រដ្ឋាភិបាលនៃបណ្ដាប្រទេសលោកខាងលិច កំពុងបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារ ដើម្បីទទួលបានរ៉ែសំខាន់ៗ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញអន្តរជាតិ ព្រមានថា ការធ្វើបែបនេះប្រឈមហានិភ័យបង្កវិបត្តិផ្គត់ផ្គង់ច្រើនលើសលប់ក្នុងទីផ្សារនាពេលអនាគត។
ទិន្នន័យបានបង្ហាញថា សហរដ្ឋអាម៉េរិក បានប្តេជ្ញាបោះទុនវិនិយោគជាង២០ពាន់លានដុល្លារ ខណៈអូស្ត្រាលី បានបោះទុនយ៉ាងតិច១៣ពាន់លានដុល្លារ សម្រាប់ជួយគាំទ្រដល់ឧស្សាហកម្មរ៉ែ ការស្តុកទុក និងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ។ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ការបោះទុនវិនិយោគយ៉ាងសម្បើមដែលគ្មានការសម្របសម្រួលបានល្អ អាចនាំឱ្យការផលិតរ៉ែកម្រច្រើនលើសលប់ បើធៀបនឹងតម្រូវការជាក់ស្ដែង ហើយជាលទ្ធផលនឹងបណ្តាលឱ្យតម្លៃរ៉ែកម្រធ្លាក់ចុះខ្លាំងដូចករណី វិបត្តិប៊ឺនៅអឺរ៉ុប និងវិបត្តិរ៉ែដែក កាលពីប៉ុន្មានទសវត្សរ៍មុន។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការឧបត្ថម្ភសរុបបញ្ចូលគ្នាពីប្រទេសជាច្រើនជុំវិញពិភពលោកប្រហែលជាមានទំហំលើសទីផ្សារពិតប្រាកដនៃវិស័យរ៉ែខ្លះៗរួចទៅហើយ ដោយបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការជាក់ស្ដែង។ ដូចនេះ រដ្ឋាភិបាលនានា អាចនឹងជួយរក្សាស្ថិរភាពទីផ្សារតាមរយៈការស្តុកបម្រុងទុក និងការទិញដែលមានការគ្រប់គ្រងត្រឹមត្រូវ។
បច្ចុប្បន្ន ស្តុករ៉ែសំខាន់ៗនៅតែមានកម្រិតតិចតួច ហើយមិនទាន់ជះផលប៉ះពាល់ដល់ទីផ្សារនៅឡើយទេ ខណៈអូស្ត្រាលី បញ្ជាក់ថា គោលនយោបាយរបស់ខ្លួននឹងផ្តោតលើការវិនិយោគតាមគម្រោងជាក់លាក់ ជាជាងការជំរុញផលិតកម្មទ្រង់ទ្រាយធំ៕
ដោយ: តែម សុខុម