វិស័យស្រូវ អង្ករ

កម្ពុជា កំពុងសិក្សាបង្កើតពូជស្រូវ ចាប៉ូនីកា ដើម្បីជំរុញឱកាសនាំចេញទៅកាន់ទីផ្សារជប៉ុន


អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា យល់ឃើញថា កម្ពុជា មិនអាចបន្តផលិតតែប្រភេទស្រូវទូទៅដែលមានតម្លៃថោកៗនោះទេ ពិសេសពូជនាំចូលពីប្រទេសជិតខាង ព្រោះវាតែងតែប្រឈមនឹងបញ្ហាធ្លាក់ថ្លៃជារឿយៗនៅពេលប្រមូលផលម្តងៗ។ ការសិក្សាបង្កើតពូជស្រូវប្រណិតៗ គឺជាដំណោះស្រាយប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃបន្ថែម រក្សាភាពប្រកួតប្រជែងថ្លៃ និងជំរុញការបើកច្រកនាំចេញទៅកាន់ទីផ្សារថ្មីៗបន្ថែម។
វិស័យស្រូវ អង្ករ
ដោយ

តួយ៉ាងក្រោយជោគជ័យលើការបង្កើតពូជស្រូវ ស្រង៉ែក្រអូប ដើម្បីជំនួសពូជស្រូវ OM របស់វៀតណាម ក្រុមហ៊ុន អេមរុរ៉ាយស៍ ដែលជាអ្នកនាំចេញអង្ករប្រណិតឈានមុខគេមួយនៅកម្ពុជា កំពុងសិក្សាស្រាវជ្រាវលើការបង្កើតពូជស្រូវជប៉ុន «ចាប៉ូនីកា» ដើម្បីដើម្បីជំរុញឱកាសនាំចេញបន្ថែមទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិ។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានគូសបញ្ជាក់ថា បន្ទាប់ពីជោគជ័យលើការបង្កើតពូជស្រូវស្រង៉ែក្រអូប ដែលមានរូបរាងស្អាត ក្លិនក្រអូប និងផ្តល់ទិន្នផលខ្ពស់ ដើម្បីជំនួសពូជស្រូវ OM របស់វៀតណាម បច្ចុប្បន្នក្រុមហ៊ុនខ្លួនកំពុងបន្តសិក្សាស្រាវជ្រាវលើការបង្កើតពូជស្រូវជប៉ុន «ចាប៉ូនីកា» (Japonica) ដែលជាប្រភេទអង្ករទន់ស្អិត និងមានការពេញនិយមប្រើប្រាស់នៅប្រទេសជប៉ុន និងទីផ្សារអន្តរជាតិផងដែរ។ បើតាមអ្នកជំនាញរូបនេះ ការសិក្សាបង្កើតពូជស្រូវជប៉ុននេះដែរធ្វើឡើងក្នុងគោលបំណង ដើម្បីទាក់ទាញទីផ្សារថ្មីៗសម្រាប់នាំចេញ និងឆ្លើយតបទៅនឹងតម្រូវការខ្ពស់របស់ក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកដៃគូផ្គត់ផ្គង់ពីកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ការសិក្សាបង្កើតពូជស្រូវថ្មីដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ គឺជារឿងដ៏សំខាន់មួយ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា ការដាំដុះពូជស្រូវថ្មីៗនេះ ត្រូវតែធ្វើតាមរយៈកិច្ចសន្យាកសិកម្មក្នុងកម្រិតសមស្រប ដើម្បីការពារកសិករពីបញ្ហាតម្លៃស្រូវធ្លាក់ចុះ នៅពេលប្រមូលផលជាន់គ្នា។ បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ពូជស្រូវជប៉ុន ចាប៉ូនីកា គឺជាប្រភេទស្រូវប្រណិតដែលមានតម្លៃថ្លៃ និងកំពុងមានតម្រូវការខ្ពស់ទាំងនៅប្រទេសជប៉ុន រួមទាំងកូរ៉េ តៃវ៉ាន់ និងតំបន់អឺរ៉ុបផងដែរ។ តែយ៉ាងណា លោកឧកញ៉ា បារម្ភថា បញ្ហារបាំងពន្ធនាំចូលរបស់ជប៉ុនដែលមានអត្រាខ្ពស់ អាចរាំងស្ទះដល់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារជប៉ុន ប្រសិនបើគ្មានការស្នើសុំកិច្ចអនុគ្រោះពន្ធពិសេសពីសំណាក់ដៃគូអ្នកទិញផ្ទាល់ទេនោះ។
យ៉ាងណាមិញលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម យល់ឃើញថាកម្ពុជាគួរតែសិក្សាស្រាវជ្រាវ និងបង្កើតពូជស្រូវថ្មីៗនៅក្នុងស្រុកបន្ថែម ជាជាងការបង្កើតពូជនាំចូលពីបរទេស ដែលអាចនាំឱ្យមានបញ្ហាទីផ្សារ និងបច្ចេកទេសនៅពេលអនាគត។ សម្រាប់អ្នកជំនាញរូបនេះ ការជំរុញការស្រាវជ្រាវ និងស្វែងរកពូជស្រូវថ្មីៗក្នុងស្រុកប្រកបដោយគុណភាព នឹងក្លាយជាកតាលីករដ៏សំខាន់ក្នុងការបង្កើនទិន្នផល និងពង្រឹងសមត្ថភាពនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយចីរភាព និងឯករាជ្យភាពនាពេលអនាគត។
គួររំលឹកថា ដើម្បីទប់ស្កាត់បញ្ហាធ្លាក់ថ្លៃស្រូវនាពេលប្រមូលផលម្តងៗនាពេលកន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យប្រជាកសិករងាកមកដាំដុះពូជស្រូវក្នុងស្រុកឱ្យបានច្រើន ដើម្បីរក្សាស្ថិរភាពផ្នែកទីផ្សារ ខណៈពូជស្រូវកម្ពុជាដូចជាប្រភេទស្រូវសែនក្រអូប០១ជាដើម ទទួលបានទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម អះអាងថា ការដាក់កម្ពុជា ក្នុងបញ្ជីសង្ស័យជួយបន្លំប្រភពទំនិញចិន ស្ថិតក្នុងកម្រិតស្រាល ខណៈកម្ពុជា កំពុងប្រឹងប្រែងលុបបំបាត់បញ្ហានេះ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ខណៈកម្ពុជា…

តើការប្រមូលទិញមូលបត្របំណុលរដ្ឋមកវិញរបស់អាម៉េរិកនឹងជះឥទ្ធិពលអ្វីខ្លះដល់ប្រាក់ដុល្លារ និងសេដ្ឋកិច្ចអាម៉េរិក?

ក្រសួងរតនាគារអាម៉េរិក កំពុងចូលអន្តរាគមន៍ក្នុងទីផ្សារមូលបត្របំណុល ដើម្បីបន្ធូរសម្ពាធពីការកើនឡើងនៃអត្រាការប្រាក់​ តែចំណាត់ការនេះអាចកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ