បាតុភូត អែលនីណូ

តំណាងកសិករបារម្ភបាតុភូត អែលនីណូ ទាញទម្លាក់ទិន្នផលត្រី និងសត្វចិញ្ចឹមនៅឆ្នាំនេះ


បាតុភូត«អែលនីណូ» ដែលធ្វើឱ្យអាកាសធាតុក្តៅហួតហែង និងមានភ្លៀងធ្លាក់តិចជាងធម្មតា នឹងបង្ហាញខ្លូនសាជាថ្មីនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ បាតុភូតអាកាសធាតុដ៏អាក្រក់នេះ មិនត្រឹ​មគំរាមកំហែងតែលើទិន្នផលស្រូវ ឬដំណាំកសិកម្មផ្សេងៗនោះទេ តែវាក៏ជាហានិភ័យដ៏ធំមួយសម្រាប់វិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ។
បាតុភូត អែលនីណូ
ដោយ

តួយ៉ាងសមាគមវារីវប្បករ និងអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងថា ទោះបីជារលកកម្តៅនៃបាតុភូតអាកាសធាតុក៏អាក្រក់នេះ មិនទាន់បោកបក់ចូលមកដល់ទាំងស្រុងក៏ដោយ តែប្រជាកសិករមួយចំនួន ពិសេសកសិករខ្នាតតូចបានរងផលប៉ះពាល់ពីឥទ្ធិពលនៃបាតុភូតនេះជាបណ្តើរៗហើយ តាមរយៈការខ្វះខាតទឹកសម្រាប់ប្រើក្នុងការចិញ្ចឹមសត្វ និងចិញ្ចឹមត្រី ដូច្នេះពួកគេជឿជាក់ថា បាតុភូតនេះ នឹងជះផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀតនាពេលខាងមុខនេះ។

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមជួបប្រទះបញ្ហាខ្វះខាតទឹកជាបណ្តើរៗហើយ ដូច្នេះប្រសិនបើបាតុភូតអែលនីណូចូលមកដល់ទៀត នោះវានឹងបង្ករហានិភ័យកាន់តែធ្ងន់ធ្ងរដល់ផលិតកម្មវារីវប្បកម្មនៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ដោយសារបញ្ហាខ្វះខាតទឹកបានរំខានដល់ដំណើរការភ្ញាស់កូនត្រីរបស់កសិដ្ឋានភាគច្រើន ដែលធ្វើឱ្យគ្មានកូនត្រីគ្រប់គ្រាន់សម្រាប់ចែកចាយលក់ទៅកាន់អ្នកចិញ្ចឹមបន្តនាពេលនេះ។ សម្រាប់អ្នកជំនាញរូបនេះ ក្រុមវារីវប្បករ ដែលងាយរងគ្រោះខ្លាំងជាងគេពីអាកាសធាតុក្តៅហួតហែងនេះ គឺកសិករដែលមានស្រះចិញ្ចឹមត្រីក្នុងទំហំក្រោម១ហិកតា ដ្បិតពួកគេគ្មានអាងស្តុកទឹកទុកគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងភាពរាំងស្ងួតនេះឡើយ។ ដើម្បីការពារហានិភ័យនៃបញ្ហាប្រឈមនេះ សមាគមវារីវប្បករកម្ពុជា បានណែនាំឱ្យកសិករស្តុកទឹកទុក និងកាត់បន្ថយបរិមាណចិញ្ចឹមត្រី។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថាបាតុភូត«អែលនីណូ» មិនត្រឹមគំរាមកំហែងតែទៅលើផលដំណាំ និងវារីវប្បកម្មនោះទេ វិស័យចិញ្ចឹមសត្វក៏ប្រឈមមុខខ្ពស់នឹងបញ្ហាអាកាសធាតុនេះដែរ ដោយសារការចិញ្ចឹមសត្វត្រូវការទឹកជាចាំបាច់សម្រាប់ប្រើប្រាស់ និងរក្សាសីតុណ្ហភាពឱ្យសមស្រប។ អ្នកជំនាញរូបនេះជឿជាក់ថា កសិករចិញ្ចឹមសត្វតាមបែបធម្មជាតិខ្នាតតូច នឹងរងគ្រោះខ្លាំងជាងគេ ខណៈកសិដ្ឋានធំៗមានប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលអាចជួយទប់ទល់នឹងអាកាសធាតុក្តៅបាន។ ទន្ទឹមនឹងនេះ ប្រធានសមាគមរូបនេះលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាចិញ្ចឹមជាលក្ខណៈសហគមន៍ ដើម្បីងាយស្រួលទប់ស្កាត់ពេលមានបញ្ហាហានិភ័យផ្សេងៗ និងអំពាវនាវឱ្យកសិករតាមដានលើបញ្ហាអាកាសធាតុនេះដោយយកចិត្តទុកដាក់ ដើម្បីបង្ការហានិភ័យផ្សេងៗ។

គួររំលឹកថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញការព្រមានថា បាតុភូតអែលនីណូ នឹងកើនឡើងដល់កម្រិត១០០% នៅក្នុងខែកក្កដា និងឈានដល់កម្រិតអតិបរមានៅខែវិច្ឆិកា ឆ្នាំ២០២៦។ ស្ថានភាពនេះនឹងបង្កឱ្យមាន«កូនរដូវប្រាំង»ហួតហែងរយៈពេលពីរសប្តាហ៍នៅក្នុងខែសីហា ដែលតម្រូវឱ្យអាជ្ញាធរគ្រប់បណ្តាខេត្ត និងកសិករទាំងអស់ត្រូវចាត់វិធានការសន្សំសំចៃ និងរក្សាប្រភពទឹកទុកឱ្យបានជាដាច់ខាត ដើម្បីទប់ទល់នឹងការខ្វះខាតទឹកនាពេលខាងមុខ៕




អត្ថបទបន្ទាប់


​​អ្នកជំនាញស្នើឱ្យក្រសួងសុខាភិបាល បង្កើនការចុះត្រួតពិនិត្យលើផលិតផលគ្រឿងសម្អាង ក្រោយរកឃើញផលិតផល៥មុខមានផ្ទុកសារធាតុគីមី

វាជាការព្រមានដ៏គួរឱ្យភ្ញាក់ផ្អើល និងរន្ធត់មួយសម្រាប់អ្នកនិយមប្រើប្រាស់គ្រឿងសម្អាង ដោយកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញសារធាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ