នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ កំពុងស៊ើបអង្កេតលើមូលនិធិ «កាន់ ចមផាឡាំងជួយតស៊ូ» របស់លោក កាន់ថាត ផុងផៃប៊ូនវេត ឬ កាន់ ចមផាឡាំង ដែលជាសកម្មជនព្រំដែនថៃ តែងចេញមុខប្រឆាំងនឹងកម្ពុជាយ៉ាងគឃ្លើន។ ការស៊ើបអង្កេតនេះធ្វើឡើងដើម្បីស្រាវជ្រាវរកការពិតថា តើមូលនិធិនេះបានយកប្រាក់រៃអង្គាសពីប្រជាជនថៃទៅប្រើប្រាស់ខុសគោលដៅ ឬមានសកម្មភាពកិបកេងប្រវ័ញ្ចដូចគ្នាទៅនឹងរឿងអាស្រូវមូលនិធិ «អំពើល្អ» របស់អ្នកស្រី ប៊ុម ប៉ាណាតដា ដែរឬយ៉ាងណា? ជុំវិញករណីនេះ អាជ្ញាធរថៃបានចេញដីកាកោះហៅបុគ្គលពាក់ព័ន្ធចំនួន៣០នាក់ រួមទាំងរូបលោក កាន់ ចមផាឡាំង ផ្ទាល់ឱ្យចូលខ្លួនបំភ្លឺ និងផ្តល់សក្ខីកម្ម។
តាមរយៈការស៊ើបអង្កេតកន្លងមក DSI បានរកឃើញភាពមិនប្រក្រតីជាច្រើន ដែលនៅមិនទាន់អាចស្រាយបំភ្លឺបាន ខណៈអតីតប្រធានមូលនិធិនេះ មិនអាចបកស្រាយពីខ្ទង់ចំណាយដ៏មហាសាលទាំងនោះបានឡើយ ដោយលើកហេតុផលយករួចខ្លួនថា មានប្រតិបត្តិការហិរញ្ញវត្ថុច្រើនពេកក្នុងរយៈពេលត្រឹមតែ១ឆ្នាំកន្លងមកនេះ។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា DSI បានបង្ហាញវឌ្ឍនភាពនៃការស៊ើបអង្កេតនេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងកាន់តែច្រើនឡើង ទាមទារឱ្យមានការត្រួតពិនិត្យតម្លាភាពហិរញ្ញវត្ថុ ការប្រើប្រាស់ទ្រព្យសម្បត្តិ និងភាពស្របច្បាប់នៃប្រតិបត្តិការរបស់មូលនិធិមួយនេះ។
ក្រុមស៊ើបអង្កេតរបស់ DSI បានសង្កត់ធ្ងន់ថា ចំណុចរសើបបំផុតនៃការស្រាវជ្រាវ គឺការតាមដានរកមើលថា តើមានការលួចផ្ទេរប្រាក់ចេញពីគណនីមូលនិធិចូលទៅក្នុងគណនីបុគ្គលឯកជន ឬប្រើប្រាស់ថវិកាខុសគោលបំណងដែរឬទេ? ជាពិសេស គឺការផ្ទៀងផ្ទាត់ថាតើករណីនេះមានលំនាំដូចគ្នាទៅនឹងសំណុំរឿងរបស់អ្នកស្រី ប៊ុម ប៉ាណាតដា វង់ភូឌី (Panadda Wongpudi) អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃ និងជាសកម្មជនព្រំដែនប្រឆាំងកម្ពុជាដ៏ងងើលម្នាក់ទៀត ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារពីបទកិបកេងប្រាក់មូលនិធិដូចគ្នានេះដែរឬអត់៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស