នៅពេលបញ្ចប់ការសិក្សា និស្សិតកម្ពុជាទាំងនោះ ក៏អាចបន្តធ្វើការនៅប្រទេសជប៉ុន ដើម្បីដកស្រង់បទពិសោធយកមកអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគតផងដែរ ខណៈបច្ចុប្បន្ន ប្រទេសជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៨០ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។
និស្សិតកម្ពុជាដំបូងគេ ដែលនឹងត្រូវបញ្ជូនទៅសិក្សា និងអនុវត្តជំនាញឌីជីថលនៅជប៉ុននោះ មានឈ្មោះ ហេង វិច្ឆិកា ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ AUPP។ និស្សិត ហេង វិច្ឆិកា ត្រូវបានជ្រើសរើសឱ្យទៅធ្វើការនៅក្រុមហ៊ុនឌីជីថលមួយរបស់ប្រទេសជប៉ុន នៅចុងឆ្នាំ២០២៦ ខាងមុខនេះ ដែលនេះគឺជាស្ពានចម្លងដ៏សំខាន់មួយក្នុងការតភ្ជាប់ទីផ្សារការងារជំនាញឌីជីថលកម្រិតអន្តរជាតិ ព្រមទាំងជាឱកាសក្នុងការស្វែងយល់ពីផ្នត់គំនិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជប៉ុន ទទួលបានបទពិសោធល្អៗ និងប្រាក់បៀវត្សខ្ពស់ តាមរយៈការចូលរួមអនុវត្តការងារជាក់ស្តែង។
បច្ចុប្បន្ន និស្សិតដែលកំពុងសិក្សាក្នុងកម្មវិធី Japanese IT Academic Pathway មានចំនួនសរុប ៧៩រូប ក្នុងនោះ ៣៨រូប នៅសាកលវិទ្យាល័យ AUPP និង ៤១រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT)។ និស្សិតទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញការងារជំនាញឌីជីថលនៅតាមក្រុមហ៊ុនឌីជីថលធំៗរបស់ជប៉ុន នាពេលខាងមុខ។
ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមជប៉ុន-កម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកម្មវិធីនេះអាចដំណើរការទៅបានដោយជោគជ័យ និងមានភាពរលូន ដើម្បីរួមចំណែកបង្កើនធនធានមនុស្សឌីជីថល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។