តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ បង្កើតជាសំណួរថា តើសហរដ្ឋអាម៉េរិក អាចយកឈ្នះក្នុងសង្គ្រាមសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ បានដោយរបៀបណា ស្របពេលប្រទេសនេះបានត្រៀមខ្លួន ដើម្បីបន្សាំទៅនឹងសម្ពាធសេដ្ឋកិច្ចរួចហើយនោះ?
បន្ទាប់ពីការផ្ទុះឡើង នៃជម្លោះប្រដាប់អាវុធ និងការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាល់នាពេលកន្លងមក សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបើកយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចសាជាថ្មីលើទីក្រុងតេអេរ៉ង់ ដោយព្រមានដាក់ទណ្ឌកម្មយ៉ាងក្តៅគគុកលើគ្រប់ដៃគូពាណិជ្ជកម្មទាំងអស់ ដែលនៅតែបន្តធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។
ទោះបីជាអាម៉េរិក មិនទាន់បានដាក់ចេញនូវវិធានការជាក់លាក់ប្រឆាំងនឹងប្រទេសដៃគូទាំងនោះនៅឡើយក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានគំរាមកាត់ផ្តាច់សិទ្ធិទូទាត់ប្រាក់ដុល្លារ និងសិទ្ធិធ្វើអាជីវកម្មចំពោះក្រុមហ៊ុន ឬអង្គភាពណា ដែលហ៊ានបន្តរកស៊ីជាមួយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ដោយគ្មានការលើកលែង សូម្បីតែចំពោះមហាអំណាចចិន ក៏ដោយ។
យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបង្អស់ក្នុងឆ្នាំ២០២៤ អ៊ីរ៉ង់ គឺជាប្រជាជាតិដែលមានដៃគូពាណិជ្ជកម្មទូលំទូលាយដោយនាំចេញទៅ១១២ប្រទេស និងនាំចូលពី៨៧ប្រទេស។ ទំហំប្រាក់នាំចេញសរុបមានរហូតដល់ជាង៥៦ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំជាង៦៨ពាន់លានដុល្លារ។
សម្រាប់ទីផ្សារនាំចេញលំដាប់កំពូលទាំង៤របស់អ៊ីរ៉ង់ រួមមាន ចិន ជាទីផ្សារធំបំផុតមានតម្លៃរហូតដល់ជាង១៤ពាន់លានដុល្លារ, អ៊ីរ៉ាក់ មានតម្លៃជិត១២ពាន់លានដុល្លារ, អេមីរ៉ាត់អារ៉ាប់ មានតម្លៃជាង៧ពាន់លានដុល្លារ និងតួកគី មានតម្លៃជាង៦ពាន់លានដុល្លារ។ ដោយឡែក សម្រាប់ប្រភពទំនិញនាំចូលធំបំផុតរបស់អ៊ីរ៉ង់រួម មានអេមីរ៉ាត់អារ៉ាប់ ឈរលើកំពូលតារាងក្នុងទំហំទឹកប្រាក់រហូតដល់២១ពាន់លានដុល្លារ, ចិន មានតម្លៃជាង១៧ពាន់លានដុល្លារ, តួកគី មានតម្លៃជាង១១ពាន់លានដុល្លារ និងសហភាពអឺរ៉ុប មានតម្លៃជាង ៦ពាន់លានដុល្លារ។
តាមរយៈតួលេខនេះបានបង្ហាញឱ្យឃើញថា ការចង់កាត់ផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាទាមទារឱ្យអាម៉េរិកត្រូវប្រឈមមុខ និងដាក់សម្ពាធលើបណ្តាប្រទេសដៃគូធំៗទាំងនេះ ដែលកំពុងមិនព្រមអនុវត្តតាមទណ្ឌកម្មឯកតោភាគីរបស់ក្រុងវ៉ាស៊ីនតោន៕
ដោយៈ សរ សុជាតិ