ប្រទេសហ្វីលីពីន បានសម្រេចបន្តនាំចូលអង្ករដោយសារបារម្ភពីកង្វះខាត ខណៈបាតុភូត
អែលនីណូ គំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារ។ ការសម្រេចនេះ គឺខុសពីឆ្នាំមុនដែលហ្វីលីពីន បានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្នចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួយគាំទ្រដល់កសិករក្នុងស្រុក និងរក្សាតម្លៃស្រូវអង្ករអំឡុងរដូវប្រមូលផល។ ទិន្នន័យបង្ហាញថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រមាណជាង៣លានតោនរួចមកហើយ។
ការបន្តនាំចូលអង្កររបស់ហ្វីលីពីន ក៏ជាដំណឹងល្អផងដែរសម្រាប់ប្រទេសវៀតណាម ដែលជាអ្នកនាំចេញអង្ករ ព្រោះហ្វីលីពីន គឺជាទីផ្សារអង្ករដ៏ធំបំផុតរបស់វៀតណាម។ អ្នកនាំចេញវៀតណាម រំពឹងថា តម្រូវការរបស់ហ្វីលីពីន ដែលនៅតែបន្តនឹងជួយឱ្យពួកគេមានឱកាសទទួលបានកិច្ចសន្យានាំចេញថ្មីៗបន្ថែមទៀតនៅចុងឆ្នាំនេះ ជាពិសេសអង្ករក្រអូបរបស់វៀតណាម ដែលមានភាពប្រកួតប្រជែងទាំងផ្នែកតម្លៃ និងគុណភាព។
នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៦ វៀតណាមបាននាំចេញអង្ករប្រមាណ៥,៥លានតោន ដែលរកចំណូលបានប្រហែលជាង២,៦ពាន់លានដុល្លារអាម៉េរិក។ ក្នុងចំណោមការនាំចេញទាំងនេះ ទីផ្សារហ្វីលីពីនមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៤៥% ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារដ៏សំខាន់បំផុតសម្រាប់អង្ករវៀតណាម។
ការសម្រេចចិត្តរបស់ហ្វីលីពីននេះកើតឡើងស្របពេលតំបន់អាស៊ានកំពុងត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់ ដែលអាចកើតមានពីបាតុភូតធម្មជាតិអែលនីណូ ដែលអាចនាំមកនូវអាកាសធាតុក្តៅ ហួតហែងជាងធម្មតា បង្កគ្រោះរាំងស្ងួត និងធ្វើឱ្យផលិតកម្មកសិកម្មធ្លាក់ចុះ។ ជារួមប្រទេសហ្វីលីពីន កំពុងផ្តល់អាទិភាពដល់សន្តិសុខស្បៀង ដោយសម្រេចរក្សាការនាំចូលអង្ករឱ្យបន្តដំណើរការ ជំនួសឱ្យការរឹតបន្តឹងការនាំចូល ខណៈប្រទេសនេះកំពុងប្រឈមហានិភ័យផលិតកម្មធ្លាក់ចុះពីបាតុភូតអែលនីណូ និងការកើនឡើង នៃតម្រូវការអង្ករនៅពេលខាងមុខ៕
ដោយ: តែម សុខុម