លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សង្កេតឃើញថា តួនាទីរបស់អាស៊ានក្នុងការដោះស្រាយជម្លោះរវាងប្រទេសសមាជិកហាក់នៅមានកម្រិត ដោយសារអាស៊ានដើរតួនាទីត្រឹមជាវេទិកាកាត់បន្ថយភាពតានតឹងជាជាងការដោះស្រាយវិវាទឱ្យបានជាក់លាក់។ លោកបណ្ឌិតបានចាត់ទុកការប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកជាខ្នោះធ្វើឱ្យអាស៊ានខ្វះយន្តការអនុវត្តជាក់ស្តែង ដែលប្រៀបដូចជា«ខ្លាក្រដាស»។ ដើម្បីពង្រឹងឥទ្ធិពល និងសមត្ថភាពរបស់ខ្លួនអ្នកជំនាញរូបនេះយល់ថា អាស៊ានចាំបាច់ត្រូវពិនិត្យឡើងវិញនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ព្រមទាំងបង្កើតយន្តការដោះស្រាយវិវាទឯករាជ្យនៅក្រៅក្របខណ្ឌ និងពង្រឹងការការពារសិទ្ធិមនុស្ស និងគោលការណ៍មនុស្សធម៌ តែការកែទម្រង់ទាំងនេះត្រូវការការឯកភាពពីបណ្ដាប្រទេសជាសមាជិកជាមុនសិន។ សម្រាប់កម្ពុជា លោកបណ្ឌិតយល់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីក្លាយជារដ្ឋដែលមានភាពរឹងមាំ និងអាចការពារខ្លួនពីការមើលងាយ និងការឈ្លានពានពីខាងក្រៅ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការពង្រឹងប្រព័ន្ធការពារព្រំដែនឱ្យបានរឹងមាំ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ទោះបីអាស៊ានមានធម្មនុញ្ញ និងក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងនយោបាយក៏ដោយ ប៉ុន្តែអាស៊ាននៅខ្វះយន្តការជាក់ស្តែងក្នុងការដោះស្រាយជម្លោះរវាងប្រទេសសមាជិក។ កត្តានេះធ្វើឱ្យអាស៊ានមិនអាចដើរតួនាទីសំខាន់ក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃបានឡើយ ដោយសារប្រទេសសមាជិកនីមួយៗមានផលប្រយោជន៍ និងទំនាក់ទំនងល្អជាមួយគ្នា និងមានមហាអំណាចជួយការពាររៀងៗខ្លួន។ សម្រាប់អ្នកជំនាញរូបនេះ ការជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្រោមកិច្ចសម្របសម្រួលរបស់ម៉ាឡេស៊ី ដែលកាលនោះជាប្រធានអាស៊ានប្ដូរវេន និងបន្តមកប្រទេសហ្វីលីពីន ដើម្បីតាមដានស្ថានការណ៍តាមបណ្ដោយព្រំដែនហាក់នៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់សកម្មភាពយោធារបស់ភាគីថៃនៅឡើយទេ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពនេះទាមទារឱ្យកម្ពុជាត្រូវពង្រឹងសមត្ថភាពជាតិឱ្យកាន់តែរឹងមាំ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ស្របតាមច្បាប់អន្តរជាតិ។
យោងតាមឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កម្ពុជាបានលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃមកដាក់ចំពោះមុខមេដឹកនាំពិភពលោកផ្ទាល់ ដើម្បីជំរុញរកដំណោះស្រាយដោយសន្តិវិធី។ នៅក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ទោះបីជាការប៉ះទង្គិចគ្នាបានស្ងប់ស្ងាត់រយៈពេលជិតមួយឆ្នាំហើយក្តី ប៉ុន្តែឫសគល់នៃជម្លោះមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ពីព្រោះខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរមិនទាន់ត្រូវបានវាស់វែង និងបោះបង្គោលឱ្យបានច្បាស់លាស់នៅឡើយ ដែលទាមទារឱ្យមានការដោះស្រាយដោយយកចិត្តទុកដាក់បំផុត៕