារ និងឥណ្ឌា មានតម្លៃទាបជាងគេបំផុត គឺត្រឹមតែ៣៥០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ហ្វីលីពីននឹងបន្តនាំចូលអង្ករក្រោយបារម្ភបាតុភូតអែលនីណូ បង្កឱ្យខ្វះស្បៀងអាហារនៅឆ្នាំក្រោយ

ហ្វីលីពីន បាន​សម្រេចបន្តនាំចូលអង្ករនៅឆ្នាំនេះ ខណៈកំពុងព្រួយបារម្ភថា បាតុភូតធម្មជាតិអែលនីណូ ដ៏ខ្លាំងក្លា​ អាចនឹងធ្វើឱ្យផលិតកម្មស្រូវក្នុងស្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ