លោកស្រី ឈិន ចន្ទូ កសិករដាំម្នាស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នកសិករនៅតំបន់របស់លោកស្រីបានប្រមូលផលម្នាស់ជាបន្តបន្ទាប់ ប៉ុន្តែបែរជាត្រូវជួបបញ្ហាប្រឈមរឿងតម្លៃ។ លោកស្រីបានគូសបញ្ជាក់ថា ម្នាស់ដែលមានគុណភាពល្អអាចលក់ចេញបានត្រឹមតែ៣០០ទៅ ៤០០រៀលប៉ុណ្ណោះក្នុងមួយផ្លែ ជាតម្លៃមួយទាបដែលអាចធ្វើឱ្យកសិករប្រឈមនឹងការខាត។ បើតាមការអះអាងរបស់អ្នកដាំម្នាស់រូបនេះ តម្លៃដែលកសិករអាចទទួលបានប្រាក់ចំណេញសមរម្យ និងទប់ទល់ដើមបាន គឺក្នុងរង្វង់៧០០រៀលក្នុងមួយផ្លែ។
ជាមួយគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានកត់សម្គាល់ថា ផលប៉ះពាល់ពីជម្លោះព្រំដែន និងវិបត្តិប្រេងឥន្ធនៈសកល បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ធ្វើឱ្យកសិផលជាច្រើនដូចជាម្នាស់ និងល្ពៅធ្លាក់ថ្លៃ និងកកស្ទះទីផ្សារយ៉ាងខ្លាំង។ ដើម្បីស្រោចស្រង់ស្ថានភាពនេះ លោក បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមដៃគ្នាបង្កើនការប្រមូលទិញផលដំណាំពីកសិករឱ្យបានកាន់តែច្រើន និងទាន់ពេលវេលា។
ជុំវិញបញ្ហានេះលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានលើកឡើងថា តម្លៃម្នាស់មានភាពខុសគ្នាទៅតាមគុណភាព និងចំណាត់ថ្នាក់របស់ផ្លែ។ លោកបានបញ្ជាក់ថា ម្នាស់ប្រភេទលេខ១អាចលក់បានក្នុងតម្លៃប្រមាណ១,៧០០រៀលក្នុងមួយផ្លែ ខណៈម្នាស់ដែលមានគុណភាពទាប ឬប្រភេទលេខ៥អាចលក់បានក្នុងតម្លៃប្រមាណ២០០ទៅ៣០០រៀលក្នុងមួយផ្លែ។ បើតាមការអះអាងរបស់ប្រធានមន្ទីររូបនេះ ការប្រមូលផលម្នាស់នៅខេត្តបាត់ដំបង មិនទាន់ដល់ពេលប្រមូលផលទ្រង់ទ្រាយធំនៅឡើយទេ ហើយលោកលើកទឹកចិត្តឱ្យកសិករងាកមកចូលរួមដាំដុះតាមរយៈកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុន ដើម្បីធានាទីផ្សារ និងស្ថិរភាពតម្លៃនៅពេលប្រមូលផល។
គួររម្លឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន បានឯកភាពពន្លឿននីតិវិធីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិន ដោយផ្តោតជាពិសេសលើម្នាស់ ខ្នុរ និងស្វាយ។ ការផ្តួចផ្តើមនេះមានគោលបំណងរៀបចំលំហូរនាំចេញផលិតផលកសិកម្មកម្ពុជា ដែលនៅមានភាពបែកខ្ញែកឱ្យទៅជាប្រព័ន្ធនាំចេញដែលមានភាពច្បាស់លាស់ និងអាចព្យាករណ៍បាន ព្រមទាំងបង្កើនឱកាសឱ្យផលិតផលកសិកម្មកម្ពុជាអាចចូលដល់ទីផ្សារចិនដោយផ្ទាល់ និងមានស្ថិរភាពជាងមុន៕
អត្ថបទ៖ ជា ម៉ារ៉ា