វិស័យការបរទេស

G7 ព្រមានថា សកម្មភាពចិន នៅក្បែរតៃវ៉ាន់ កំពុងគំរាមកំហែងសន្តិសុខតំបន់ ខណៈលោក ស៊ី ប្តេជ្ញាបង្រួបបង្រួមកោះនេះឱ្យបាន


ភាពតានតឹងជុំវិញនៅកោះតៃវ៉ាន់ កាន់តែឡើងកម្តៅ ខណៈរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 បានព្រមានថា សកម្មភាពកាន់តែគឃ្លើនរបស់ចិន នៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ។ ប៉ុន្តែជាការឆ្លើយតបប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសក្តែងៗថា ការបង្រួបបង្រួមកោះតៃវ៉ាន់ ជាមួយចិនដីគោក គឺជាកិច្ចការ ដែលត្រូវតែសម្រេចឱ្យបាន។
វិស័យការបរទេស
ដោយ

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ថា ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ក្រោយកិច្ចប្រជុំនៅទីក្រុងប៉ារីស ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិន នៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់។ ចាប់តាំងពីខែមិថុនា មក ចិន បានបង្កើនការល្បាតតាមដែនសមុទ្រក្បែរកោះតៃវ៉ាន់ តាមរយៈកងកម្លាំងឆ្មាំសមុទ្រ។ មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់យល់ថា សកម្មភាពទាំងនេះអាចជាផ្នែកមួយ នៃការហ្វឹកហាត់ ដើម្បីត្រៀមបិទខ្ទប់ផ្លូវសមុទ្ររបស់កោះនេះ ដោយប្រើប្រាស់កម្លាំងយោធា កម្លាំងពាក់កណ្តាលយោធា និងកម្លាំងស៊ីវិលរួមបញ្ចូលគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន G7 បានបញ្ជាក់ជាថ្មីនូវការប្រឆាំងចំពោះរាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយឯកតោភាគីរបស់ចិន ជាពិសេសតាមរយៈការប្រើប្រាស់កម្លាំង ការបង្ខិតបង្ខំ ឬការគំរាមកំហែងដោយកម្លាំងយោធា។ ជាមួយគ្នានេះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានស្វាគមន៍ចំពោះជំហររបស់ G7 និងបានបញ្ជាក់ថា កោះតៃវ៉ាន់នឹងបន្តពង្រឹងសមត្ថភាពការពារខ្លួន ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទោះជាយ៉ាងណា ចំពោះជំហររបស់ G7 លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា ការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោក គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចរារាំងបាន។ លោក បានប្តេជ្ញាជំរុញការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែមិនបានបញ្ជាក់ពីការប្រើប្រាស់កម្លាំងយោធានោះទេ។ ការប្រកាសជំហរបែបនេះ កើតឡើងត្រឹមមួយសប្តាហ៍មុនកិច្ចប្រជុំកំពូល APEC នៅទីក្រុងសិនជិន ដែលលោក ស៊ី គ្រោងជួបជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត។
ស្ថានការណ៍នេះបង្ហាញថា បញ្ហាកោះតៃវ៉ាន់ នៅតែជាចំណុចក្តៅ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងបណ្តាប្រទេសលោកខាងលិច ខណៈសហគមន៍អន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្ត នៃភាពតានតឹងនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ពិភពលោកកំពុងឆ្ពោះទៅរកការឡើងកម្ដៅហួសកម្រិត ដែលមិនអាចបកក្រោយបាន

ការស្រាវជ្រាវមួយបានរកឃើញថា ពិភពលោកកំពុងឈានឆ្ពោះទៅរកការឡើងកម្តៅលើសកម្រិតកំណត់មិនអាចថយក្រោយវិញបាន ដែលនឹងធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ប្រឈ…

តើនរណានឹងក្លាយជានាយកប្រតិបត្តិ NVIDIA ក្រោយលោក ជេនសេន ហួង លាលែងពីតំណែង?

បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតបន្ទះឈីប AI យក្ស Nvidia បានសម្រេចចែកផ្លូវគ្នាជាមួយនាយកប្រតិបត្តិដ៏ល្បីល្បាញ គឺលោក ជេនសេន ហួង (Je…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ