វិស័យ​សេដ្ឋកិច្ច

ធនាគារពិភពលោកព្រមានថា តម្លៃទំនិញនឹងហក់ឡើង ២៣% ខណៈតម្លៃថាមពល និងស្បៀងអាហារនឹងហក់ឡើងដល់កម្រិតកំពូល


ពិភពលោកកំពុងបង្ហាញនិន្នាការឈានទៅរកតំបន់គ្រោះថ្នាក់នៃវិបត្តិសេដ្ឋកិច្ច និងស្បៀងអាហារជាថ្មី ក្រោយធនាគារពិភពលោកបានព្រមានថា តម្លៃទំនិញសកលនឹងហក់ឡើងដល់ ២៣% នៅត្រឹមចុងឆ្នាំ២០២៦ នេះ ខណៈតម្លៃថាមពល និងស្បៀងអាហារបានឡើងថ្លៃដល់កម្រិតកំពូលមិនធ្លាប់មាន ក្រោមសម្ពាធ នៃភ្លើងសង្គ្រាមនៅអ៊ុយក្រែន មជ្ឈិមបូព៌ា បូករួមនឹងគ្រោះធម្មជាតិ អែលនីញ៉ូ។ អ្វីដែលកាន់តែរន្ធត់នោះ នៅតំបន់អឺរ៉ុបបច្ចុប្បន្នតម្លៃហ្គាសបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់ចាប់តាំងពីឆ្នាំ២០២២ មក។
ធនាគារពិភពលោក
ដោយ

ធនាគារពិភពលោក កាលពីថ្ងៃទី២៨ ខែតុលា បានចេញផ្សាយរបាយការណ៍«ទស្សនវិស័យទីផ្សារទំនិញ»ដោយព្យាករថា តម្លៃទំនិញទូទៅនៅលើពិភពលោកនឹងហក់ឡើងដល់ ២៣% នៅត្រឹមចុងឆ្នាំនេះ។ ក្នុងនោះតម្លៃថាមពលនឹងហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ខណៈ​ប្រជាជន​ជុំវិញពិភពលោកអាចត្រូវប្រឈមនឹងវិបត្តិអសន្តិសុខស្បៀងអាហារ ដោយសារតម្លៃអាហារហូបចុកបន្តកើនឡើងឥតឈប់ឈរ។

លោក អាយហាន កូស (Ayhan Kose) អនុប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោក បានគូសបញ្ជាក់ថា ទីផ្សារទំនិញនៅលើសកលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីបញ្ហាជាច្រើនក្នុងពេលតែមួយ ខណៈការហក់ឡើងតម្លៃថាមពល និងការកកស្ទះខ្សែច្រវាក់ពាណិជ្ជកម្ម កំពុងរុញច្រានតម្លៃទំនិញគ្រប់ប្រភេទឱ្យហក់ឡើងថ្លៃខ្ពស់ ដែលបង្កជាហានិភ័យអតិផរណា បំផ្លាញសុវត្ថិភាពស្បៀងអាហារ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះ។

យោងតាមការព្យាករ តម្លៃស្បៀងអាហារសកលនឹងកើនឡើង ១០% នៅឆ្នាំ២០២៦ និងហក់ឡើង ៧% បន្ថែមទៀតនៅឆ្នាំ២០២៧។ មូលហេតុចម្បង ដែលជំរុញឱ្យតម្លៃស្បៀងអាហារហក់ឡើងរួមមាន ការប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់បង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ដែលបានកាត់ផ្ដាច់ច្រកដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីកសិកម្ម, បាតុភូតអែលនីញ៉ូ និងការហក់ឡើងតម្លៃប្រេងឥន្ធនៈ ដែលបានរុញច្រានឱ្យថ្លៃដឹកជញ្ជូន និងថ្លៃផលិតកសិកម្មមានការកើនឡើងខ្លាំង។ ជាមួយគ្នានេះតម្លៃថាមពលសកលត្រូវបានគេរំពឹងថា នឹងហក់ឡើង៣២%នៅឆ្នាំនេះ ហើយអាចនឹងមានសញ្ញាថយចុះមកវិញនៅឆ្នាំ២០២៧ ប្រសិនបើភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ត្រូវបានពន្លត់។

ជាក់ស្តែងផលប៉ះពាល់កំពុងស្ដែងឡើងនៅទ្វីបអឺរ៉ុប ដោយតម្លៃហ្គាសបានហក់ថ្លៃបំបែកកំណត់ត្រាឈានដល់១០០អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង ដែលជាកម្រិតថ្លៃបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០២២ មក ដែលកំពុងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនអឺរ៉ុបយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។

ដើម្បីទប់ទល់នឹងបញ្ហានេះ ធនាគារពិភពលោកបានបញ្ចេញកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន៨,៧ពាន់លានដុល្លារដល់បណ្តាប្រទេសងាយរងគ្រោះ ដើម្បីការពារប្រជាជនក្រីក្រ និងជួយជ្រោមជ្រែងប្រទេសដែលមានចំណូលទាប ដែលកំពុងលិចលង់ក្នុងបំណុលធ្ងន់ធ្ងរស្រាប់ឱ្យមានលទ្ធភាពទប់ទល់នឹងវិបត្តិស្បៀងអាហារជាសកលនេះ៕




អត្ថបទបន្ទាប់


​វៀត​ណាម កំណត់ឱ្យរដ្ឋកាន់កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗ និងរក្សាការគ្រប់គ្រងលើវិស័យយុទ្ធសាស្ត្ររហូតដល់ឆ្នាំ២០៣០

វៀតណាម កំពុងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញដោយកំណត់ឱ្យរដ្ឋកាន់​កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗ និងបន្តកាន់កាប់ក្រុមហ៊ុនសំខ…

លក់ផ្ទះ និងឡាន ដើម្បីចូលនិវត្តន៍រស់នៅលើនាវាប្រណីត ប៉ុន្តែក្តីស្រមៃត្រូវរលាយដូចអំបិលត្រូវទឹក ក្រោយក្រុមហ៊ុនគ្រប់គ្រងនាវាអស់លុយទិញប្រេង

គូស្វាមីភរិយាជនជាតិអាម៉េរិកមួយគូបានសម្រេចចិត្តលក់ផ្ទះ និងរថយន្តរបស់ខ្លួន ដើម្បីបំពេញក្តី​ស្រមៃចូលនិវត្តន៍តាមរយៈការរស់នៅលើនាវាទេសចរណ៍ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ