វិស័យ​ការបរទេស

កម្ពុជា ស្នើឱ្យថៃ សហការ​​វាស់វែងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង តើថៃ មានឆន្ទៈធ្វើបែបនេះទេ?


កម្ពុជា បន្តបានប្រើប្រាស់វេទិអន្តរជាតិ ទាំងនៅកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅកម្ពុជា និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសហ្វីលីពីន បកអាក្រាតពីទង្វើឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា សំដៅដាក់ជំរុញឱ្យថៃ ចូលតុចរចាបញ្ចប់ជម្រោះព្រំដែនដ៏រ៉ាំរ៉ៃមួយនេះ។
តើថៃមានឆន្ទៈចង់វាស់វែងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយកម្ពុជាទេ
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា មកទល់ពេលនេះថ្នាក់ដឹកនាំកម្ពុជា នៅរក្សាគោលជំហរច្បាស់លាស់ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា នៅតែមានសិទ្ធិក្នុងការបង្ហាញដល់អន្តរជាតិ ចំពោះសកម្មភាពឈ្លានពានរបស់ថៃ មកលើអធិបតេយ្យកម្ពុជា ហើយថៃ ពុំមានសិទ្ធិអាចហាមឃាត់កម្ពុជា មិនឱ្យនិយាយបាននោះទេ។ ជាមួយគ្នានេះលោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់អាវុធការទូតរបស់កម្ពុជានឹងអាចបញ្ចប់សកម្មភាពឈ្លានពានរបស់ថៃ និងធ្វើឱ្យប្រទេសទាំងពីរមានព្រំដែនច្បាស់លាស់តាមច្បាប់អន្តរជាតិ ដោយយុត្តិធម៌នាពេលខាងមុខ។

ដោយឡែក លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ យល់ឃើញថា ចេតនានយោបាយរបស់ភាគីថៃនឹងមិនចង់ចូលតុចរចា ឬងាកមកអនុវត្តយន្តការទ្វេភាគីជាមួយកម្ពុជារឿងព្រំដែននោះទេ ព្រោះបើវាស់វែងតាមបច្ចេកទេស និងឯកសារច្បាប់ពាក់ព័ន្ធ នឹងបង្ហាញច្បាស់ថា ថៃបានឈ្លានពានទឹកដីកម្ពុជាពិតប្រាកដមែន។ សម្រាប់អ្នកជំនាញរូបនេះ នៅចំពោះមុខនេះ មានតែការទាញសហគមន៍អន្តរជាតិឱ្យដាក់សម្ពាធថៃ និងព្យាយាមទាញដៃមហាអំណាចឱ្យយកចិត្តទុកដាក់លើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីជំរុញឱ្យបញ្ចប់ការឈ្លានពានប៉ុណ្ណោះ ទើបអាចដោះស្រាយបាន ។ ទោះជាយ៉ាងណាលោកបណ្ឌិត លើកឡើងថា ការទាញចំណាប់អារម្មណ៍សហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើថៃបានលុះត្រាតែមានផលប្រយោជន៍ដល់ពួកគេ។ សម្រាប់លោកបណ្ឌិត ស៊ឺន សំ ការបកអាក្រាតតាមយន្តការការទូត និងសារព័ត៌មានបានធ្វើឱ្យការទូតរបស់ប្រទេសថៃរងភាពអាម៉ាស់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្រៅតែពីយន្តការការទូត កម្ពុជាត្រូវតែបន្តយន្តការច្បាប់អន្តរជាតិ យន្តការព័ត៌មាន និងការពង្រឹងសមត្ថភាពយោធា និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងឱ្យបានច្រើន។

គួរបញ្ជាក់ថា កំហឹង និងភាពទាល់ច្រករបស់ភាគីថៃ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការព្រមានដ៏ក្រអឺតក្រទមរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលបានចេញមុខព្រមានកម្ពុជាកុំឱ្យយកបញ្ហាព្រំដែនទៅជជែកលើឆាកអន្តរជាតិ ដោយព្រមានថា វានឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត។ ប៉ុន្តែការព្រមានបែបគំរាមកំហែងនេះ មិនអាចបិទបាំងការពិត និងមាត់របស់កម្ពុជាបានឡើយ ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបកអាក្រាតពីទង្វើឈ្លានពានរបស់យោធាថៃនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដោយមានប្រទេសចូលរួមប្រមាណ៨១ប្រទេស។ ឆ្លើយតបនឹងការព្រមានជាបន្តបន្ទាប់របស់ថៃសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា ប្រសិនបើថៃ ចង់ឱ្យកម្ពុជា ឈប់លើកឡើងពីបញ្ហាជម្លោះព្រំដែននៅលើឆាកអន្តរជាតិ ថៃត្រូវតែគោរពកិច្ចព្រមព្រៀង និងដំណើរការវាស់វែងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង បើពុំដូច្នេះទេកម្ពុជានឹងតែបន្តលើកឡើងពីបញ្ហានេះ ហើយអាចខ្លាំងជាងមុនក៏ថាបាន៕




អត្ថបទបន្ទាប់


ចំណតផែទឹកជ្រៅដំណាក់កាលទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅខែមីនា ខណៈអ្នកជំនាញរំពឹងជួយជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលដើរតួនាទីជាច្រកទ្វារនាំទំនិញចេញ-ចូល ដ៏សំខាន់របស់កម្ពុជា កំពុងអភិវឌ្ឍខ្លួនយ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងកំណើន…

តើអាស៊ាន​អាចបាត់បង់ឥទ្ធិពលទេ ក្រោយមិនអាចសម្របសម្រួលដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក?

អ្នកជំនាញភូមិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃថា សមត្ថភាពរបស់អាស៊ាន នៅមានកម្រិតខ្លាំងណាស់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ