ធនាគារ ឈីហ្វ

តើការដាក់ធនាគារ ឈីហ្វ ឱ្យស្ថិតក្រោមអភិបាលកិច្ចបណ្តោះអាសន្នវាបានបង្ហាញពីការធ្លាក់ចុះសុខភាពក្នុងវិស័យហិរញ្ញវត្ថុឬយ៉ាងណា?


បន្ទាប់ពីបានសម្រេចដកអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារពាណិជ្ជមួយចំនួនជាបន្តបន្ទាប់ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ធនាគារពាណិជ្ជ ឈីហ្វ ឱ្យស្ថិតក្រោមអភិបាលកិច្ចបណ្ដោះអាសន្នរយៈពេល៣ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីស្ទង់ និងវាយតម្លៃស្ថានភាពហិរញ្ញវត្ថុឡើងវិញ ក្រោយរកឃើញកង្វះខាតក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ការចាត់វិធានការក្តៅជាបន្តបន្ទាប់របស់ធនាគារជាតិនៃកម្ពុជានេះ បានបង្កជាក្តីបារម្ភមួយចំនួនដល់សាធារណជនជុំវិញសុខភាពនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ។
ធនាគារ ឈីហ្វ
ដោយ

តើការដាក់ធនាគារ ឈីហ្វ ឱ្យស្ថិតក្រោមអភិបាលកិច្ចជាសញ្ញាព្រមាន ឬជាការសម្អាតប្រព័ន្ធធនាគារនៅកម្ពុជា?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា ការដាក់ធនាគារពាណិជ្ជ ឈីហ្វ ឱ្យស្ថិតក្រោមអភិបាលកិច្ចបណ្តោះអាសន្ន គឺជាកិច្ចអន្តរាគមន៍ ដើម្បីត្រួតពិនិត្យ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់អតិថិជនផ្ញើប្រាក់ និងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិរូបនេះបានពន្យល់ថា វិធានការនេះមិនមែនជាការបិទធនាគារ ឬដកអាជ្ញាប័ណ្ណដូចការបារម្ភរបស់សាធារណជនមួយចំនួនឡើយ បើទោះបីជាក្នុងរយៈពេលខ្លីវិធានការនេះអាចបង្កឱ្យមានផលប៉ះពាល់ ឬក្តីបារម្ភខ្លះៗលើសាច់ប្រាក់បណ្តោះអាសន្នរបស់អ្នកផ្ញើប្រាក់ក៏ដោយ ប៉ុន្តែនៅក្នុងរយៈពេលវែង វាគឺជាការបោសសម្អាតហានិភ័យដ៏សំខាន់ ដែលជួយពង្រឹងតម្លាភាព បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងសាធារណជនថា ប្រព័ន្ធធនាគារនៅកម្ពុជាត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត។
ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការដកអាជ្ញាប័ណ្ណ ឬដាក់ឱ្យធនាគារពាណិជ្ជមួយចំនួនស្ថិតក្រោមអភិបាលកិច្ចបណ្តោះអាសន្ន របស់ធនាគារជាតិនៃកម្ពុជា គឺបានបង្ហាញអំពីសមត្ថភាព និងភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងរបស់អាជ្ញាធរអាណាព្យាបាល ហើយប្រសិនបើទុកឱ្យធនាគារដែលមានស្ថានភាពហិរញ្ញវត្ថុចុះទ្រុឌទ្រោមបន្តប្រតិបត្តិការរហូតដល់ក្ស័យធន នោះវានឹងទាញទម្លាក់ឱ្យប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចជាតិទាំងមូលឱ្យដួលរលំ។ បើតាមអ្នកជំនាញនេះ វិធានការទប់ទល់ហានិភ័យនេះ នឹងជួយធានានិរន្តរភាព តុល្យភាព និងពង្រឹងទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ខណៈដំណើរការនេះនឹងអនុញ្ញាតឱ្យធនាគារជាតិអាចចូលគ្រប់គ្រងទ្រព្យសកម្ម សិក្សាស្ថានភាពបំណុល-ឥណទាន និងរៀបចំយន្តការទូទាត់សង ឬបង្វែរប្រាក់បញ្ញើអតិថិជនទៅកាន់ធនាគារផ្សេងទៀតដែលមានស្ថិរភាព។
គួរជម្រាបថា ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ធនាគារពាណិជ្ជ ឈីហ្វ ឱ្យស្ថិតក្រោមអភិបាលបណ្ដោះអាសន្នសម្រាប់រយៈពេល៣ខែចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ក្រោយពិនិត្យឃើញមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ អភិបាលបណ្ដោះអាសន្នមានតួនាទីក្នុងការវាយតម្លៃស្ថានភាពរបស់ធនាគារ ឈីហ្វ និងរាយការណ៍មកធនាគារជាតិនៃកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការសម្រេចចាត់វិធានការជាបន្ដបន្ទាប់ចំពោះធនាគារនេះ។ បើតាមធនាគារជាតិ ក្នុងរយៈពេល៣ខែនេះ អភិបាលបណ្ដោះអាសន្នមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និង ជាតំណាងឱ្យធនាគារពាណិជ្ជ ឈីហ្វ គ្រប់ប្រតិបត្តិការទាំងអស់របស់ធនាគារ ដែលរួមមានទាំងការផ្អាកការទូទាត់ប្រាក់បញ្ញើ និង ការចំណាយមិនចាំបាច់មួយចំនួនជាបណ្ដោះអាសន្ន។ ចំពោះអ្នកខ្ចីឥណទានទាំងអស់ត្រូវបំពេញកាតព្វកិច្ចទូទាត់ប្រាក់ជាប្រក្រតី។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារ ឈីហ្វ មានទ្រព្យសកម្មជាង៤០០លានដុល្លារអាមេរិក ទំហំឥណទានជាង ២៧៧លានដុល្លារ និងប្រាក់បញ្ញើអតិថិជនប្រមាណ២៩៥លានដុល្លារអាម៉េរិក។ ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះនៅក្នុងឆ្នាំ២០២៥ មានប្រមាណ២,៥លានដុល្លារ ធ្លាក់ចុះ៥% បើធៀបនឹងឆ្នាំ២០២៤៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


មេដឹកនាំពិភពលោកនឹងជួបគ្នានៅមហាសន្និបាតអង្គការសហប្រជាជាតិ ចំពេលសណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើ

មេដឹកនាំពិភពលោកនឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ចំពេលសណ្តាប់ធ្នាប់សកលកំពុងរង្គោះរង្គើខ្លាំង។ ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ