លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានគូសបញ្ជាក់ថា ការដាំដុះដំណាំការហ្វេនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សនៅមួយរយៈពេលចុងក្រោយនេះ ពោលគឺគ្រាន់តែនៅប៉ុន្មានខែក្នុងឆ្នាំ២០២៦ ការពង្រីកផ្ទៃដីដាំដុះកាហ្វេបន្ថែមថ្មីមានចន្លោះពី៦០០ទៅ៨០០ហិកតាឯណោះ ខណៈគិតត្រឹមឆ្នាំ២០២៥ ផ្ទៃដីដាំដុះដំណាំកាហ្វេសរុបនៅកម្ពុជា មានត្រឹមប្រមាណ៨០០ហិកតាប៉ុណ្ណោះ។ បើតាមប្រធានសមាគមរូបនេះ ទោះបីជាមានការពង្រីកផ្ទៃដីដាំដុះបន្ថែមក៏ដោយ តែទិន្នផលការហ្វេដែលផលិតបានសម្រាប់ផ្គត់ផ្គង់លើទីផ្សារនៅតែមានកម្រិតទាបនៅឡើយ ក្នុងរង្វង់ជាង១ពាន់តោនក្នុង១ឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នានេះលោកហាក់មានការបារម្ភពីបាតុភូតអែលនីណូក្នុងការទាញទម្លាក់ទិន្នផលកាហ្វេនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ លោកណែនាំដល់កសិករដែលគ្រោងពង្រីកការដាំដុះថ្មី គួរផ្អាកសិន ប្រសិនបើមិនមានប្រភពទឹក ឬរៀបចំប្រព័ន្ធទឹកបានត្រឹមត្រូវទេនោះ ដើម្បីបង្ការការខាតបង់ផ្សេងៗ។
ជាមួយគ្នានេះ លោក ង៉ូច ស្មេន កសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី ទទួលស្គាល់ថា ភាពរាំងស្ងួតនឹងធ្វើឱ្យផ្លែកាហ្វេមិនសូវកាន់គ្រាប់ និងប៉ះពាល់ដល់ទិន្នផលខ្លាំង ជាពិសេសតំបន់ដែលខ្វះខាតប្រព័ន្ធស្រោចស្រព។ ទោះបីអាចប្រឈមនឹងបញ្ហាអាកាសធាតុនៅឆ្នាំនេះក៏ដោយ តែកសិករដាំកាហ្វេរូបនេះបានឱ្យដឹងថា លោកនៅតែបន្តពង្រីកផ្ទៃដីដាំដុះកាហ្វបន្ថែមនៅទីតាំង ដែលមានប្រភពទឹកគ្រប់គ្រាន់ ជាមួយការត្រៀមរៀបចំផែនការការពារហានិភ័យ ដើម្បីឆ្លើយតបនឹងតម្រូវការកាហ្វេនៅលើទីផ្សារដែលកំពុងមានសម្ទុះគាំទ្រខ្ពស់នាពេលបច្ចុប្បន្ននេះ។
តម្លៃកាហ្វេនៅលើទីផ្សារកម្ពុជា និងពិភពលោកត្រូវបានរំពឹងថា នឹងហក់ឡើងខ្ពស់នៅឆ្នាំក្រោយដោយសារតែកង្វះខាតការផ្គត់ផ្គង់ ដែលរងការបំផ្លិចបំផ្លាញពីអាកាសធាតុ។ បច្ចុប្បន្នតម្លៃកាហ្វេកិនរួចនៅលើទីផ្សារក្នុងស្រុកមានតម្លៃចន្លោះពី៤ទៅ៥ដុល្លារក្នុងមួយគីឡូក្រាម។
គួររំលឹកថា ក្រសួងធនធានទឹក និងឧតុនិយមទើបតែចេញការព្រមានថា បាតុភូត អែលនីណូ នឹងកើនឡើងដល់កម្រិត១០០% នៅក្នុងខែកក្កដា និងឈានដល់កម្រិតអតិបរមានៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។ ស្ថានភាពនេះនឹងបង្កឱ្យមាន «កូនរដូវប្រាំង» ហួតហែងរយៈពេលពីរ សប្តាហ៍នៅក្នុងខែសីហា ដែលតម្រូវឱ្យអាជ្ញាធរគ្រប់បណ្តាខេត្ត និងកសិករទាំងអស់ ត្រូវចាត់វិធានការសន្សំសំចៃ និងរក្សាប្រភពទឹកទុកឱ្យបានជាដាច់ខាត ដើម្បីទប់ទល់នឹងការខ្វះខាតទឹកនាពេលខាងមុខ៕