ក្រសួងការបរទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានចេញសេចក្តីព្រមានមួយទៅកាន់មន្ត្រីរដ្ឋាភិបាល និងស្ថាប័ននានាបង្កើនការប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិជាសាធារណៈពាក់ព័ន្ធនឹងប្រទេសចិន ដោយបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់នៃការនិយាយសំឡេងតែមួយ ខណៈដែលប្រទេសនេះកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលបានអញ្ជើញប្រតិភូចិន ឱ្យចូលរួមផងដែរ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីមន្ត្រីនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានធ្លាក់ចូលក្នុងសង្គ្រាមពាក្យសម្តីអស់រយៈពេលជាយូរមកហើយជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយនៅលើពិភពលោក។ ទោះបីជាសាលក្រមតុលាការអាជ្ញាកណ្តាលអន្តរជាតិ បានសម្រេចថា ការទាមទាររបស់ចិន គ្មានមូលដ្ឋានច្បាប់ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង នៅតែបន្តគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់នេះ។
ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ថា ការបញ្ចេញមតិដោយខ្វះការពិចារណាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់យុទ្ធសាស្ត្រការទូត ហើយថែមទាំងធ្វើឱ្យបេសកកម្មរបស់អ្នកការទូតហ្វីលីពីន កាន់តែស្មុគស្មាញ និងទាល់ច្រក។ លើសពីនេះការឆ្លើយតបដោយអារម្មណ៍ និងខ្វះការប្រុងប្រយ័ត្នអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តលើប្រទេសហ្វីលីពីន នៅក្នុងឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីរូបភាពនៃភាពបែកបាក់ផ្ទៃក្នុង ដែលបើកឱកាសឱ្យភាគីខាងក្រៅទាញយកផលប្រយោជន៍ និងធ្វើឱ្យអំណាចចរចារបស់ហ្វីលីពីនធ្លាក់ចុះទន់ខ្សោយ។
មុខសញ្ញាចម្បង នៃសេចក្តីថ្លែងការណ៍នេះ គឺតម្រង់ទៅលើស្ថាប័នសន្តិសុខជាតិ និងកងកម្លាំងប្រដាប់អាវុធ ដែលបានតតាំងពាក្យសម្តីជាមួយស្ថានទូតចិន លើបណ្តាញសង្គមអស់រយៈពេលជាច្រើនខែមកនេះ។ ជម្លោះពាក្យសម្តីនេះបានឡើងកម្តៅខ្លាំងកាលពីខែមុន នៅពេលដែលសមាជិកព្រឹទ្ធសភាហ្វីលីពីនខ្លះ បានស្នើឱ្យប្រកាសថា ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល ជាបុគ្គលមិនត្រូវបានស្វាគមន៍។ ជាការឆ្លើយតប ទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងម៉ានីលវិញថា បានបង្កើតឧបសគ្គរារាំងខ្លួន មុននឹងសម្រេចចិត្តទម្លាក់កម្រិតតំណាងដោយបញ្ជូនត្រឹមតែមន្ត្រីយោធាប្រចាំស្ថានទូតឱ្យទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានជំនួសវិញ៕