លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា បន្ទាប់ពីរកឃើញផលលិតផលគ្រឿងសម្អាង៥មុខមានផ្ទុកសារធាតុគីមី ក្រសួងសុខាភិបាលគួរតែចាត់វិធានការ និងចុះត្រួតពិនិត្យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីធានាថា ផលិតផលគ្រឿងសម្អាងដែលកំពុងចរាចរដាក់លក់នៅលើទីផ្សារ និងតាមប្រព័ន្ធអនឡាញមានភាពស្របច្បាប់ និងគុណភាពល្អ។ ការជំរុញឱ្យចុះត្រួតពិនិត្យនេះ ក៏ដោយសារអ្នកជំនាញរូបនេះសង្ស័យថា អាចមានផលិតផលគ្រឿងសម្អាងជាច្រើនទៀត ដែលនាំចូលដោយពុំឆ្លងកាត់ការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ការរចុះត្រួតពិនិត្យត្រូវតែធ្វើឡើងដោយភាពស្មោះត្រង់ និងតម្លាភាព ជៀសវាងការប្រព្រឹត្តអំពើពុករលួយ។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានកត់សម្គាល់ឃើញថា ការនាំចូលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវនៅតាមច្រកព្រំដែន និងការចុះបញ្ជីលក់ដូរគ្រឿងសម្អាងតាមប្រព័ន្ធអនឡាញយ៉ាងអនាធិបតេយ្យកំពុងក្លាយជាដំបៅរ៉ាំរ៉ៃ។ លោកបានព្រមានចំៗថា ការបណ្តែតបណ្តោយឱ្យផលិតផលលួចលាក់ទាំងនេះចរាចរ គឺមិនខុសពីការបើកដៃឱ្យឃាតករលាក់មុខមកបំផ្លាញជីវិតប្រជាពលរដ្ឋនោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ក្រសួងសុខាភិបាលបានរកឃើញផលិតផលគ្រឿងសម្អាងចំនួន៥មុខមានផ្ទុកសារធាតុគីមី បារត និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តង់ដា។ បើតាមការអះអាងរបស់ក្រសួងសុខាភិបាលការផ្ទុកសារធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាអាចបង្កឱ្យខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ ចំណែកឯការផ្ទុកសារធាតុគីមី អាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តង់ដាអាចបណ្តាលឱ្យខូចខាតរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និងរលាកស្បែកជាដើម។ អ្វីដែលគួរឱ្យកត់សម្គាល់ ផលិតផលគ្រឿងសម្អាងទាំង៥មុខនេះពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាលនោះឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា