ទោះបីវត្តរោងចក្រទាំងនេះបានជួយផ្តល់ការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងខេត្តនេះឱ្យមានភាពល្អប្រសើរក៏ដោយ តែវិស័យនេះបានផ្តល់តម្លៃបន្ថែមដល់សេដ្ឋកិច្ចក្នុងកម្រិតទាបនៅឡើយ ដោយសារវត្ថុធាតុដើមបម្រើឱ្យផលិតកម្មក្នុងវិស័យនេះភាគច្រើនត្រូវបាននាំចូលពីបរទេស។ ជាមួយគ្នានេះឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនឹងក្លាយជាវិស័យស្នូលក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺនាពេលខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋ មន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការវិវត្តន៍ និងភាពរីកចម្រើនលើវិស័យនានានៅក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះក្រោមដំបូលសន្តិភាព ខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្តែងនៅមួយរយៈចុងក្រោយនេះ វិស័យឧស្សាហកម្មក្នុងខេត្តនេះមានការរីកដុះដាលយ៉ាងខ្លាំង ដែលបានជួយញ៉ាំងឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះមានភាពល្អប្រសើរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រឧស្សាហកម្មសរុបជាង៣០០រោងចក្រ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ១៧ម៉ឺននាក់។
តែយ៉ាងណាឯកឧត្តម វង្សី វិស្សុត អះអាងថា ទោះបីវិស័យឧស្សាហកម្មមានការរីកចម្រើន តែការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺបច្ចុប្បនុ្នបានផ្តល់តម្លៃបន្ថែមដល់សេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដោយសារវត្ថុធាតុដើមដែលបម្រើឱ្យផលិតកម្មក្នុងវិស័យនេះភាគច្រើនត្រូវបាននាំចូលពីក្រៅប្រទេស។ យ៉ាងណាមិញឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជឿជាក់ថា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនឹងក្លាយជាវិស័យអាទិភាពក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺនាពេលអនាគត។
ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជឿជាក់ថា ខេត្តកំពង់ស្ពឺនឹងមានការរីកចម្រើនបន្ថែមទៀត ដោយសារដីនៅក្នុងខេត្តនេះនៅទំនេរច្រើន គួបផ្សំភាពអំណោយផលខាងផ្នែកទីតាំងភូមិសាស្ត្ររបដោយខេត្តនេះ ស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងថា ការសម្រេចបានសមិទ្ធផលធំៗរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺ គឺកើតចេញពីសុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សន្តិភាពនិងការអភិវឌ្ឍត្រូវតែដើរទន្ទឹមគ្នា ពោលគឺសន្តិភាពដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីសន្តិភាព។ កត្តានេះហើយទើបជំរុញឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានទិវាសន្តិភាព ដើម្បីឱ្យដិតជាប់នៅក្នុងស្មារតីរបស់បងប្អូន កូនចៅ ក្មួយៗ ទាំងអស់គ្នាអំពីតម្លៃ និងភាពចាំបាច់នៃសន្តិភាព។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលធានាសន្តិភាពជាយូរអង្វែងជូនប្រជាជន និងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គទេសក៍ដ៏ល្អេឯកក្នុងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវឯកភាពជាតិ ឯកភាពទឹកដី ដែលជាស្នាដៃជាប្រវត្តិសាស្ត្រសំខាន់បំផុតសម្រាប់ប្រទេសជាតិ។ លើសពីនេះឯកឧត្តម ស្នើឱ្យប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយទាំងអស់ចូលរួមការពារទឹកដីដែលនៅសេសសល់ដែលជាកេរពីដូនតាជំនាន់មុនឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍបន្ថែមឱ្យក្លាយជាប្រទេសខ្លាំង ទំនើប និងអាចរស់នៅដោយខ្លួនឯងបាន និងការពារខ្លួនឯងបាន៕