បើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិបាក និងហានិភ័យម៉ាក្រូសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងកម្រិតខ្ពស់ ដែលបង្កឡើងដោយកត្តាចម្បងៗដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ពិសេសសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា, ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃរបបពាណិជ្ជកម្មសកល, ការថមថយសម្ទុះកំណើនសេដ្ឋកិច្ចសកល និងភាពមិនច្បាស់លាស់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាដើម។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា បើទោះបីជាស្ថាប័នអន្តរជាតិធំៗ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៧ នឹងមានការងើបឡើងវិញជាងឆ្នាំ២០២៦ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា នៅតែត្រូវបានព្រមានពីការប្រឈមមុខនឹងហានិភ័យមួយចំនួន។ បើតាមអ្នកជំនាញរូបនេះ បញ្ហាប្រឈមធំៗដែលនឹងគំរាមកំហែងដល់សេដ្ឋកិច្ចកម្ពុជា រួមមាន ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល ពិសេសជម្លោះនៅមជ្ឈិមបូព៌ា សង្គ្រាមរុស្សី-អ៊ុយក្រែន និងការផ្ទុះបាតុកម្មនៅទូទាំងតំបន់អឺរ៉ុប។
យ៉ាងណាមិញ វិបត្តិអចលនទ្រព្យ និងសំណង់ ព្រមទាំងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យធនាគារ លំហូរភ្ញៀវទេសចរ និងការវិនិយោគ។ បន្ថែមលើនេះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៃបាតុភូត អែលនីញ៉ូ នឹងគំរាមកំហែងដល់ទិន្នផលផលិតផលកសិកម្មឱ្យធ្លាក់ចុះ ខណៈមូលដ្ឋាននាំចេញរបស់កម្ពុជា មានទំហំចង្អៀតអាចធ្វើឱ្យកម្ពុជា ងាយរងគ្រោះខ្លាំងនៅពេលមានវិបត្តិសកលកើតឡើងផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា នៅឆ្នាំ២០២៧ សេដ្ឋកិច្ចកម្ពុជានឹងអាចបន្តស្ថិតក្នុងដំណាក់កាល នៃការសម្របសម្រួលខ្លួនទៅនឹងបរិយាកាសសេដ្ឋកិច្ចពិភពលោកដែលមានការប្រែប្រួលខ្ពស់។
បើតាមអ្នកជំនាញរូបនេះ បញ្ហាប្រឈមដែលកម្ពុជាគួរតាមដាន និងយកចិត្តទុកដាក់រួមមានភាពមិនប្រាកដប្រជានៃបញ្ហាភូមិសាស្ត្រនយោបាយ តម្លៃប្រេងឥន្ធនៈ និងថ្លៃដើមផលិតកម្ម ពាណិជ្ជកម្មអន្តរជាតិ ស្ថានភាពឥណទាន និងវិស័យអចលនទ្រព្យក្នុងស្រុក។
តែទោះយ៉ាងណា លោកបណ្ឌិតយល់ថា កម្ពុជានៅតែមានសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ ប៉ុន្តែទាមទារឱ្យភាគីពាក់ព័ន្ធគួរធ្វើពិពិធកម្មសេដ្ឋកិច្ច ទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ជំរុញផលិតកម្មក្នុងស្រុកបន្ថែម ព្រមទាំងពង្រឹងផលិតភាពកម្លាំងពលកម្ម។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ស្ថិតក្នុងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនទាបជាងការវាយតម្លៃកន្លងមក ពោលគឺនឹងមានអត្រាប្រមាណ៤% នៅឆ្នាំ២០២៦ និងប្រមាណ៤,៨% នៅឆ្នាំ២០២៧។ កំណើនទាបជាងការវាយតម្លៃកន្លងទៅនេះ គឺដោយសារការទទួលរងនូវផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុកពីបញ្ហាផ្ទួនៗគ្នា ពោលគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេងឥន្ធនៈ, ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដែលបានទាញទម្លាក់កំណើនវិស័យសំខាន់ៗមួយចំនួន ជាពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត។
យោងតាមឯកសារគាំទ្រការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែវិច្ឆិកា បានបង្ហាញថា សម្រាប់រយៈពេលមធ្យមខាងមុខ ពោលគឺនៅឆ្នាំ២០២៧-២០២៩ ហានិភ័យម៉ាក្រូសេដ្ឋកិច្ចត្រូវបានវាយតម្លៃថា នឹងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដែលជាចរន្ត នៃផលប៉ះពាល់មិនកម្រិតត្រឹមកំណើនសេដ្ឋកិច្ច និងសូចនាករសង្គមគន្លឹះៗប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវផលប៉ះពាល់ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ៕