អាកាសធាតុ

ពិភពលោកកំពុងឆ្ពោះទៅរកការឡើងកម្ដៅហួសកម្រិត ដែលមិនអាចបកក្រោយបាន


ការស្រាវជ្រាវមួយបានរកឃើញថា ពិភពលោកកំពុងឈានឆ្ពោះទៅរកការឡើងកម្តៅលើសកម្រិតកំណត់មិនអាចថយក្រោយវិញបាន ដែលនឹងធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុដ៏គ្រោះថ្នាក់នេះ។ វិបត្តិអាកាសធាតុនេះបណ្ដាលមកពីរដ្ឋាភិបាលនានាបានពន្យារពេលយូរពេកក្នុងការចាត់វិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
អាកាសធាតុ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី១២ ខែវិច្ឆិកា របាយការណ៍របស់អង្គការស្រាវជ្រាវ Climate Action Tracker (CAT) បានព្រមានថា ក្រោមគោលនយោបាយបច្ចុប្បន្នភពផែនដីនឹងមានសីតុណ្ហភាពកើនឡើងជាមធ្យមដល់ទៅ២,៧អង្សាសេនៅចុងសតវត្សរ៍នេះ បើធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម។ តួលេខដ៏គួរឱ្យព្រួយបារម្ភនេះបានកើនឡើងបន្តិចពីការព្យាករ២,៦អង្សាសេកាលពីឆ្នាំមុន។ ដែនកំណត់កម្ដៅ១,៥អង្សាសេ ដែលធ្លាប់ត្រូវបានបណ្តាប្រទេសនានាសន្យារួមគ្នាកាលពី១ទសវត្សរ៍មុន ត្រូវបានគេមើលឃើញថា នឹងត្រូវរំលងហួសបាត់នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំខាងមុខនេះ។
ក្រុមអ្នកវិទ្យាសាស្ត្របានដាស់តឿនជាសកលថា ប្រសិនបើសីតុណ្ហភាពពិតជាហក់ឡើងហួសពីកម្រិតនេះមែន ពិភពលោកនឹងត្រូវរងគ្រោះមហន្តរាយដូចជាខ្យល់ព្យុះបោកបក់ខ្លាំង គ្រោះរាំងស្ងួតហួតហែង រលកកម្ដៅបំបែកកំណត់ត្រា ទឹកជំនន់លិចលង់ និងវិបត្តិអាក្រក់ផ្សេងៗទៀត។ វាមិនត្រឹមតែកើនឡើងកម្រិតគ្រោះថ្នាក់ដូចមុននោះទេ ប៉ុន្តែវានឹងឈានដល់ចំណុច ដែលមនុស្សលោកលែងមានលទ្ធភាពទ្រាំទ្របាន សម្រាប់តំបន់មួយចំនួននៅលើភពផែនដី។
បច្ចុប្បន្នថ្នាក់ដឹកនាំរបស់បណ្តាប្រទេសនានា លើកលែងតែសហរដ្ឋអាម៉េរិក កំពុងជួបជុំគ្នានៅទីក្រុងអានតាល់យ៉ា ប្រទេសទួកគី ដើម្បីពិភាក្សាបន្ទាន់អំពីវិបត្តិអាកាសធាតុក្រោមម្លប់របស់អង្គការសហប្រជាជាតិ ដោយផ្ដោតជាចម្បងលើការទប់ស្កាត់ការកើនឡើងហួសកម្រិតគោលដៅសីតុណ្ហភាព។
លោក អង់តូនីញ៉ូ ហ្គោទេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ថា ស្ថានភាពនេះ គឺជាកណ្តឹងអាសន្នមួយ ដែលទាមទារឱ្យរដ្ឋាភិបាលគ្រប់រូបត្រូវតែធ្វើសកម្មភាពជាបន្ទាច់ និងយ៉ាងដាច់ខាត ដើម្បីបិទបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលជាដើមហេតុបង្កឱ្យមានវិបត្តិអាកាសធាតុនេះ។
ទោះបីជាយ៉ាងណា របាយការណ៍របស់អង្គការស្រាវជ្រាវ Climate Action Tracker បានបញ្ជាក់ថា ប្រសិនបើគ្រប់ប្រទេសទាំងអស់ព្រមព្រៀងគ្នាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រាកដនិយមក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ស្ថានភាពព្យាករនាពេលអនាគតនឹងអាចធូរស្រាលបន្តិចវិញ។ ប៉ុន្តែទោះស្ថិតក្នុងសេណារីយ៉ូល្អយ៉ាងណាក៏ដោយ ក៏សីតុណ្ហភាពពិភពលោកនៅតែបន្តកើនឡើងខ្ពស់ដល់១,៩អង្សាសេនៅចុងសតវត្សរ៍នេះដែរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អ្នកវិនិយោគថៃ ចាត់ទុកអំពើពុករលួយជាបញ្ហាប្រឈមធំ និងរំពឹងកំណើនសេដ្ឋកិច្ចថៃ កើនមិនលើស២% នៅឆ្នាំ២០២៧

ការស្ទង់មតិលើអ្នកធុរកិច្ចថៃចំនួន៨០នាក់ ភាគច្រើនបានបង្ហាញពីការព្រួយបារម្ភចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រទេស ខណៈអំពើពុករលួយត្រូវបានចាត់ទុកថា …

G7 ព្រមានថា សកម្មភាពចិន នៅក្បែរតៃវ៉ាន់ កំពុងគំរាមកំហែងសន្តិសុខតំបន់ ខណៈលោក ស៊ី ប្តេជ្ញាបង្រួបបង្រួមកោះនេះឱ្យបាន

ភាពតានតឹងជុំវិញនៅកោះតៃវ៉ាន់ កាន់តែឡើងកម្តៅ ខណៈរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 បានព្រមានថា សកម្មភាពកាន់តែគឃ្លើនរបស់ចិន នៅដែនទឹកភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ