បាតុភូត អែលនីណូ

គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាបន្តជួយផ្តល់ទុនដល់កសិករ ទោះប្រឈមនឹងវិបត្តិអាកាសធាតុ«អែលនីណូ»


ការប្រែប្រួលអាកាសធាតុកំពុងវិវឌ្ឍខ្លួនទៅជាហានិភ័យដ៏ធំធេងវាយប្រហារចំៗទៅលើដង្ហើមសេដ្ឋកិច្ច នៃវិស័យកសិកម្ម។ ជាក់ស្តែងថ្មីៗនេះ អង្គការឧតុនិយមពិភពលោកបានចេញសារព្រមានក្រើនរំលឹកដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរថា នឹងត្រូវរងឥទ្ធិពលពីបាតុភូត«អែលនីណូ» ដែលនឹងបង្កឱ្យមានគ្រោះកម្តៅហួតហែង និងកង្វះខាតទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ នាប៉ុន្មានខែខាងមុខនេះ ដែលវានឹងក្លាយជាការគំរាមកំហែងយ៉ាងកាចសាហាវដល់ទិន្នផលកសិកម្ម ជាពិសេសស្រូវរបស់កសិករ។
បាតុភូត អែលនីណូ
ដោយ

ទោះជាយ៉ាងណានៅចំពោះមុខនៃវិបត្តិអាកាសធាតុនេះ គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើជាខ្នងបង្អែកហិរញ្ញវត្ថុជំរុញការផ្តល់ឥណទានកសិកម្ម ដើម្បីធានាថា ខ្សែច្រវាក់ផលិតកម្មស្បៀងអាហារ និងស្ថិរភាពសេដ្ឋកិច្ចជាតិ មិនត្រូវដេកដួល ឬក្ស័យធនទៅតាមភាពរាំងស្ងួតនោះឡើយ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានចាត់ទុក ការផ្តល់ឥណទានសម្រាប់វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យកសិករទទួលបានធាតុចូលចាំបាច់ បង្កើនផលិតកម្ម និងគាំទ្រប្រាក់ចំណូលគ្រួសារ ព្រមទាំងលើកកម្ពស់ស្ថិរភាពតំបន់ជនបទ ពិសេសនៅក្នុងការប្រឈមនៃបាតុភូតអាកាសធាតុ អែលនីណូ ដែលកំពុងគំរាមកំហែង និងអាចបង្កហានិភ័យចំពោះវិស័យកសិកម្មកម្ពុជា ជាពិសេសលើដំណាំស្រូវតែម្តង។ ថ្នាក់ដឹកនាំរូបនេះ បានអះអាងថា ទោះស្ថិតក្នុងស្ថានភាពប្រឈមនឹងហានិភ័យយ៉ាងណាក៏ដោយ LOLC នឹងនៅតែបន្តគាំទ្រការផ្តល់ឥណទានជូនដល់កសិករ ដោយអនុវត្តវិធីសាស្ត្រ ដែលមានភាពប្រុងប្រយ័ត្ន និងផ្អែកលើហានិភ័យជាចម្បង ដើម្បីចូលរួមជំរុញការគាំទ្រ និងរក្សាស្ថិរភាពផ្នែកសន្តិសុខស្បៀង និងស្ថិរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។

បើតាមថ្នាក់ដឹកនាំរូបនេះ LOLC កំពុងដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់គាំទ្រវិស័យកសិកម្មកម្ពុជា ដូចជាតាមរយៈការពង្រឹងការវាយតម្លៃសមត្ថភាពសងប្រាក់ និងចំណូលរបស់អតិថិជន ដើម្បីធានាថា ការផ្តល់ឥណទានសមស្របនឹងស្ថានភាពជាក់ស្តែង, វាយតម្លៃហានិភ័យតាមតំបន់ និងប្រភេទដំណាំ ដែលងាយរងផលប៉ះពាល់ពីអាកាសធាតុ, តាមដានស្ថានភាពបង់ប្រាក់របស់អតិថិជនជាប្រចាំ ដើម្បីរកឃើញបញ្ហាជាមុន និងធ្វើការជិតស្និទ្ធជាមួយអតិថិជន និងផ្តល់ការគាំទ្រដល់អតិថិជនករណីមានប្រឈមបញ្ហាជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ទោះស្ថិតក្នុងវិបត្តិនៃការប្រែប្រួលអាកាសធាតុយ៉ាងណាដ៏ដោយ ធនាគារអេស៊ីលីដា នឹងបន្តផ្តល់ឥណទានកសិកម្មជូនដល់អតិថិជន ដែលពាក់ព័ន្ធក្នុងវិស័យនេះ រួមទាំងកសិករផ្ទាល់។ បើតាមថ្នាក់ដឹកនាំរូបនេះ ធនាគារអេស៊ីលីដា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងយន្តការគាំទ្រសំខាន់ៗជាច្រើនសម្រាប់គាំទ្រដល់វិស័យកសិកម្មកម្ពុជា មិនថា ស្ថិតក្នុងវិបត្តិនៃបាតុភូតអាកាសធាតុ អែលនីណូ នាពេលនេះ ឬវិបត្តិអាកាសធាតុផ្សេងៗនាពេលកន្លងមកឡើយ ដើម្បីជំរុញការគាំទ្រ និងធានាថា ខ្សែច្រវាក់ផលិតកម្មកសិកម្មនៅកម្ពុជានៅតែអាចបន្តទៅមុខបាន ទោះត្រូវប្រឈមនឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុក៏ដោយ។

គួររំលឹកថា ថ្មីៗនេះ អង្គការឧតុនិយមពិភពលោក បានព្រមានដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាថា នឹងរងឥទ្ធិពលនៃបាតុភូតអាកាសធាតុ អែលនីណូ ដែលអាចបង្កឱ្យមានអាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់តិចជាងធម្មតានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អាចចាប់ផ្តើមនៅមុនខែសីហា បន្តដល់ខែវិច្ឆិកា ដែលវានឹងគំរាមកំហែងយ៉ាងខ្លាំងដល់ទិន្នផលកសិកម្ម និងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រជាកសិករ៕




អត្ថបទបន្ទាប់


តើតម្លៃប្រេងឥន្ធនៈអាចមានសង្ឃឹមធ្លាក់ចុះទេ ក្រោយស្ថានភាពនៅមជ្ឈិមបូព៌ា​ហាក់ឡើងកម្ដៅជាថ្មី?

តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ កំពុងស្ថិតក្នុងស្ថានភាពមួយពិបាកវាយតម្លៃ និងមិនរំពឹងថា អាចដាំក្បាលចុះក្នុងពេលដ៏ខ្លីខាងមុខនេះណាស់។ មិ…

ការសិក្សាមួយបង្ហាញថា ស្មាតហ្វូនជាកត្តាចម្បងមួយ នៃការធ្លាក់ចុះអត្រាកំណើត

វិបត្តិនៃការធ្លាក់ចុះអត្រាកំណើតនៅទូទាំងសកលលោកហាក់បីដូចជា កំពុងដើរស្របគ្នាយ៉ាងគួរឱ្យកត់សម្គាល់ទៅនឹងការរីកដុះដាលនៃបច្ចេកវិទ្យាស្មាតហ្វូន។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ