បច្ចេកវិទ្យា AI​

ចិនដាក់ចេញបទបញ្ញត្តិហាមពលរដ្ឋអាយុក្រោម១៨ឆ្នាំបង្កើតគ្រួសារសិប្បនិម្មិតជាមួយ AI


ជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីចុងខែកញ្ញា បានធ្វើឡើងចំពេលដែលមានការព្រមានយ៉ាងក្ដៅគគុកថា បច្ចេកវិទ្យា AI ដែលកំពុងអភិវឌ្ឍលឿនហួសពីការគ្រប់គ្រងរបស់មនុស្ស អាចរុញច្រានមនុស្សជាតិឱ្យប្រឈមនឹងបញ្ហាធ្ងន់ធ្ងរនាពេលអនាគត។
បច្ចេកវិទ្យា AI​
ដោយ

ភ្លាមៗក្រោយជំនួបនោះ រដ្ឋបាលក្រុងប៉េកាំងបានប្រកាសថា ភាគីទាំងពីរបានយល់ព្រមបើកទំព័រកិច្ចសន្ទនាថ្មីស្ដីពីបច្ចេកវិទ្យា AI ដោយគ្រោងនឹងបន្តការពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅចុងខែវិច្ឆិកាខាងមុខ។ ទន្ទឹមនឹងនេះចិនបានដាក់បទបញ្ញត្តិដ៏ក្តៅគគុក ដើម្បីគ្រប់គ្រង AI ដែលផ្តល់ការសន្ទនាផ្លូវចិត្ត ឬដើរតួធ្វើជាសង្សារសិប្បនិម្មិត ហើយក្រុមហ៊ុនណាដែលល្មើសនឹងរងការពិន័យ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីពេលថ្មីៗនេះ នៅមុនជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាម៉េរិក និងចិនកាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅ ប្រទេសចិនបានមើលឃើញ និងទទួលស្គាល់រួចជាស្រេចនូវហានិភ័យដ៏ធំ ដែលកំពុងគំរាមកំហែងដល់សង្គម។ ទោះបីជាគ្រោះមហន្តរាយដល់មនុស្សជាតិមិនទាន់កើតឡើងភ្លាមៗក៏ដោយ ប៉ុន្តែឥទ្ធិពលនៃបច្ចេកវិទ្យា AI កំពុងតែជ្រៀតជ្រែកយ៉ាងជ្រៅ និងជំនួសឱ្យទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងមនុស្ស។

មុនពេលវិធានការផ្លូវច្បាប់ដ៏តឹងរ៉ឹងនេះចូលជាធរមាន ប្រជាប្រិយភាពនៃកម្មវិធីដៃគូសន្ទនាផ្លូវចិត្ត ឬ AI Companions នៅក្នុងប្រទេសចិន មានទំហំធំធេងស្ទើរតែមិនគួរឱ្យជឿ។ ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Sensor Tower បានបង្ហាញថា មានអ្នកប្រើប្រាស់កម្មវិធី AI ផ្នែកមនោសញ្ចេតនានេះសកម្មរហូតដល់ ១២៨លាននាក់ក្នុងមួយខែៗនៅក្រៅប្រទេសចិន ខណៈដែលចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនផ្ទាល់ ត្រូវគេប៉ាន់ប្រមាណថាមិនតិចជាង ២៩ ទៅ ៧០លាននាក់ឡើយ។

បទប្បញ្ញត្តិថ្មីដ៏តឹងរ៉ឹងបំផុតនេះ តម្រង់ទិសដៅដោយផ្ទាល់ទៅលើកម្មវិធី AI សន្ទនាមនោសញ្ចេតនា ដូចជា AI ដែលដើរតួជាមិត្តភក្តិ សង្សារប្រុស ឬសង្សារស្រីសិប្បនិម្មិត ដែលធ្វើតម្រាប់តាមទំនាក់ទំនងស្នេហារបស់មនុស្ស និងផ្តល់ការប្រឹក្សាផ្នែកផ្លូវចិត្ត។ វិធានការនេះបានចែងថា កុមារអាយុក្រោម១៤ឆ្នាំត្រូវតែមានការយល់ព្រមពីអាណាព្យាបាលជាដាច់ខាត និងយុវជនអាយុក្រោម១៨ឆ្នាំត្រូវហាមឃាត់ទាំងស្រុងមិនឱ្យប្រើប្រាស់កម្មវិធីសន្ទនាមនោសញ្ចេតនា ឬបង្កើតគ្រួសារសិប្បនិម្មិតជាមួយ AI ឡើយ។

សម្រាប់មនុស្សពេញវ័យប្រព័ន្ធ AI ត្រូវតែបញ្ជាក់អត្តសញ្ញាណខ្លួនឯងជាមុនថា មិនមែនជាមនុស្ស និងត្រូវផ្ញើសាររំលឹកអ្នកប្រើប្រាស់រៀងរាល់២ម៉ោងម្តង។ ជាពិសេស AI ត្រូវតែទប់ស្កាត់រាល់ការបង្ហាញទំនាក់ទំនងស្និទ្ធស្នាលជ្រុល ហាមដាច់ខាតការញុះញង់ឱ្យធ្វើអត្តឃាត ឬការប្រើប្រាស់ភាសាហិង្សា។ ទោះជាយ៉ាងណាច្បាប់នេះមិនរាប់បញ្ចូលកម្មវិធី AI បម្រើសេវាកម្មអតិថិជន ឬ AI ក្នុងវិស័យអប់រំនោះទេ។

ក្រុមហ៊ុនបច្ចេកវិទ្យាណាដែលបំពានច្បាប់នេះ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់រហូតដល់២០០,០០០យន់ ឬជិត ៣ម៉ឺនដុល្លារអាម៉េរិក រួមទាំងការព្រមានធ្ងន់ធ្ងរពីរដ្ឋាភិបាល ដែលអាចធ្វើឱ្យអាម៉ាស់មុខជាសាធារណៈ។ ឆ្លើយតបនឹងសម្ពាធផ្លូវច្បាប់នេះ ត្រឹមតែ១សប្តាហ៍មុនពេលបទប្បញ្ញត្តិចូលជាធរមាន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនពីរ គឺ Alibaba និង ByteDance បានសម្រេចចិត្តលុបមុខងារ AI ដៃគូសន្ទនាមនោសញ្ចេតនាចេញពីកម្មវិធីជំនួយការ AI របស់ពួកគេភ្លាមៗតែម្តង៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ្នករាយការណ៍ពិសេសទះកំផ្លៀងថៃមុខ UN ដោយបើកកកាយភាពអយុត្តិធម៌ និងទុក្ខវេទនារបស់ជនភៀសសឹកខ្មែរជិត២ម៉ឺននាក់

របាយការណ៍បច្ចុប្បន្នភាព និងការលើកឡើងជាន់កែងជាថ្មីពាក់ព័ន្ធជនភៀសសឹកកម្ពុជារបស់លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គកា…

អ្នកជំនាញព្រមានពីការហក់ឡើងតម្លៃប្រេងឥន្ធនៈបន្ថែមទៀត និងស្នើឱ្យរដ្ឋពន្លឿនការបង្កើនសន្និធិប្រេង

រលកកម្តៅ នៃវិបត្តិថាមពលសកលកំពុងកើនឡើងជាថ្មី បន្ទាប់ពីប្រទេសផលិតប្រេងធំៗដូចជាចិន និងរុស្ស៊ីបានសម្រេចផ្អាក និងរឹតបន្តឹងការនាំចេញប្រេងឥន្ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ