មេរោគ Hantavirus

WHO អះអាងថា មេរោគ Hantavirus មិនឆ្លងរីករាលដាលសាហាវដូចកូវីដ-១៩ នោះទេ


អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសជាច្រើនកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាលនៃមេរោគ Hantavirus បន្ទាប់ពីមានការផ្ទុះឡើងនូវករណីឆ្លងនៅលើនាវាទេសចរណ៍មួយ។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃទី៧ ខែឧសភា ថា បានរកឃើញអ្នកឆ្លងថ្មីចំនួន៥នាក់បន្ថែមទៀតនៅលើនាវា MV Hondius។ ទោះជាយ៉ាងណា WHO បានផ្តល់ភាពកក់ក្តៅដល់សាធារណជនថា មេរោគប្រភេទនេះមិនមានសក្តានុពលរីករាលដាលសាហាវដូចវីរុសកូវីដ-១៩ នោះទេ។
មេរោគ Hantavirus
ដោយ

យោងតាមការរាយការណ៍របស់សារព័ត៌មាន CNN រហូតមកទល់ពេលនេះមានអ្នកស្លាប់ចំនួន៣នាក់ហើយដោយសារមេរោគ Hantavirus ចាប់តាំងពីនាវាទេសចរណ៍ MV Hondius បានចាកចេញពីប្រទេសអាហ្សង់ទីនកាលពីខែមុន។ ករណីសង្ស័យដំបូងគេដែលនាំឱ្យមានការភ្ញាក់ផ្អើល គឺបុរសជនជាតិហូឡង់វ័យ៧០ឆ្នាំម្នាក់ ដែលបានស្លាប់កាលពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីបង្ហាញរោគសញ្ញាគ្រុនក្តៅខ្លាំង ឈឺក្បាល និងរាគរូសភ្លាមៗនៅលើនាវា។
ក្រុមហ៊ុន Oceanwide Expeditions ដែលជាម្ចាស់សេវាកម្មនាវាទេសចរណ៍បានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកដំណើរសរុប ១៤៦នាក់មកពី២៣ប្រទេសកំពុងស្ថិតក្រោមវិធានការចត្តាឡីស័កយ៉ាងតឹងរ៉ឹងបំផុត។ កាលពីចុងខែមេសា អ្នកដំណើរប្រមាណ ៣០នាក់បានចុះពីនាវានៅកោះ Saint Helena ខណៈអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានជម្លៀសតាមផ្លូវអាកាសទៅកាន់ទ្វីបអឺរ៉ុប ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកអ្នកដំណើរដែលនៅសល់ គ្រោងនឹងទៅដល់កោះ Canary ប្រទេសអេស្ប៉ាញ នៅចុងសប្តាហ៍នេះ មុននឹងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។
ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារអ្នកដំណើរមួយចំនួនបានបែកខ្ញែកគ្នាទៅកាន់ប្រទេសផ្សេងៗ មុនពេលការផ្ទុះឡើង នៃមេរោគត្រូវបានប្រកាសជាផ្លូវការ ដែលធ្វើឱ្យគេនឹកឃើញដល់សេណារីយ៉ូដំបូងៗនៃវិបត្តិកូវីដ-១៩។
ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាចំនួនអ្នកឆ្លងអាចកើនឡើងក៏ពិតមែន ប៉ុន្តែមេរោគ Hantavirus មិនមានភស្តុតាងណាមួយបង្ហាញថា វាអាចឆ្លងរាលដាលក្នុងកម្រិតសហគមន៍ទ្រង់ទ្រាយធំដូចកូវីដ-១៩ នោះទេ។ តាមរយៈសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម WHO បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីតាមដានរកអ្នក ដែលបានប៉ះពាល់ផ្ទាល់ និងធានាថាការគ្រប់គ្រងមេរោគនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់បំផុត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


សង្គ្រាមនៅមជ្ឈិមបូព៌ានៅតែគ្មានពន្លឺសន្តិភាព! តើអ៊ីរ៉ង់កំពុងលេងល្បែងទប់ទល់ និងបំបាក់មុខអាម៉េរិកឬយ៉ាងណា?

ស្ថានភាពនៅច្រកសមុទ្រហ័រម៉ូស ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ បានវិលមករកភាពស្ងប់ស្ងាត់វិញជាបណ្ដោះអាសន្ន បន្ទាប់ពីការប្រឈមមុខដាក់គ្នាដោយអាវុ…

សីតុណ្ហភាពនៅទីក្រុងធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងហក់ឡើងដល់កម្រិតគ្រោះថ្នាក់នៅប៉ុន្មានឆ្នាំខាងមុខ ខណៈទីក្រុងបាងកកនឹងរងគ្រោះយូរជាងគេ

បញ្ហាបម្រែបម្រួលអាកាសធាតុកំពុងប្រែក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ តាមការព្យាករណ៍ដ៏គួរឱ្យព្រួយបារម្ភ សីតុណ្ហភាពនៅតាមបណ្តា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ