បើទោះជាទីក្រុងប៉េកាំងចេញមុខបដិសេធយ៉ាងដាច់អហង្ការក៏ដោយ ប៉ុន្តែក្តីបារម្ភរបស់លោកខាងលិចហាក់មិនទាន់ថមថយឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ទំនិញចិនដែលមានតម្លៃថោកខុសធម្មតាកំពុងតែជន់ជោរពេញទីផ្សារពិភពលោក។ ស្ថានភាពនេះកំពុងបង្កើតសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើខ្សែច្រវាក់ឧស្សាហកម្មរបស់អឺរ៉ុប ជាពិសេសវិស័យផលិតរថយន្ត និងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលធ្លាប់ជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំរបស់ទ្វីបមួយនេះ។
ដើម្បីជាទម្ងន់ដល់ការព្រមាននេះ លោកស្រី បានយោងលើលទ្ធផលសិក្សាស្រាវជ្រាវរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានបង្ហាញថា ប្រាក់យន់របស់ចិន អាចមានតម្លៃទាបជាងតម្លៃពិតជាក់ស្តែងក្នុងរង្វង់ពី១៥% ទៅ១៦% ដែលនេះ ជាគម្លាតខុសប្រក្រតីយ៉ាងខ្លាំង។ តាមទ្រឹស្តីសេដ្ឋកិច្ច ការរក្សាតម្លៃរូបិយប័ណ្ណឱ្យនៅទាបជាងតម្លៃពិត គឺជាយុទ្ធសាស្ត្រធ្វើឱ្យទំនិញនាំចេញរបស់ប្រទេសនោះមានតម្លៃថោកជាងមុនដោយស្វ័យប្រវត្តិ ដែលបង្កើតបានជាឧត្តមភាពប្រកួតប្រជែងដ៏មានប្រៀបនៅលើទីផ្សារអន្តរជាតិ។
ទោះជាយ៉ាងណា ទីក្រុងប៉េកាំង បានចេញមុខច្រានចោលភ្លាមៗចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ចិន មិនដែលបានប្រើប្រាស់វិធានការក្រឡុករូបិយប័ណ្ណ ឬការទម្លាក់ថ្លៃប្រាក់យន់ដោយចេតនា ដើម្បីទាញយកប្រៀបពាណិជ្ជកម្មក្នុងផ្លូវទុច្ចរិតនោះឡើយ។ ចិន បានអះអាងថា តម្លៃទំនិញរបស់ខ្លួនថោក គឺដោយសារប្រសិទ្ធភាពផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ពេញលេញតែប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់បណ្ដាប្រទេសលោកខាងលិច ជាពិសេសក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពមួយដ៏លំបាក ដោយអតិរេកពាណិជ្ជកម្មរបស់ចិន បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុត។ មេដឹកនាំក្រុម G7 មើលឃើញថា នេះជាឫសគល់ នៃអតុល្យភាពម៉ាក្រូសេដ្ឋកិច្ចសកល រួមទាំងការបង្កឱ្យមានឱនភាពពាណិជ្ជកម្មរ៉ាំរ៉ៃនៅសហរដ្ឋអាម៉េរិក និងការគាំងស្ទះលំហូរវិនិយោគនៅក្នុងតំបន់អឺរ៉ុប៕
ដោយ: តែម សុខុម