លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ទោះបីជាធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៣,៥% នៅឆ្នាំ២០២៦ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពធន់ដោយសារមានការកើនឡើងពីការវិនិយោគផ្ទាល់ពីបរទេស និងការកើនឡើងនៃការនាំចេញ។ ជាក់ស្ដែងនៅក្នុងរយៈពេល៨ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា សម្រេចបានជាង៥០ពាន់លានដុល្លារកើនឡើងជាង២០% ខណៈការនាំចេញមានទំហំជាង២០ពាន់លានដុល្លារកើនឡើងជាង១៩% ស្របពេលការទាក់ទាញការវិនិយោគថ្មីមានរហូតដល់២១៤គម្រោង ដែលមានទុនសរុបប្រមាណ៤ពាន់លានដុល្លារ។
សម្រាប់អ្នកជំនាញរូបនេះ ទិន្នន័យទាំងនេះបានបង្ហាញថា ទោះបីបរិយាកាសសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាក៏ដោយ ក៏កម្ពុជា នៅតែមានសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ តែយ៉ាងណាស្ថិតក្នុងស្ថានភាពនេះ លោកបណ្ឌិត យល់ថា ភាគីពាក់ព័ន្ធគួរផ្ដោតលើការបង្កើនប្រាក់ចំណូល និងអំណាចទិញរបស់ប្រជាពលរដ្ឋ ពិសេសតាមរយៈការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញការផលិត កែច្នៃ និងបង្កើនប្រាក់ចំណូលជាដើម។
អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ លោកបណ្ឌិត ញិល រដ្ឋា បានចាត់ទុកការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ធនាគារពិភពលោកថា ជាសញ្ញាព្រមានមួយ ដែលទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់។ អ្នកជំនាញរូបនេះយល់ថា នៅចំពោះមុខបញ្ហានេះរាជរដ្ឋាភិបាលគួរបន្តពង្រីក និងបង្កើនប្រសិទ្ធភាព នៃកម្មវិធីជាតិគាំពារសង្គម ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ខណៈប្រព័ន្ធធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគួរពិចារណាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញឱ្យកាន់តែបត់បែន។ ជាមួយគ្នានេះ ផ្នែកវិស័យឯកជនផ្ទាល់ ក៏ត្រូវតែរវៀសរវៃក្នុងការកែសម្រួលយុទ្ធសាស្ត្រទីផ្សារ និងតម្លៃលក់ឱ្យស្របទៅតាមសមត្ថភាពចំណាយជាក់ស្តែងរបស់ប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារពិភពលោកព្យាករណ៍ថា នឹងថមថយមកនៅត្រឹម៣,៥% នៅឆ្នាំ២០២៦ ដែលកត្តាចម្បងបណ្តាលមកពីការធ្លាក់ចុះ នៃការប្រើប្រាស់របស់វិស័យឯកជន ខណៈកាលពីខែមិថុនា ស្ថាប័នអន្តរជាតិមួយនេះធ្លាប់ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន៣,៩%។ ធនាគារពិភពលោកបានពន្យល់នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ដែលបានចេញផ្សាយនៅខែតុលា នេះថា កំណើនសេដ្ឋកិច្ចកម្ពុជា ដែលថមថយនៅឆ្នាំនេះឆ្លុះបញ្ចាំងពីការថយចុះ នៃលំហូរប្រាក់ផ្ញើពីពលករខ្មែរនៅក្រៅប្រទេស កម្រិតអតិផរណាខ្ពស់ និងកំណើនឥណទាន ដែលនៅមានកម្រិតទាប។ ទោះជាយ៉ាងណានៅក្នុងរយៈពេលមធ្យមសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញឈានដល់៤%នៅឆ្នាំ២០២៧ និង៥%នៅឆ្នាំ២០២៨។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំនេះ មកនៅត្រឹមប្រមាណ៣% ផងដែរ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,១%។ ដោយឡែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនប្រមាណ៤,២% នៅឆ្នាំ២០២៦ នេះ៕
អត្ថបទ៖ បូ ដូឡា