ទោះយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ អំពាវនាវឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ជនបរទេសដែលជាទេសចរ ឬជាអ្នកវិនិយោគស្របច្បាប់នៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនៅតែបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ទាប់ពី សមត្ថកិច្ចបង្កើនប្រតិបត្តិការបង្រ្កាបក្ដី ក្រុមជនល្មើសបានរត់ចេញពីទីតាំងដែលធ្លាប់មានការប្រមូលផ្ដុំ និងទៅជ្រកកោននៅទីតាំងផ្សេងទៀត ប៉ុន្តែពុំទាន់បានចាកចេញពីកម្ពុជា អស់នៅឡើយទេ ខណៈរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យជនបរទេសដែលរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា អាចចាកចេញដោយស្ម័គ្រចិត្ត។
ដោយឡែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកការបណ្ដេញជនបរទេសក្នុងចំនួនដ៏ច្រើននៅឆមាសទី១ ឆ្នាំនេះ គឺបានធ្វើឡើងក្រោមការសម្រេចចិត្តផ្នែកនយោបាយ និងមានឆន្ទៈយ៉ាងច្បាស់លាស់ក្នុងការបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ លើកឡើងថា អាជ្ញាធរត្រូវអនុវត្តការងារឱ្យបានច្បាស់លាស់ និងចៀសវាងការអនុវត្តដែលធ្វើឱ្យប៉ះពាល់ដល់ជនបរទេសជាទេសចរ និងមកវិនិយោគដោយស្របច្បាប់នៅកម្ពុជា។ ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវដល់សមត្ថកិច្ចដែលអនុវត្តការងារសូមកុំប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន ដើម្បីចៀសវាងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងត្រូវធ្វើយ៉ាងណារកវិធីបង្ការកុំឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតមានតទៅទៀត។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ជនបរទេសដែលបណ្ដេញចេញនឹងត្រូវបានហាមឃាត់មិនឱ្យចូលកម្ពុជានោះទេ។ ទន្ទឹមនេះ ឯកឧត្តម អះអាងថា ក្នុងរយៈពេលចុងក្រោយនេះ មន្រ្តីមានសមត្ថកិច្ចក៏បានកែសម្រួលនូវឥរិយាបថ និងកំពុងអនុវត្តភារកិច្ចការងារជំនាញមានប្រសិទ្ធភាពបានច្រើនជាងមុនផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ