វិស័យសេដ្ឋកិច្ច

តើរដ្ឋគួរបញ្ចុះតម្លៃពន្ធផ្លូវលើរថយន្តដែលមានអាយុកាលចាប់ពី២០ឆ្នាំឡើងទៅ ដើម្បីសម្រាលបន្ទុកចំណាយប្រជាពលរដ្ឋដែរឬទេ?


តម្លៃបង់ពន្ធផ្លូវលើរថយន្តកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលត្រូវបានលើកយកមកជជែកគ្នាយ៉ាងផុសផុលនៅលើបណ្តាញសង្គម ដោយប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តមួយចំនួនយល់ថា រដ្ឋគួរតែបន្ធូរបន្ថយតម្លៃពន្ធផ្លូវសម្រាប់រថយន្ត ដែលមានអាយុកាលចាប់ពី២០ឆ្នាំឡើងទៅ។ ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចសង្គម និងវិទ្យាសាស្ត្រនយោបាយ ហាក់មានការយល់ឃើញផ្សេងចំពោះបញ្ហានេះ ដោយម្នាក់យល់ស្របនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ និងម្នាក់ទៀតយល់ឃើញផ្ទុយពីនេះ។
វិស័យសេដ្ឋកិច្ច
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា កម្ពុជា មិនគួរបញ្ចុះតម្លៃពន្ធផ្លូវសម្រាប់រថយន្តសេរីចាស់ៗនោះទេ ដោយសារកម្ពុជា កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តថ្មី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ លោកបណ្ឌិតយល់ថា កម្ពុជា មិនគួរក្លាយជាទីផ្សារសម្រាប់ទទួលរថយន្តចាស់ៗពីក្រៅប្រទេសនោះឡើយ ព្រោះរថយន្តប្រភេទនេះភាគច្រើនប្រើប្រាស់ប្រេងឥន្ធនៈច្រើន បញ្ចេញឧស្ម័នបំពុលដែលប៉ះពាល់ដល់គុណភាពខ្យល់ និងបរិស្ថាន ព្រមទាំងអាចបង្កើនហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ដោយសារគ្រឿងបន្លាស់ និងប្រព័ន្ធបច្ចេកទេសមានសភាពចាស់។

តែទោះជាយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជានេះរដ្ឋាភិបាលក៏គួរពិចារណាបន្ធូរបន្ថយបន្ទុកពន្ធផ្លូវក្នុងកម្រិតសមស្របមួយដោយផ្អែកលើអាយុកាលរបស់រថយន្តនីមួយៗ ដើម្បីធានាសមធម៌សង្គម និងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

ដោយឡែក លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ខណៈរដ្ឋមានកាតព្វកិច្ចប្រមូលពន្ធប្រកបដោយតម្លាភាព ដើម្បីយកចំណូលទាំងនោះទៅបម្រើជាផលប្រយោជន៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកបណ្ឌិតបានលើកឡើងថា នៅប្រទេសមួយចំនួនការដំឡើងពន្ធលើយានយន្តចាស់ គឺជាវិធានការមួយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋប្តូរទៅប្រើប្រាស់រថយន្តថ្មី ឬរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងបរិស្ថាន។ ប៉ុន្តែសម្រាប់បរិបទកម្ពុជា លោកបណ្ឌិតយល់ថា ការប្រើប្រាស់ពន្ធជាមធ្យោបាយបង្ខំឱ្យពលរដ្ឋបោះបង់រថយន្តចាស់អាចក្លាយជាបន្ទុកបន្ថែម និងរឹតត្បិតជីវភាពរបស់ពួកគេ ជាពិសេសអ្នកមានជីវភាពខ្វះខាត ដែលមិនមានលទ្ធភាពទិញរថយន្តថ្មី។ ដូច្នេះ លោកបណ្ឌិត ស្នើឱ្យភាគីពាក់ព័ន្ធពិចារណាលើការបន្ធូរបន្ថយពន្ធផ្លូវសម្រាប់រថយន្តចាស់ៗ ដើម្បីសម្រួលបន្ទុកដល់ប្រជាពលរដ្ឋក្នុងស្ថានភាពលំបាកនេះ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះមានពលរដ្ឋ ដែលជាម្ចាស់យានយន្តជាច្រើនបានបង្ហោះសារនៅលើបញ្ហាសង្គមហ្វេសប៊ុក ដោយស្នើឱ្យរាជរដ្ឋាភិបាលគួរពិចារណាបញ្ចុះតម្លៃពន្ធផ្លូវលើយានយន្តចាស់ៗ ដែលមានអាយុកាលប្រើប្រាស់ចាប់ពី២០ឆ្នាំឡើង។ ការស្នើនេះធ្វើក្រោយក្រោមហេតុផល ពួកគេកំពុងជួបប្រទះនឹងការធ្លាក់ចុះប្រាក់ចំណូល គួបផ្សំសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាជាដើម។

បើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការកំណត់ពន្ធផ្លូវលើយានយន្តនៅកម្ពុជា គឺធ្វើឡើងទៅតាមទំហំស៊ីឡាំងម៉ាស៊ីន និងឆ្នាំផលិត ដោយរថយន្តដែលមានទំហំម៉ាស៊ីនធំត្រូវបង់ពន្ធខ្ពស់ជាងរថយន្តម៉ាស៊ីនតូច ខណៈរថយន្តដែលមានអាយុកាលប្រើប្រាស់កាន់តែច្រើន អត្រាពន្ធក៏ត្រូវបានកាត់បន្ថយទៅតាមនោះដែរ។ អត្រាពន្ធផ្លូវលើយានយន្តបច្ចុប្បន្នមានតម្លៃចាប់ពី៨ម៉ឺនរៀលរហូតដល់២លានរៀលក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃផុតកំណត់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងករណីយឺតយ៉ាវម្ចាស់យានយន្តនឹងត្រូវរ៉ាប់រងការពិន័យស្មើនឹង១០០% នៃប្រាក់ពន្ធ ពោលគឺត្រូវបង់ថ្លៃពន្ធគុណនឹងពីរ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើបញ្ហាប្រឈមធំៗអ្វីខ្លះ ដែលនឹងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៧?

សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៧ ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃថា នឹងបន្តហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ នៃបញ្ហាប្រឈមសកល ដោយរំពឹ…

កម្ពុជានឹងបង្កើនការចំណាយថវិកា​ការពារជាតិ ឈានដល់ជិត៩០០លានដុល្លារនៅឆ្នាំ២០២៧

ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសន្តិសុខតំបន់ និងការធ្វើទំនើបកម្មយោធា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនកញ្ចប់ថវិកាជាតិ លើវិស័យការពារជាតិ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ