ឥណ្ឌូនេស៊ី គឺជាប្រទេសផលិតរ៉ែនីគែលធំជាងគេបំផុតរបស់ពិភពលោក និងគ្រប់គ្រងការផ្គត់ផ្គង់រហូតដល់ទៅជាង២ភាគ៣នៃរ៉ែនីគែលចម្រាញ់រួចទូទាំងពិភពលោក។ ក្រុមហ៊ុនចិន ចូលរួមយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្មរ៉ែនេះ ដោយបានបោះទុនវិនិយោគលើគម្រោងរ៉ែ រោងចក្រកែច្នៃ និងគម្រោងផលិតអាគុយដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។
ទោះជាយ៉ាងណា ទីក្រុងប៉េកាំងបានព្រមានថា ច្បាប់ថ្មីរបស់ឥណ្ឌូនេស៊ី រួមទាំងកូតារ៉ែកាន់តែតឹងរ៉ឹង និងប្រព័ន្ធកំណត់តម្លៃថ្មីបានបង្កើនថ្លៃដើមផលិតកម្មយ៉ាងខ្លាំង ដែលក្នុងករណីខ្លះការចំណាយលើរ៉ែនីគែល ដែលប្រើសម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី (EV) បានកើនឡើងជិតទ្វេដង។ ស្ថានទូតចិន ប្រចាំនៅឥណ្ឌូនេស៊ី បានព្រមានថា ការផ្លាស់ប្តូរគោលនយោបាយនេះអាចប៉ះពាល់ដល់គម្រោងដែលមានស្រាប់ទំហំ៣០ពាន់លានដុល្លារ និងការវិនិយោគនាពេលអនាគតទំហំ២០ពាន់លានដុល្លារ ក៏ដូចជាកាត់បន្ថយការនាំចេញ និងគំរាមកំហែងដល់ការងាររាប់សែនកន្លែង។
បណ្ដាក្រុមហ៊ុនចិន ក៏បានរាយការណ៍ពីការកាត់បន្ថយផលិតកម្ម និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងដោយសារតែការផ្លាស់ប្តូរបទប្បញ្ញត្តិជាញឹកញាប់ សកម្មភាពអនុវត្តច្បាប់កាន់តែតឹងរ៉ឹង និងជម្លោះដីធ្លីដែលទាក់ទងនឹងការបង្ក្រាបរបស់អាជ្ញាធរបរិស្ថាន។ ក្តីបារម្ភទាំងនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី Prabowo Subianto ជំរុញឱ្យរដ្ឋគ្រប់គ្រងកាន់តែរឹងមាំលើធនធានសំខាន់ៗរួមទាំងធ្យូងថ្ម ប្រេងដូង និងការនាំចេញរ៉ែនីគែល ដើម្បីបង្កើនប្រាក់ចំណូលជាតិ៕
ដោយ: តែម សុខុម