តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថា នឹងត្រូវប្រឈមមុខនឹងស្ថានភាពអាកាសធាតុក្តៅហួតហែង និងស្ងួតហួតខ្លាំងខុសពីប្រក្រតីចាប់ពីខែសីហា ដល់ខែតុលា ស្របពេលដែលបាតុភូតអែលនីណូ កាន់តែវិវត្តទៅរកភាពវឹកវរ និងអាក្រក់ទៅៗ។ ស្ថានភាពនេះមិនត្រឹមតែបង្កើតជាសម្ពាធកម្ដៅខ្លាំងក្លាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនហានិភ័យខ្ពស់ នៃគ្រោះអគ្គិភ័យ ឬភ្លើងឆេះព្រៃ ដែលពិបាកត្រួតពិនិត្យ ព្រមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំកសិកម្មទៀតផង។
យោងតាមការវិភាគគំរូអាកាសធាតុជាច្រើន ធ្វើឡើងដោយមជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន បានឱ្យដឹងថា តំបន់ភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសដែនដីដ៏ធំល្វឹងល្វើយ នៃប្រទេសឥណ្ឌូណេស៊ី មានប្រូបាប៊ីលីតេខ្ពស់ក្នុងការទទួលបានកម្រិតទឹកភ្លៀងទាបជាងកម្រិតមធ្យម ស្របពេលដែលសីតុណ្ហភាពនឹងហក់ឡើងខ្ពស់ខុសពីធម្មតា។ មជ្ឈមណ្ឌលដដែលនេះបានសង្កត់ធ្ងន់ក្នុងរបាយការណ៍ទស្សនវិស័យរដូវកាលរបស់ខ្លួនថា ឥទ្ធិពលនៃបាតុភូត អែលនីណូ នឹងបង្កឱ្យមានការថយចុះយ៉ាងគំហុកនៃកម្រិតទឹកភ្លៀងនៅភាគខាងត្បូងអាស៊ាន ចាប់ពីខែសីហា ដល់ខែតុលា ដែលជាដើមហេតុជំរុញឱ្យហានិភ័យ នៃភ្លើងឆេះព្រៃ និងវិបត្តិអ័ព្ទផ្សែងពុលឆ្លងដែនកើនឡើងដល់កម្រិតប្រកាសអាសន្ន។
ក្រៅពីគ្រោះធម្មជាតិ កសិករបង្កបង្កើនផលស្រូវក្នុងតំបន់ក៏ត្រូវជួបប្រទះនូវសង្គ្រាមពីរមុខក្នុងពេលតែមួយ ដោយត្រូវតស៊ូជាមួយគ្រោះរាំងស្ងួតផង និងត្រូវរ៉ាប់រងបន្ទុកថ្លៃដើមខ្ពស់ នៃប្រេងឥន្ធនៈ និងជីកសិកម្មដែលកើនឡើងដោយសារវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ផងដែរ។ ក្រុមអ្នកជំនាញបានព្រមានថា កាលណាវិបត្តិរាំងស្ងួត និងរលកកម្ដៅអូសបន្លាយពេលកាន់តែយូរ នោះវិស័យសន្តិសុខស្បៀង និងកសិកម្ម នឹងត្រូវទទួលរងកាន់តែធ្ងន់ធ្ងរ។
ដើម្បីទប់ទល់ និងត្រៀមលក្ខណៈទប់ស្កាត់គ្រោះមហន្តរាយនេះ ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ី បានចាប់ផ្តើមបង្កើនប្រតិបត្តិការបង្កើនពពកសិប្បនិម្មិតយ៉ាងសកម្មនៅតាមតំបន់ងាយរងគ្រោះ រួមទាំងតំបន់ចម្ការដូងប្រេងសំខាន់ៗ ដើម្បីបំពេញអាងស្តុកទឹកឡើងវិញ និងទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គិភ័យជាមុន៕
ដោយៈ សរ សុជាតិ