វិស័យបច្ចេកវិទ្យា

ពិភពលោកប្រកាសអាសន្នសន្តិសុខប្រព័ន្ធអ៊ីនធឺណិត ក្រោយ AI រកឃើញចន្លោះប្រហោងធ្ងន់ធ្ងរក្នុង PHP ដែលអាចវាយប្រហារគេហទំព័ររាប់លាន


ភាពអាសន្នផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតកំពុងធ្វើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុននានាទូទាំងពិភពលោកប្រញាប់ប្រញាល់ចាត់វិធានការការពារប្រព័ន្ធរបស់ខ្លួន បន្ទាប់ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានជួយរកឃើញចំណុចខ្សោយសុវត្ថិភាពធ្ងន់ធ្ងរពីរនៅក្នុង PHP ដែលជាភាសាសរសេរកម្មវិធីប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់បង្កើតគេហទំព័រ។
AI_រកឃើញចន្លោះប្រហោង_PHP_អាចឱ្យ_Hacker_លួចទិន្នន័យពីគេហទំព័ររាប់លាន
ដោយ

ចំណុចខ្សោយទាំងនេះអាចឱ្យពួកចោរ Hacker ចូលលុកលុយម៉ាស៊ីនមេ ឬ Server ដោយមិនចាំបាច់មានពាក្យសម្ងាត់ ព្រមទាំងអាចលួចទិន្នន័យសម្ងាត់ ឬគ្រប់គ្រងប្រព័ន្ធដែលរងផលប៉ះពាល់បានយ៉ាងងាយស្រួល។ ដើម្បីទប់ស្កាត់ហានិភ័យ គេហទំព័រជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន ខណៈក្រុមអ្នកជំនាញកំពុងពន្លឿនការជួសជុលចំណុចខ្សោយទាំងនេះ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera និង BBC ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ។

PHP ដែលជាកម្មវិធីប្រើសម្រាប់បង្កើត និងដំណើរការគេហទំព័រ និងជួយឱ្យគេហទំព័រអាចទាញយកព័ត៌មាន ដំណើរការសំណើ និងបង្ហាញខ្លឹមសារដល់អ្នកប្រើប្រាស់ត្រូវបានរកឃើញថាមានភាពចន្លោះប្រហោង ដែលអាចឱ្យ Hacker ចូលយកទិន្នន័យបានដោយមិនចាំបាច់មានលេខកូដសម្ងាត់។ បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់នៅលើវេទិកា ឬ Platform ល្បីៗ ដូចជា WordPress និង Wikipedia ជាដើម ព្រមទាំងហាងលក់ទំនិញតាមអនឡាញជាច្រើន។

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ឧបករណ៍ AI ដើម្បីរកឃើញចំណុចខ្សោយសុវត្ថិភាពធ្ងន់ធ្ងរពីរដែលត្រូវបានគេដាក់ឈ្មោះថា PHP2Shell។ ចំណុចខ្សោយទាំងនេះត្រូវបានគេរាយការណ៍ថា មានតាំងពីរាប់ទសវត្សរ៍មកហើយ ប៉ុន្តែពិបាករកឃើញដើម្បីវាយប្រហារ។ ប្រសិនបើពួកចោរ Hacker អាចរកឃើញចំណុចខ្សោយទាំងនេះ ពួកគេអាចបញ្ជាម៉ាស៊ីនមេ ឬ Server ឱ្យដំណើរការដោយមិនចាំបាច់មានពាក្យសម្ងាត់ ឬគណនីដែលមានសិទ្ធិចូលប្រើ។

ទីភ្នាក់ងារសន្តិសុខជាតិអាម៉េរិកបានជំរុញឱ្យស្ថាប័ននានាធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់ខ្លួនជា
បន្ទាន់ ហើយប្រសិនបើមិនអាចជួសជុលចំណុចខ្សោយបានភ្លាមៗទេ គេហទំព័រដែលរងហានិភ័យគួរតែត្រូវបានបិទជាបណ្តោះអាសន្នរហូតដល់អាចធានាសុវត្ថិភាពបាន។ អាជ្ញាធរនៅប្រទេសអឺរ៉ុបមួយចំនួន និងជប៉ុនបានចាត់វិធានការបង្ការ ខណៈផ្នែកខ្លះនៃគេហទំព័រ Wikipedia ក៏ត្រូវបានបិទជាបណ្តោះអាសន្នដែរ។ ចំណែកក្រុមហ៊ុន Amazon រាយការណ៍ថា ខ្លួនបានរកឃើញការប៉ុនប៉ងស្វែងរកចំណុចខ្សោយនេះ ប៉ុន្តែគេហទំព័ររបស់ខ្លួននៅតែដំណើរការធម្មតា។

ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Wiz បានប៉ាន់ប្រមាណថា ចំណុចខ្សោយទាំងនេះអាចប៉ះពាល់ដល់គេហទំព័ររាប់លាន និងប្រហែល៧០% នៃប្រព័ន្ធអ៊ីនធឺណិត។ ទោះជាយ៉ាងណាសារព័ត៌មាន BBC បញ្ជាក់ថា តួលេខនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។ ក្រុមអ្នកជំនាញព្រមានថា បច្ចេកវិទ្យា AI អាចជួយអ្នកជំនាញសន្តិសុខអ៊ីនធឺណិតរកឃើញចំណុចខ្សោយបានលឿនជាងមុន ប៉ុន្តែបច្ចេកវិទ្យានេះ ក៏អាចជួយឱ្យពួកចោរ Hacker អភិវឌ្ឍវិធីវាយប្រហារបានលឿនផងដែរ៕




អត្ថបទបន្ទាប់


អឺរ៉ុប បើកការស៊ើបអង្កេតលើគេហទំព័រកក់សណ្ឋាគារអនឡាញដ៏ល្បីល្បាញ Booking.com លើបញ្ហាធំៗពីរ

គេហទំព័រកក់សណ្ឋាគារអនឡាញដ៏ល្បីល្បាញ Booking.com កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីសំណាក់សហភាពអឺរ៉ុប ជុំវិញការសង្ស័យថា បានបណ្ដែតបណ្ដោយឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ