កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចំណតផែទឹកជ្រៅដំណាក់កាលទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅខែមីនា ខណៈអ្នកជំនាញរំពឹងជួយជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរ


កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលដើរតួនាទីជាច្រកទ្វារនាំទំនិញចេញ-ចូល ដ៏សំខាន់របស់កម្ពុជា កំពុងអភិវឌ្ឍខ្លួនយ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងកំណើនបរិមាណទូកុងតឺន័រ និងទំនិញឆ្លងកាត់ដែលមានការកើនឡើងជាបន្តបន្ទាប់។ តួយ៉ាងគម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង៣៥០ម៉ែត្រជម្រៅទឹក១៤,៥ម៉ែត្រគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៧ខាងមុខ ក្រោយសម្រេចបានការសាងសង់ជិត៨០% នៅត្រឹមខែកញ្ញា។
ចំណតផែទឹកជ្រៅដំណាក់កាលទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅខែមីនា ខណៈអ្នកជំនាញរំពឹងជួយជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរ
ដោយ

បើតាមថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ កំពង់ផែសម្រេចបានកំណើនបរិមាណទូកុងតឺន័រឆ្លងកាត់ជាង២៥% បើធៀបនឹងឆ្នាំមុន។ ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះផែទឹកជ្រៅថ្មី ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយក្នុងការជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងរួមចំណែកពង្រីកផលិតភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យកាន់តែប្រសើរ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានចាត់ទុកកំណើនបរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជាង២៥% នៅក្នុងរយៈពេល៩ខែឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដែលត្រូវបានជំរុញជាចម្បងពីកំណើននាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម។ បើតាមអ្នកជំនាញរូបនេះ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជារំពឹងនឹងកាន់តែមានសក្តានុពលរីកចម្រើនថែមទៀត ក្រោយពេលគម្រោងកំពង់ផែទឹកជ្រៅថ្មី-ជំហានទី១ដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ ដែលនឹងផ្តល់ផលចំណេញបន្ថែមដល់សេដ្ឋកិច្ចជាតិ។ បើតាមអ្នកជំនាញរូបនេះនៅពេលកំពង់ផែទឹកជ្រៅថ្មីដាក់ឱ្យដំណើរការ មិនត្រឹមអាចកាត់បន្ថយបញ្ហាខ្វះខាតកន្លែងផ្ទុកទំនិញប៉ុណ្ណោះទេ ថែមទាំងអាចឱ្យកប៉ាល់ខ្នាតធំៗចូលចតបាន ដែលជួយកាត់បន្ថយថ្លៃដើម និងផ្តល់តម្លៃសេវាកម្មធូរជាងមុន ដ្បិតបច្ចុប្បន្នថ្លៃដឹកជញ្ជូនរបស់កម្ពុជាខ្ពស់ជាងប្រទេសជិតខាងប្រហែល១០% ទៅ២៥% ដោយសារការប្រើប្រាស់កប៉ាល់តូចៗ។

ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា បានបង្ហាញក្តីរំពឹងខ្ពស់ថា ក្រោយគម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មីដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ វានឹងជួយពង្រីកសក្តានុពល និងផលិតភាពរបស់វិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈការអនុញ្ញាតឱ្យនាវាខ្នាតធំៗអាចចូលចតបាន ដែលស្របទៅនឹងកំណើននាំចេញ-នាំចូលទំនិញរបស់កម្ពុជានាពេលអនាគត។ បើតាមអ្នកជំនាញរូបនេះ ការនាំចេញ និងប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាបានបន្តកើនឡើងគួរឱ្យកត់សម្គាល់នាពេលនេះ ដែលត្រូវបានជំរុញដោយសារកំណើននៃការវិនិយោគ និងការបង្កើតរោងចក្រថ្មីៗ និងការកើនឡើងនៃការនាំចេញផលិតផលកសិកម្ម។

បើតាមការបញ្ជក់របស់ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ សម្រេចបានការសាងសង់ប្រមាណជាង៧៧% និងគ្រោងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំ២០២៧ ខាងមុខ។ បើតាមថ្នាក់ដឹកនាំរូបនេះ បន្ទាប់ពីគម្រោងនេះសាងសង់រួចនឹងអនុញ្ញាតឱ្យនាវាដឹកជញ្ជូនក្នុងពិភពលោកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់ ពុំមានឧបសគ្គជម្រៅទឹក និងធ្វើឱ្យតម្លៃដឹកជញ្ជូនមានតម្លៃប្រហាក់ប្រហែលជាមួយប្រទេសផ្សេងៗក្នុងតំបន់។ ថ្នាក់ដឹកនាំរូបនេះបានឱ្យដឹងថា ស្ថិតក្នុងកាលៈទេសៈប្រតិបត្តិការមានភាពមមាញឹកខ្លាំង និងលើសពីសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រេចបានកំណើនបរិមាណទូកុងតឺន័រឆ្លងកាត់ជាង២៥% នៅរយៈពេល៩ខែឆ្នាំ២០២៦ បើធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានបរិមាណទូកុងតឺន័រឆ្លងកាត់សរុបជាង៤០ម៉ឺន TEUs កើនឡើងជាង១០%ជាមួយចំណូលជាង៤១លានដុល្លារកើនឡើងជាង១៦%៕




អត្ថបទបន្ទាប់


តើអាស៊ាន​អាចបាត់បង់ឥទ្ធិពលទេ ក្រោយមិនអាចសម្របសម្រួលដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក?

អ្នកជំនាញភូមិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃថា សមត្ថភាពរបស់អាស៊ាន នៅមានកម្រិតខ្លាំងណាស់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដ…

បញ្ហាសំខាន់ៗចំនួន៣ ត្រូវបានគេរំពឹងថា​នឹងត្រូវបានដាក់លើតុចរចារវាងមេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ី

ជំនួបត្រីភាគីរវាងលោក វ្ល៉ាឌីមៀ ពូទីន លោក ស៊ី ជីនភីង និងលោក ដូណាល់ ត្រាំ នៅលើទឹកដីប្រទេសចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា មិនមែនគ្រាន់តែជាជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ