ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាយក្សដ៏ល្បីល្បាញរបស់ចិន Alibaba បានចាប់ផ្តើមបើកការតស៊ូក្តីតាមផ្លូវច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានដាក់ក្រុមហ៊ុននេះចូលទៅក្នុងបញ្ជីខ្មៅ ក្រោមការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយយោធាចិន។ នៅក្នុងពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុន Alibaba បានច្រានចោលយ៉ាងដាច់អហង្ការ ដោយអះអាងថា រាល់សក្ខីកម្ម និងការចោទប្រកាន់មកលើក្រុមហ៊ុនខ្លួន គឺជារឿងគ្មានមូលដ្ឋានច្បាប់ និងគ្មានការពិតទាល់តែសោះ។
មកទល់ពេលនេះ Alibaba គឺជាសមាជិកចុងក្រោយបង្អស់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ចិន ដែលកំពុងប្រឈមមុខនឹងវិធានការរឹតត្បិតរបស់មន្ទីរបញ្ចកោណអាម៉េរិក ដោយទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកក្រុមហ៊ុនឈានមុខរបស់ចិន រួមមាន Baidu និង BYD ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។
ក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក បានដាក់បញ្ចូលក្រុមហ៊ុន Alibaba ទៅក្នុងបញ្ជីទណ្ឌកម្មដោយលាបពណ៌ថា ជាក្រុមហ៊ុនស៊ីវិលបង្កប់ឥទ្ធិពលយោធា ដែលកំពុងចូលរួមចំណែកកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិ ឱ្យទីក្រុងប៉េកាំង ខណៈដែលមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ទាំងផ្នែកនយោបាយ ការទូត និងពាណិជ្ជកម្ម។
ជុំវិញការចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ ក្រុមហ៊ុន Alibaba បានចេញមុខតតាំងយ៉ាងរឹងមាំ ដោយបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទាំងអស់ គឺជាបុគ្គលឯករាជ្យ និងពុំមានការជាប់ពាក់ព័ន្ធណាមួយជាមួយបណ្តាញយោធារបស់ទីក្រុងប៉េកាំងឡើយ។ Alibaba បានសង្កត់ធ្ងន់ថា ប្រតិបត្តិការអាជីវកម្មស្នូលរបស់ខ្លួន គឺត្រូវបានបង្កើតឡើងសម្រាប់តែការលក់រាយ និងសេវាកម្មគណនាអនឡាញតែប៉ុណ្ណោះ ពោលគឺមិនមានការពាក់ព័ន្ធទៅនឹងសកម្មភាពយោធា ឬការធ្វើចារកម្មណាមួយនោះឡើយ៕
ដោយៈ សរ សុជាតិ