សន្និសីទនេះបានរៀបចំដោយ សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ក្រោមគម្រោងលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ(3Ei) ដែលទទួលបានការគាំទ្រថវិការួមពីសហគ្រិនខ្មែរ (KE), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍សហប្រតិបត្តិការ (SDC), និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA), និងមូលនិធិសន្តិភាពសាសាកាវ៉ា (SPF)។
សន្និសីទ CAMESCO ជាវេទិកាប្រចាំឆ្នាំដែលតភ្ជាប់ភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិ ដែលធ្វើការលើ វិស័យសហគ្រិនភាព វិស័យហិរញ្ញវត្ថុ ការវិនិយោគ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក វេទិកានេះបានកៀរគរការចូលរួមពីអ្នកពាក់ព័ន្ធជាងប្រមាណ ៦៤០ នាក់ មកពីស្ថាប័នចំនួន ៣០០ ស្ថាប័ន។ CAMESCO26 បានបោះជំហានទៅដំណាក់កាលថ្មី ដោយជំរុញកិច្ចសម្របសម្រួល និងការតភ្ជាប់ ឱ្យឈានទៅរកការពង្រឹងសមត្ថភាពសហគ្រាស លំហូរទុនប្រកបដោយចីរភាព ការបង្កើតការងារដែលមាន គុណភាព និងតម្លៃសេដ្ឋកិច្ចរយៈពេលវែងសម្រាប់កម្ពុជា។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «CAMESCO26 មិនត្រឹមតែជាវេទិកាសម្រាប់ការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ធ្វើការរួមគ្នា ដែលលើកទឹកចិត្តឱ្យមានការសម្រេចចិត្តផ្អែកលើភស្តុតាង ប្រែក្លាយ កិច្ចសន្ទនាទៅជាភាពជាដៃគូដែលមានគោលដៅរួម និងប្រែក្លាយភាពជាដៃគូទាំងនោះទៅជាសកម្មភាព ដែលផ្តល់លទ្ធផលជាក់ស្តែង»។
សន្និសីទនេះបានផ្តោតលើអាទិភាពចំនួន ៤ ក្នុងការពង្រឹងឧត្តមភាពសហគ្រិនភាពកម្ពុជារួមមាន៖ ការប្រើប្រាស់ភស្តុតាងជាមូលដ្ឋាននៃការសម្រេចចិត្ត ការពង្រឹងភាពត្រៀមខ្លួនរបស់សហគ្រាសសម្រាប់ ភាពរីកចម្រើនដើម្បីទាក់ទាញវិនិយោគ, ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានជំរុញ និងហិរញ្ញប្បទាន ចម្រុះ សម្រាប់សហគ្រាសដែលបានរីកធំលើសវិសាលភាពមីក្រូហិរញ្ញវត្ថុ ប៉ុន្តែនៅប្រឈមនឹងការលំបាក ក្នុងការទទួលបានកម្ចីធនាគារ ឬទុនវិនិយោគ, និងការប្រែក្លាយកិច្ចសហការទៅជាផលជះដែលប្រកប ដោយភាពប្រទាក់ក្រឡា និងចីរភាព។ អាទិភាពទាំងនេះឆ្លុះបញ្ចាំង ពីតម្រូវការសហគ្រិន វិនិយោគិន អង្គការគាំទ្រសហគ្រិនភាព(ESOs) គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ដែលទាមទារ ឱ្យការគាំទ្រទាំងនោះ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស។
ក្រោយមតិស្វាគមន៍ និងសុន្ទរកថាបើក អង្គសន្និសីទបានបន្តពិនិត្យឡើងវិញនូវសមិទ្ធផលសំខាន់ៗ ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា និងវឌ្ឍនភាពដំណាក់កាលដំបូងនៃការអនុវត្តផែនទីបង្ហាញផ្លូវ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព (EER) ឆ្នាំ២០២៥–២០៣៥។ វគ្គពិភាក្សានេះបានរំលេចសកម្មភាពរួម និងអាទិភាពសម្រាប់ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីក្នុងដំណាក់កាលបន្ទាប់។
លោក Reto Grüeninger, Director for Cooperation នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) បានលើកឡើងថា៖ «គម្រោង 3Ei បានឆ្លុះបញ្ចាំងពីស្មារតីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមចំពោះការអភិវឌ្ឍសហគ្រិនភាពកម្ពុជា។ យើងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយវិស័យ ឯកជន ដើម្បីផ្តល់ឱ្យអាជីវកម្មកម្ពុជានូវចំណេះដឹង បណ្តាញទំនាក់ទំនង និងទុន សម្រាប់ការរីកចម្រើន និងនវានុវត្តន៍។ នៅពេលអាជីវកម្មខ្នាតតូចរីកចម្រើន អាជីវកម្មទាំងនោះនឹងបង្កើតការងារបង្កើន ប្រាក់ចំណូល និងពង្រីកឱកាស ព្រមទាំងផ្តល់ឱ្យយុវជន និងស្ត្រីនូវឱកាសចូលរួម និងទទួលផល ជាក់ស្តែងពីការអភិវឌ្ឍអនាគតប្រទេសជាតិ។ ប្រទេសស្វីសមានមោទនភាពក្នុងការរួមដំណើរជាមួយ សហគ្រិនកម្ពុជាលើទិសដៅនេះ»។
វគ្គបន្ទាប់ក្រោមប្រធានបទ «ទស្សនៈវិភាគ និងអាទិភាពសម្រាប់អនាគតសហគ្រិនភាពកម្ពុជា» បានបង្ហាញអំពីផែនទីប្រព័ន្ធអេកូឡូស៊ី និងលទ្ធផលបឋមនៃការវិភាគបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជា(SNA)។ ភស្តុតាងទាំងនេះបានជួយឱ្យអ្នកចូលរួមបានពិនិត្យមើលភាពរឹងមាំនៃការតភ្ជាប់ក្នុង ប្រព័ន្ធអេកូឡូស៊ី ចន្លោះខ្វះខាតដែលនៅសេសសល់ និងការកែប្រែជាក់ស្តែងដែលចាំបាច់ ដើម្បីកសាង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានការតភ្ជាប់កាន់តែប្រសើរ មានភាពធន់ និងប្រសិទ្ធភាព។ កិច្ចពិភាក្សាបានតភ្ជាប់ការយល់ដឹងទៅនឹងសកម្មភាព តាមរយៈការប្រើប្រាស់ភស្តុតាងក្នុងការរៀបចំ កម្មវិធី ការសម្រេចចិត្តផ្តល់ហិរញ្ញប្បទាន កិច្ចសហការប្រកបដោយគណនេយ្យភាព។
វគ្គបន្ទាប់ក្រោមប្រធានបទ «ទស្សនៈវិភាគ និងអាទិភាពសម្រាប់អនាគតសហគ្រិនភាពកម្ពុជា» បានបង្ហាញអំពីផែនទីប្រព័ន្ធអេកូឡូស៊ី និងលទ្ធផលបឋមនៃការវិភាគបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជា(SNA)។ ភស្តុតាងទាំងនេះបានជួយឱ្យអ្នកចូលរួមបានពិនិត្យមើលភាពរឹងមាំនៃការតភ្ជាប់ក្នុង ប្រព័ន្ធអេកូឡូស៊ី ចន្លោះខ្វះខាតដែលនៅសេសសល់ និងការកែប្រែជាក់ស្តែងដែលចាំបាច់ ដើម្បីកសាង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានការតភ្ជាប់កាន់តែប្រសើរ មានភាពធន់ និងប្រសិទ្ធភាព។ កិច្ចពិភាក្សាបានតភ្ជាប់ការយល់ដឹងទៅនឹងសកម្មភាព តាមរយៈការប្រើប្រាស់ភស្តុតាងក្នុងការរៀបចំ កម្មវិធី ការសម្រេចចិត្តផ្តល់ហិរញ្ញប្បទាន កិច្ចសហការប្រកបដោយគណនេយ្យភាព។
លោក Kim Junmo ប្រធានទីភ្នាក់ងារ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានលើកឡើងថា៖ «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រឹងមាំ មិនអាស្រ័យតែលើការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើសមត្ថភាពប្រែក្លាយការតភ្ជាប់ទាំងនោះ ទៅជាឱកាសជាក់ស្តែងសម្រាប់ការរីកចម្រើន អាជីវកម្ម។ តាមរយៈគម្រោង 3Ei, KOICA ប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ ដោយពង្រឹងប្រព័ន្ធអេកូឡូស៊ី និងជំរុញការវិនិយោគ ដើម្បីឱ្យសហគ្រាសកម្ពុជាដែលមានសក្តានុពលអាចទទួលបានការគាំទ្រ និងទុនសមស្រប សម្រាប់ភាពរីកចម្រើនប្រកបដោយចីរភាព»។
កិច្ចពិភាក្សាតាមក្រុមចំនួន ២ ដែលប្រព្រឹត្តទៅស្របពេលគ្នា បានផ្តោតដោយផ្ទាល់លើសហគ្រាស និងទុន។ វគ្គ «ទុនដើម្បីឧត្តមភាព៖ ហិរញ្ញប្បទានជំរុញ និងហិរញ្ញប្បទានចម្រុះ ដើម្បីពង្រីកផលជះ» ដែលដឹកនាំដោយ Convergence Blended Finance បានពិភាក្សាអំពីរបៀបដែលហិរញ្ញប្បទាន ចម្រុះអាចកៀរគរទុនសម្រាប់សហគ្រាសដែលមានសក្តានុពលខ្ពស់ និងរួមចំណែកបំពេញចន្លោះខ្វះខាត ហិរញ្ញប្បទានសម្រាប់សហគ្រាសក្នុងក្រុម «missing middle»។ ចំណែកវគ្គ «ទុនវិនិយោគដំបូង៖ មេរៀនដែលស្ថាបនិកចង់ដឹងមុនការកៀរគរទុនវិនិយោគ» បានផ្តល់ការយល់ដឹងជាក់ស្តែងដល់ស្ថាបនិកអំពី ការរំពឹងទុករបស់វិនិយោគិន ការថយចុះនៃសមាមាត្រ ភាគហ៊ុន សម្ពាធក្នុងការកៀរគរទុន ទំនាក់ទំនងការគ្រប់គ្រង ការចរចា ការសម្រេចចិត្តលំបាក និងការលះបង់ផលប្រយោជន៍មួយចំនួន ក្នុងការកៀរគរទុនវិនិយោគលើកដំបូង។
លោក Itsu Adachi នាយកប្រតិបត្តិនៃមូលនិធិសន្តិភាព Sasakawa (SPF) បានបានមានប្រសាសន៍ថា៖ «តាមរយៈការងាររបស់យើងនៅទូទាំងអាស៊ី យើងបានយល់ឃើញថា តួនាទីរបស់មូលធនកាតាលីករមិនមែនជាការបង្កើតនូវភាពពឹងផ្អែកតែម្ខាងនោះទេ ផ្ទុយទៅវិញគឺការបើក ឱកាសឱ្យតួអង្គក្នុងស្រុកបង្ហាញពីភាពជាអ្នកដឹកនាំឯករាជ។ ចុងបញ្ចប់ កាតាលីករដែលជោគជ័យបំផុត គឺជាកាតាលីករដែលពុំទទួលបានការទាមទារឲ្យចូលរួម និងបន្តដើរតួនាទីនេះទៀតទេ។ ខ្ញុំមានក្តីសង្ឃឹម ព្រោះកម្ពុជាកំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ភាពជោគជ័យបែបនេះអាចសម្រេចបានតាការអនុវត្ត ជាក់ស្តែង តាមរយៈការដឹកនាំរបស់ស្ថាប័នក្នុងស្រុក កិច្ចសហការរវាងដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី និងការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលកាន់តែមានភាពរស់រវើកនិងភាពរីកចម្រើនដោយខ្លួនឯង»។
វគ្គពិភាក្សាសំខាន់ចុងក្រោយក្រោមប្រធានបទ «មួយទសវត្សរ៍នៃការកសាងប្រព័ន្ធអេកូឡូស៊ី៖ មេរៀនពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលកំពុងលេចរូបរាង» ត្រូវបានសហរៀបចំដោយកម្មវិធីសហគ្រិនភាពស្វីស(SwissEP)។ ដោយផ្អែកលើបទពិសោធន៍ក្នុង តំបន់អាស៊ីអាគ្នេយ៍ វគ្គនេះបានពិនិត្យលើយុទ្ធសាស្ត្រ ភាពជាដៃគូ លក្ខខណ្ឌអំណោយផល និងការប្តេជ្ញាចិត្តរយៈពេលវែង ដែលជួយឱ្យប្រព័ន្ធអេកូឡូស៊ី ដែលកំពុងលេចរូបរាងអាចវិវត្តន៍ពី ដំណាក់កាលដំបូងនៃសហគ្រិនភាពទៅកាន់ការពង្រីកវិសាលភាពប្រកបដោយចីរភាព។
លោកបណ្ឌិត Daniel Setiawan Nugraha នាយកអង្គការ Swisscontact ប្រចាំកម្ពុជា បានលើកឡើង ថា៖ «កម្ពុជាសម្រេចបានវឌ្ឍនភាពសំខាន់ៗក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ បច្ចុប្បន្នយើងផ្តោតលើការប្រែក្លាយការតភ្ជាប់ទាំងនេះទៅជាលទ្ធផលដោយជួយសហគ្រាសឱ្យទទួលបានការគាំទ្របណ្តាញទំនាក់ទំនង និងទុនសមស្របសម្រាប់ការរីកចម្រើន។ នេះជាឧត្តមភាពសហគ្រិនភាព ដែលយើងចង់ពង្រឹងតាមរយៈ CAMESCO26»។
CAMESCO26 ក៏បានបង្កើតឱកាសសម្រាប់កិច្ចសន្ទនាបើកចំហ និងត្រង់ទៅត្រង់មក ការផ្លាស់ប្តូរចំណេះដឹង និងការកសាងភាពជាដៃគូរវាងសហគ្រិន វិនិយោគិន អង្គការគាំទ្រសហគ្រិនភាព គ្រឹះស្ថានហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ ការចូលរួមរបស់ Convergence Blended Finance កម្មវិធី SwissEP វាគ្មិន អ្នកសម្របសម្រួលកិច្ចពិភាក្សា វាគ្មិនក្នុងកិច្ចពិភាក្សា និងដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី បានផ្សារភ្ជាប់បទពិសោធន៍កម្ពុជាជាមួយមេរៀន ក្នុងតំបន់ និងពិភពលោក ដោយបន្តផ្តោតលើសកម្មភាពជាក់ស្តែងសម្រាប់កម្ពុជា។
តាមរយៈគម្រោង 3Ei សហគ្រិនខ្មែរនឹងបន្តពង្រឹងកិច្ចសហការ គាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាង កសាងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ី និងពង្រីកការតភ្ជាប់រវាងសហគ្រាសដែលមានសក្តានុពល និងប្រភពទុន។ CAMESCO26 បានអំពាវនាវឱ្យអ្នកចូលរួមគ្រប់រូបប្រែក្លាយចំណេះដឹងដែលទទួលបាន ពីសន្និសីទទៅជាការប្តេជ្ញាអនុវត្តសកម្មភាពជាក់ស្តែងយ៉ាងតិចមួយ ដើម្បីជំរុញឱ្យសកម្មភាពក្នុង ប្រព័ន្ធអេកូឡូស៊ីនាំមកនូវលទ្ធផលជាក់ស្តែង និងប្រែក្លាយសន្ទុះសហគ្រិនភាព ទៅជាការអភិវឌ្ឍ សហគ្រាស ការកៀរគរទុន និងភាពរីកចម្រើនប្រកបដោយចីរភាព។