វិស័យពាណិជ្ជកម្ម

អ្នកជំនាញជំរុញឱ្យកម្ពុជាពង្រីកការវាយលុកទីផ្សារចិន ដើម្បីទប់ឱនភាពពាណិជ្ជកម្មកុំឱ្យរីកប៉ោងធំពេក


នៅក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៦ ទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានហក់ឡើងគួរឱ្យកត់សម្គាល់រហូតដល់ទៅជាង៩,៣ពាន់លានដុល្លារមានការកើនឡើងជិត២៣%ដែលធ្វើឱ្យចិននៅតែបន្តគ្រងតំណែងជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់កម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនហៅមិនលឺរហូតដល់ជាង៧,៨ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ទោះបីជាបច្ចុប្បន្នកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនច្រើនក៏ដោយ ប៉ុន្តែតួលេខនេះបានស្តែងឱ្យឃើញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏ស្អិតរមួត និងបង្ហាញថា ចិន គឺជាដង្ហើមនៃខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។ ទោះយ៉ាងណាក្រុមអ្នកជំនាញបានផ្តល់យោបល់ថា កម្ពុជាចាំបាច់ត្រូវតែបង្កើនការនាំចេញទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន និងត្រូវប្រែក្លាយខ្លួនជាអ្នកផលិតវត្ថុធាតុដើមដោយខ្លួនឯង ដើម្បីបង្កើតតម្លៃបន្ថែម និងកាត់បន្ថយគម្លាតជញ្ជីងពាណិជ្ជកម្ម។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានចាត់ទុកកំណើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន គឺជាផ្លែផ្កាដុះចេញពីភាពល្អិតរមួត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអនុញ្ញាតឱ្យកម្ពុជាអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចបានច្រើនជាងមុន។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាមានលក្ខណៈផ្អៀងខ្លាំង ដោយសារឱនភាពពាណិជ្ជកម្មដ៏ធំធេងជាមួយចិនក៏ដោយ ប៉ុន្តែបើមើលក្នុងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច វាគឺជាសញ្ញាវិជ្ជមានមួយ ព្រោះទំនិញដែលកម្ពុជានាំចូលពីចិនភាគច្រើនលើសលុបសុទ្ធសឹងជាវត្ថុធាតុដើម ដែលយកមកបម្រើឱ្យការកែច្នៃ និងពង្រីកសមត្ថភាពផលិត ដើម្បីនាំចេញបន្តទៅកាន់ទីផ្សារធំៗនៅប៉ែកអឺរ៉ុប និងអាម៉េរិក។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចរក្សាលំនឹងជញ្ជីងពាណិជ្ជកម្មឱ្យស្មើភាពគ្នាជាមួយចិនភ្លាមៗបានឡើយ ដោយសារទំហំសេដ្ឋកិច្ច និងគ្រឹះឧស្សាហកម្មនៃប្រទេសទាំងពីរមានគម្លាតខុសគ្នាឆ្ងាយដូចមេឃនិងដី។

ប៉ុន្តែកម្ពុជាអាចបំលែងឱនភាពនេះបាន តាមរយៈការធ្វើពិពិធកម្មទំនិញនាំចេញ ហែករបាំងភូតគាមអនាម័យដោយការកសាងមន្ទីរពិសោធន៍ស្តង់ដារលំដាប់ខ្ពស់ ដើម្បីកុំឱ្យទំនិញកម្ពុជាជាប់គាំងនៅគយចិន បង្កើតរោងចក្រផលិតវត្ថុធាតុដើមក្នុងស្រុកដោយខ្លួនឯង ព្រមទាំងខំប្រឹងស្រូបទាញលំហូរវិនិយោគិន និងទេសចរណ៍ពីប្រទេសចិនឱ្យបានកាន់តែច្រើន។

ជាមួយគ្នានេះលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ក៏បានបង្ហាញទស្សនៈយល់ឃើញស្រដៀងគ្នាដែរថា សន្ទុះនៃការដោះដូរពាណិជ្ជកម្មនេះ គឺជាសញ្ញាណដ៏ល្អ នៃការផ្គត់ផ្គង់វត្ថុធាតុដើមពីចិនមកកម្ពុជា ដើម្បីធ្វើជាឈ្នាន់ក្នុងការបង្កើនសមត្ថភាពផលិត និងពង្រីកការនាំចេញរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី ដើម្បីអាចឱ្យកម្ពុជាគ្រប់គ្រង និងទប់ទល់នឹងការយាយីនៃឱនភាពពាណិជ្ជកម្មដ៏ក្រាស់ក្រែលនេះបាន អ្នកជំនាញរូបនេះយល់ថា កម្ពុជាត្រូវតែបន្តជំរុញការនាំចេញទំនិញដែលមានតម្លៃបន្ថែមខ្ពស់ចូលទៅកាន់ទីផ្សារចិនឱ្យបានជាអតិបរមា ត្រូវចេះល្បួងចិត្ត និងទាញលំហូរទុនពីវិនិយោគិនបរទេសឱ្យមកវិនិយោគលើការផលិតក្នុងស្រុក ក៏ដូចជាការប្រឹងប្រែងចម្រាញ់យកផលប្រយោជន៍ឱ្យអស់លទ្ធភាព ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៦ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបានក្នុងទំហំទឹកប្រាក់ជាង៩,៣ពាន់លានដុល្លារ មានការកើនឡើងជិត២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជានាំចេញទៅចិន មានទំហំជាង៧៥៣លានដុល្លារ កើនឡើងជិត១៩% ខណៈចិននាំចូលទំនិញមកកម្ពុជាវិញមានទំហំជាង ៨,៦ពាន់លានដុល្លារកើនឡើងជាង២៣%។ ដោយកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនប្រមាណ ជាង៧,៨ពាន់លានដុល្លារ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកបង្ហាញថា កម្ពុជា មានសន្តិភាព និងសុវត្ថិភាពល្អប្រសើរជាងថៃ

របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកប្រចាំឆ្នាំ២០២៦ (Global Peace Index 2026) បានធ្វើឱ្យអ្នកដែលចូលចិត្តអួតអាង និងលើកតម្កើងប្រទេសជិតខាងត្រូវ…

អ្នកជំនាញដាស់តឿនឈ្មួញដែលបន្តនាំចូលទំនិញពីថៃ ឱ្យគិតពីមនសិការជាតិ​ជាធំ ខណៈអាជ្ញាធររកឃើញឃ្លាំងស្តុកសាច់បង្កករាប់សិបតោននាំចូលពីថៃ

ផ្ទុះការវែកញែក និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកជាច្រើនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ