សារព័ត៌មាន AFP បានរាយការណ៍ថា ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ ច្បាប់ប្រជាជនថ្មីរបស់វៀតណាម បានចូលជាធរមាន ដោយផ្តល់អត្ថប្រយោជន៍បន្ថែមដល់គ្រួសារដែលយកកូនទី២។ ស្ត្រីជាម្តាយនឹងទទួលបានការឈប់សម្រាកពីការងារពី៦ខែ កើនដល់៧ខែ ទទួលបានសេវាពិនិត្យសុខភាពមុន និងក្រោយសម្រាលដោយឥតគិតថ្លៃ ព្រមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភម្តងចំនួន២២៨ដុល្លារអាម៉េរិក អាស្រ័យលើលក្ខខណ្ឌដែលបានកំណត់។
ការផ្លាស់ប្តូរនេះធ្វើឡើងក្រោយវៀតណាម សម្រេចលុបចោលគោលនយោបាយកំណត់កូនត្រឹម២នាក់ក្នុងឆ្នាំ២០២៥ ខណៈអត្រាកំណើតទារកបានធ្លាក់មកនៅត្រឹម១,៩កំណើតទារកក្នុងស្ត្រីម្នាក់ ដែលទាបជាងកម្រិត២,១កំណើតទារកក្នុងស្ត្រីម្នាក់ ដែលជាកម្រិតចាំបាច់សម្រាប់រក្សាចំនួនប្រជាជនឱ្យមានស្ថិរភាព។ រដ្ឋាភិបាលវៀតណាម ព្រមានថា ប្រសិនបើនិន្នាការនេះនៅតែបន្ត វៀតណាមនឹងប្រឈមកង្វះកម្លាំងពលកម្ម ការកើនឡើងបន្ទុកថវិកាសម្រាប់ថែទាំមនុស្សវ័យចំណាស់ និងការធ្លាក់ចុះ នៃកំណើនសេដ្ឋកិច្ច ខណៈចំនួនប្រជាជនវ័យចំណាស់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណា ពលរដ្ឋវៀតណាមជាច្រើនយល់ថា ការលើកទឹកចិត្តរបស់រដ្ឋនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពួកគេបានលើកឡើងថា ថ្លៃចិញ្ចឹមកូន ថ្លៃលំនៅឋាន និងថ្លៃចំណាយជីវភាពរស់នៅកំពុងកើនឡើងខ្លាំង ដែលធ្វើឱ្យគ្រួសារជាច្រើននៅតែមិនហ៊ាន ឬគ្មានលទ្ធភាពយកកូនបន្ថែម។
ទន្ទឹមនេះ ក្រុមអ្នកជំនាញអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម ផ្តល់ការគាំទ្ររយៈពេលវែងដូចជាជំនួយថ្លៃចិញ្ចឹមកុមារ ការពង្រីកសេវាថែទាំកុមារ និងគោលនយោបាយជួយកាត់បន្ថយបន្ទុកគ្រួសារ ប្រសិនបើចង់ជំរុញឱ្យអត្រាកំណើតទារកកើនឡើងវិញ និងទប់ស្កាត់វិបត្តិប្រជាសាស្ត្រ ដែលអាចកើតឡើងនាពេលអនាគត៕
ដោយ: តែម សុខុម