សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា តម្លៃសាច់ជ្រូក សាច់មាន់ និងពងមាន់សុទ្ធតែបានធ្លាក់ចុះនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លើកលែងតែពងទាមួយប៉ុណ្ណោះ ដែលបានឡើងថ្លៃដោយសារគ្រោះទឹកជំនន់ធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់។ ដោយឡែកសម្រាប់ទីផ្សារត្រីវិញ ឃើញថា រក្សាថ្លៃបានល្អ និងពុំមានការប្រែប្រួលជាកំហុកនោះទេ ខណៈតម្រូវការប្រើប្រាស់បានកើនឡើងប្រមាណ១០%។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាកសិករបានដាក់មានក្តីសង្ឃឹមខ្ពស់ចំពោះពិធីបុណ្យភ្ជុំបិណ្ឌក្នុងការជួយឱ្យតម្លៃសាច់សត្វហក់ឡើងក៏ដោយ ប៉ុន្តែតម្លៃសាច់សត្វបែរជាបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។ ជាក់ស្តែងតម្លៃមាន់រស់បានធ្លាក់ចុះពីជាង៤,០០០រៀល កាលពីខែមុនមកនៅត្រឹមជាង៣,០០០រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករខាតបង់ជិត៤០% នៃថ្លៃដើមផលិត។ ជាមួយគ្នានេះតម្លៃជ្រូករស់បានធ្លាក់ចុះចន្លោះពី៥០០ទៅ១,០០០រៀលក្នុង១គីឡូក្រាមទៅតាមប្រភេទជ្រូកចិញ្ចឹមដោយក្រុមហ៊ុន និងកសិករខ្នាតតូច។ ដោយឡែកតម្លៃពងទា បានកើនឡើងជាង៣០០រៀលដល់ជាង៤០០រៀលក្នុងមួយគ្រាប់ ក្រោយបញ្ហាគ្រោះទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ការផលិត។
ជាមួយគ្នានេះ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា នៅរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ តម្លៃត្រីនៅលើទីផ្សារពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺកើនឡើងបន្តិចបន្តួចចន្លោះពី១០០ទៅ២០០រៀលក្នុងមួយគីឡូក្រាម។ តួយ៉ាងតម្លៃត្រីរ៉ស់អាចលក់បានចន្លោះពី៧,០០០ទៅ៨,០០០រៀលក្នុងមួយគីឡូក្រាម, ត្រីប្រាចន្លោះពី៤,២០០ទៅ ៤,៧០០រៀលក្នុងមួយគីឡូក្រាម និងត្រីឆ្តោចន្លោះពី១០,០០០ ទៅ១១,៧០០រៀលក្នុងមួយគីឡូក្រាម។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានជំរុញឱ្យតម្រូវការប្រើប្រាស់ត្រីនៅលើទីផ្សារបានកើនឡើងប្រមាណជិត១០%។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បើទោះបីជានៅរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌ តម្រូវការប្រើប្រាស់ទំនិញមួយចំនួនមានការកើនឡើងក៏ដោយ ប៉ុន្តែតម្លៃទំនិញនៅលើទីផ្សាររាប់ចាប់តាំងពីបន្លែ ត្រី សាច់ គឺពុំមានការប្រែប្រួលគួរឱ្យកត់សម្គាលនោះឡើយ។ ទន្ទឹមនេះចរន្តនៃខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញចាំបាច់នានា ក៏នៅតែប្រព្រឹត្តទៅជាធម្មតាមកទល់ពេលនេះ បើទោះបីជានៅតាមបណ្តាខេត្តផលិតកម្មសំខាន់ៗមួយចំនួនកំពុងរងគ្រោះដោយសារទឹកជំនន់ក្តី។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្រសួងពាណិជ្ជកម្មតែងតែតាមដានតម្លៃទំនិញ និងការផ្គត់ផ្គង់នៅលើទីផ្សារជាប្រចាំ ដើម្បីធានាស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋ។
គួរជម្រាបថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ប្រជាជនកម្ពុជា តែងតែមានតម្រូវការប្រើប្រាស់គ្រឿងឧបភោគបរិភោគផ្សេងៗដូចជាបន្លែ ត្រី សាច់ជាដើម គឺមានការកើនឡើង ដើម្បីប្រើប្រាស់សម្រាប់រៀបចំចង្ហាន់ទៅវត្ត សែនដូនតា និងការជួបជុំក្រុមគ្រួសារនានា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា៕