ព្រឹត្តិការណ៍មិននឹកស្មានដល់នេះបានចោទជាសំនួរដេញដោលថា ហេតុអ្វីបានជាកើតមានរឿងនេះលើទឹកដីកម្ពុជា? ហើយតើវាជាការខាតបង់មុខមាត់ ឬជាឱកាសមាសសម្រាប់វិស័យទេសចរណ៍កម្ពុជា?
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា យល់ឃើញថា វិបត្តិហិរញ្ញវត្ថុរបស់នាវា MV Odyssey និងការទម្លាក់អ្នកទេសចរបរទេសជាង២០០នាក់ក្នុងទឹកដីកម្ពុជា អាចផ្ដល់ទាំងភាពវិជ្ជមាន និងអវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ វត្តមានរបស់អ្នកទេសចរបរទេសក្នុងនាវា MV Odyssey នឹងធ្វើឱ្យមានតម្រូវការនានាក្នុងសេវាកម្មទេសចរណ៍ ដែលជាសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសអាចធ្វើឱ្យអ្នកអានមួយចំនួនមានការភាន់ច្រលំ និងបង្កភាពអវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះលោកបណ្ឌិត ធួន ស៊ីណាន ហាក់មានចម្ងល់យ៉ាងខ្លាំងចំពោះការប្រកាសក្ស័យធនរបស់នាវា MV Odyssey នៅកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា វិបត្តិហិរញ្ញវត្ថុរបស់នាវា MV Odyssey គឺជាបញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុនប៉ុណ្ណោះ មិនបានជាប់ពាក់ព័ន្ធជាមួយកម្ពុជា នោះទេ។ សម្រាប់អ្នកជំនាញទេសចរណ៍រូបនេះ ការប្រកាសចូលចតនៅកម្ពុជា រួចប្រកាសក្ស័យធនអាចដោយសារតែពួកគេមានទំនុកចិត្តចំពោះសុវត្ថិភាព និងការយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា ខណៈកន្លងមក កម្ពុជា ធ្លាប់បានជួយដល់នាវាផ្សេងៗដែលមានបញ្ហាផងដែរ។ ការណ៍នេះត្រូវបានលោកជំទាវ ឆាយ ស៊ីវលីន ជឿជាក់ថា សកម្មភាពមនុស្សធម៌ដល់អ្នកទេសចរបរទេស ដែលជួបបញ្ហានឹងផ្ដល់ភាពវិជ្ជមានសម្រាប់កម្ពុជា។
ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា វិបត្តិហិរញ្ញវត្ថុរបស់នាវាទេសចរណ៍ MV Odyssey នៅក្នុងទឹកដីកម្ពុជា គឺជាវិបត្តិផ្ទៃក្នុងរបស់ក្រុមហ៊ុនប៉ុណ្ណោះមិនពាក់ព័ន្ធ ឬជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា នោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ការសម្របសម្រួល ឬការផ្ដល់ភាពកក់ក្ដៅរបស់អាជ្ញាធរកម្ពុជា ដល់អ្នកទេសចរបរទេសក្នុងនាវា MV Odyssey នឹងអាចទាញបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអន្តរជាតិ ខណៈរូបភាពបែបនេះ កម្ពុជា ធ្លាប់ធ្វើរួចមកហើយចំពោះនាវា និងអ្នកទេសចរផ្សេងៗ ដែលធ្លាប់មានវិបត្តិលើផ្ទៃសមុទ្រនាពេលកន្លងមក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចាត់ទុកការប្រកាសក្ស័យធនរបស់នាវាទេសចរណ៍ MV Odyssey នៅក្នុងទឹកដីកម្ពុជា គឺជាវិបត្តិផ្ទៃក្នុងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ទោះជាបែបនេះក្ដី មន្រ្តីជាន់ខ្ពស់រូបនេះអះអាងថា អាជ្ញាធរកម្ពុជា បានយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់អ្នកទេសចរក្នុងនាវាកម្សាន្តលំដាប់អន្តរជាតិមួយនេះតាមរយៈការបំពេញបែបបទចេញ-ចូល ឬការស្នាក់នៅបន្តជាដើម ខណៈមកទល់ពេលនេះមានអ្នកទេសចរបរទេសមួយចំនួនក្នុងនាវាទេសចរណ៍នេះបានចាកចេញពីកម្ពុជា តែមួយចំនួនទៀតបន្តស្នាក់នៅមួយរយៈទៀត។
បើតាមលោក ឡុង ឌីម៉ង់ នាវាទេសចរណ៍ MV Odyssey គ្រោងចាកចេញពីកម្ពុជា នៅថ្ងៃទី៣១ ខែតុលានេះ។ តែយ៉ាងណា អភិបាលរងខេត្តព្រះសីហនុ រូបនេះ បានសង្កត់ធ្ងន់ថា នាវានេះអាចចាកចេញពីកម្ពុជាបាន ប្រសិនបើមិនមានពាក្យបណ្ដឹង និងបានបំពេញនីតិវិធីរួចរាល់។ គួរបញ្ជាក់ថា នាវា MV Odyssey បានចេញដំណើរពីទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងកម្មវិធីទេសចរណ៍រយៈពេល៣ឆ្នាំកន្លះ ដោយផ្ទុកអ្នកដំណើរចំនួន២០៣នាក់ ដែលភាគច្រើនជាជនជាតិអាម៉េរិក និងបុគ្គលិកបម្រើការលើនាវាចំនួន១៥៦នាក់។ នាវានេះបានស្នើសុំចូលចតបណ្ដោះអាសន្ននៅកំពង់ផែក្រុងព្រះសីហនុ តាំងពីថ្ងៃសុក្រ ទី២៣ ខែតុលា មកម៉្លេះ៕