យ៉ាងណាមិញស្ថិតក្នុងបរិបទ ដែលសេដ្ឋកិច្ចកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា តើការចំណាយរបស់ពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុកបានកកម្រិតណា?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍សង្គមបានប៉ាន់ស្មានថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ដែលសេដ្ឋកិច្ចបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ពលរដ្ឋកម្ពុជាមួយចំនួនអាចនឹងមានការប្រយ័ត្នប្រយែង និងក្បិតក្បៀតលើការចំណាយ ដោយសារសម្ពាធអតិផរណាសកលបានទាញទម្លាក់កម្លាំងទិញ និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះជឿជាក់ថា ទោះបីជាមានការសន្សំសំចៃយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋនៅតែបន្តចំណាយទៅតាមលទ្ធភាព ដើម្បីចូលរួមធ្វើបុណ្យទានតាមប្រពៃណីដូនតាដែលបានប្រតិបត្តិជាច្រើនជំនាន់មកហើយ។
ដោយឡែកលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ចរន្តចំណាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅតែជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុករយៈពេលខ្លី ខណៈការចាក់បញ្ចូលសាច់ប្រាក់តាមរយៈតម្រូវការប្រើប្រាស់ នឹងបន្តបង្កើតប្រាក់ចំណូល និងទ្រទ្រង់អាជីវកម្មខ្នាតតូច និងមធ្យម។ លោកបណ្ឌិតបានបន្ថែមថា ទោះជាយ៉ាងណានៅក្នុងបរិបទនេះ ពលរដ្ឋគប្បីរៀបចំផែនការចំណាយដោយផ្អែកលើលទ្ធភាព និងអាទិភាពជាក់ស្តែង ព្រោះការចំណាយដែលមានសមតុល្យ មិនត្រឹមតែជួយបន្ធូរបន្ថយបន្ទុកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាស្ថិរភាពចរន្តសាច់ប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ចទាំងមូលផងដែរ។
ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់ថា ការសន្សំសំចៃក្នុងគ្រាលំបាក គឺជាមធ្យោបាយល្អ ប៉ុន្តែប្រសិនបើពលរដ្ឋសន្សំសំចៃ ឬត្បិតត្បៀតខ្លាំងពេកវាអាចនឹងធ្វើឱ្យចរន្តសាច់ប្រាក់ក្នុងទីផ្សារមានភាពកកស្ទះ និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ ដូច្នេះអ្នកជំនាញរូបនេះ ស្នើឱ្យមានការចំណាយស្របតាមសមត្ថភាពហិរញ្ញវត្ថុជាក់ស្តែង ដើម្បីរួមចំណែកទ្រទ្រង់អាជីវកម្មក្នុងស្រុក។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦ ប្រារព្ធឡើងចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ក្នុងនោះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនិយោជិតឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះជាមួយគ្រួសារ និងសាច់ញាតិ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ