វិស័យទេសចរណ៍

អឺរ៉ុប បើកការស៊ើបអង្កេតលើគេហទំព័រកក់សណ្ឋាគារអនឡាញដ៏ល្បីល្បាញ Booking.com លើបញ្ហាធំៗពីរ


គេហទំព័រកក់សណ្ឋាគារអនឡាញដ៏ល្បីល្បាញ Booking.com កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីសំណាក់សហភាពអឺរ៉ុប ជុំវិញការសង្ស័យថា បានបណ្ដែតបណ្ដោយឱ្យមានការផ្សព្វផ្សាយកន្លែងស្នាក់នៅក្លែងក្លាយ អំពើឆបោកតាមសារអេឡិចត្រូនិក និងការបិទបាំងពាណិជ្ជកម្មខ្វះតម្លាភាព។
អឺរ៉ុប_បើកការស៊ើបអង្កេតលើគេហទំព័រកក់សណ្ឋាគារអនឡាញដ៏ល្បីល្បាញ
ដោយ

យោងតាមសារព័ត៌មាន Euro News ទោះបីជាមិនទាន់មានការកំណត់ពេលវេលាបញ្ឈប់ការស៊ើបអង្កេតច្បាស់លាស់ក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះត្រូវតែប្រញាប់ប្រញាល់ដាក់ចេញនូវវិធានការឆ្លើយតប ដើម្បីដោះស្រាយកង្វល់ផ្លូវច្បាប់របស់គណៈកម្មការអឺរ៉ុបជាបន្ទាន់។

កាលពីថ្ងៃទី២១ ខែតុលា សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Booking.com បន្ទាប់ពីរកឃើញសញ្ញាព្រមានថា វេទិកាកក់កន្លែងស្នាក់នៅដ៏ធំមួយនេះមិនបានចាត់វិធានការឱ្យបានហ្មត់ចត់ និងត្រឹមត្រូវក្នុងការទប់ស្កាត់អំពើឆបោកតាមអ៊ីនធឺណិត និងការបញ្ចេញព័ត៌មានក្លែងក្លាយ។ អាជ្ញាធរមានសមត្ថកិច្ចរបស់សហភាពអឺរ៉ុប បានដាក់ការសង្ស័យថា Booking.com បានមើលស្រាលលើផលប៉ះពាល់នៃការបោកប្រាស់ និងការបណ្តោយឱ្យសណ្ឋាគារគ្មានអាជ្ញាប័ណ្ណមកដាក់លក់លើវេបសាយរបស់ខ្លួន ព្រមទាំងខកខានក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់មិនឱ្យធ្លាក់ចូលទៅក្នុងក្រញ៉ាំដៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។

លោកស្រី ហេណា វៀកូណេន (Henna Virkkunen) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋអឺរ៉ុប គប្បីទទួលបានសិទ្ធិកក់កន្លែងស្នាក់នៅ និងធ្វើវិស្សមកាលរបស់ពួកគេដោយទំនុកចិត្ត និងសុវត្ថិភាព មិនមែនស្ថិតក្នុងភាពភ័យខ្លាចថា ត្រូវបានគេបោកប្រាស់នោះឡើយ។

លើសពីនេះ សហភាពអឺរ៉ុប ក៏កំពុងដេញដោលដែរថា តើក្រុមហ៊ុននេះបានរំលោភលើច្បាប់ដែរឬទេតាមរយៈការមិនដាក់ស្លាកសញ្ញាឱ្យច្បាស់លាស់ថា ជាការផ្សាយពាណិជ្ជកម្មចំពោះកន្លែងស្នាក់នៅទាំងឡាយណា ដែលបានបង់ប្រាក់ឱ្យ Booking.com ដើម្បីទទួលបានការបង្ហាញខ្លួននៅផ្នែកខាងលើគេក្នុងលទ្ធផលស្វែងរករបស់អ្នកប្រើប្រាស់។

គួររំលឹកថា នេះគឺជាប្រតិបត្តិការស៊ើបអង្កេតជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់លើក្រុមហ៊ុន Booking.com ក្រោមច្បាប់ស្តីពីសេវាកម្មឌីជីថល ដែលជាអាវុធផ្លូវច្បាប់ដ៏មានឥទ្ធិពល និងទូលំទូលាយបំផុតរបស់សហភាពអឺរ៉ុបក្នុងការត្រួតពិនិត្យ និងរៀបចំរបៀបរៀបរយលើវេទិកាអនឡាញ ទីផ្សារឌីជីថល និងបណ្តាញសង្គមសកល៕




អត្ថបទបន្ទាប់


អាជ្ញាធរថៃ បង្ក្រាបឃ្លាំងស្តុកពោះវៀនជ្រូកគ្មានអនាម័យ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកបរិភោគបានជាង៥តោន

កម្លាំងបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងការពារអ្នកបរិភោគថៃ សហការជាមួយមន្ត្រីបសុពេទ្យបានបើកប្រតិបត្តិការឆែកឆេរឃ្លាំងដ៏ធំមួយកន្លែងនៅទីក្រុងបាងកក …

ពិភពលោកប្រកាសអាសន្នសន្តិសុខប្រព័ន្ធអ៊ីនធឺណិត ក្រោយ AI រកឃើញចន្លោះប្រហោងធ្ងន់ធ្ងរក្នុង PHP ដែលអាចវាយប្រហារគេហទំព័ររាប់លាន

ភាពអាសន្នផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតកំពុងធ្វើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុននានាទូទាំងពិភពលោកប្រញាប់ប្រញាល់ចាត់វិធានការការពារប្រព័ន្ធរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ